ព័ត៌មានជាតិ
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ ត្រូវធ្វើចត្តាឡីស័កដែរទេ?
ថ្លែងនៅក្នុង សន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ករណីនៃអ្នកត្រូវធ្វើចត្តាឡីស័កគឺមាន២។ ទី១ អ្នកចាក់វ៉ាក់សាំងពីក្រៅប្រទេសហើយចូលមកកម្ពុជា ទី២ អ្នកចាក់វ៉ាក់សាំងរួចនៅកម្ពុជាហើយចេញទៅក្រៅប្រទេស។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំពោះអ្នកដែលបានចាក់សាំងហើយនៅកម្ពុជា នៅពេលគាត់ចេញទៅក្រៅប្រទេស គឺអាស្រ័យលើវិធានការនៅបណ្ដាប្រទេសដែលពួកគាត់ត្រូវទៅ ថាតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កឬទេ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ប៉ុន្តែភាគច្រើនបើតាមការតាមដានផ្ទាល់របស់ខ្ញុំ គេនៅតែមានតម្រូវការឱ្យធ្វើចត្តាឡីស័ក”។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ពន្យល់បន្តចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពីក្រៅប្រទេសហើយចូលមកកម្ពុជាវិញ តើនៅតែតម្រូវឱ្យធ្វើចត្តាឡីស័កឬទេ ដោយលោកស្រីបានលើកឡើងថា៖ “ដូចយើងបានដឹងហើយ ហើយអ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ហើយថា វីរុសកូវដ១៩ មានការបំប្លែងខ្លួនវាទៅមុខរហូត។ មកដល់ពេលនេះ តាមព័ត៌មានដែលខ្ញុំទទួលបាន គឺវីរុសកូវីដ១៩ បានបំប្លែងជាង២០មុខជាងហើយ ដែលខ្លះក៏បំប្លែងសភាពដូចបច្ចុប្បន្ន ខ្លះក៏បំប្លែងជាវីរុសថ្មី។ តែបច្ចុប្បន្នអ្វីដែលគេព្រួយបារម្ភខ្លាំង គឺការបំប្លែងដែលមានភាពខ្លាំងជាង និងសាហាវជាង”។
រដ្ឋលេខាធិការក្រសួងសុខាភិបាលដដែលនេះ បានបញ្ជាក់ថា៖ “អ៊ីចឹង សួរថាតើអ្នកចាក់វ៉ាក់សាំងនេះ មានលទ្ធភាពចម្លងមេរោគទេ? មិនមែនចាក់វ៉ាក់សាំងហើយមិនឆ្លងទេ បើសិនយើងមិនអនុវត្តវិធានការ៣ការពារ ៣កុំ នោះការឆ្លងនៅតែមាន”។

លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា អ្វីដែលជាផលប្រយោជន៍នៃការចាក់វ៉ាក់សាំង គឺធ្វើឱ្យអ្នកចាក់មានកងការពារសម្រាប់ទប់ទល់ជាមួយការវាយលុកពីមេរោគកូវីដ១៩ចូលមកក្នុងសរីរាង្គ ធ្វើឱ្យសរីរាង្គមិនមានភាពធ្ងន់ធ្ងរ ដែលកាត់បន្ថយបានអតិបរមានូវភាពធ្ងន់ធ្ងរនៃការវាយលុករបស់វីរុសកូវីដ១៩នៅក្នុងសរីរាង្គ។ ប៉ុន្តែបើវីរុសចូលទៅ វានឹងឆ្លងចូលខ្លួនមនុស្ស និងចម្លងទៅអ្នកដទៃ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹងហើយបានក្រសួងសុខាភិបាលចាត់បន្តឹងវិធានការត្រួតពិនិត្យ ស្របពេលក្នុងបរិបទមានការបំប្លែងរបស់វិរុសកូវីដ១៩ រឹតតែមានភាពចាំបាច់ថែមទៀតក្នុងការត្រួតពិនិត្យឱ្យបានហ្មត់ចត់។ ដំណាក់កាលនេះជាដំណាក់កាលសំខាន់ណាស់ សម្រាប់ការត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវការធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន១៤ថ្ងៃ”។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់បន្តថា៖ “អ្នកខ្លះថា ខ្ញុំចាក់វ៉ាក់សាំងហើយ ខ្ញុំដើរទៅណាក៏បានដែរ ត្រឹមត្រូវហើយដើរទៅណាក៏បាន តែកុំភ្លេច៣ការពារ ៣កុំ។ អ្នកខ្លះថា ខ្ញុំចាក់វ៉ាក់សាំងហើយ ខ្ញុំសុំធ្វើចត្តាឡីស័កតែ ២ ៣ ថ្ងៃបានហើយ គឺអត់បានទេ”។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៅតែមិនទាន់ដឹងថា វីរុសកូវីដ១៩ មានប្រព្រឹត្តកម្ម មានអត្តចរិត ឬអាចបំប្លែងបែបណាទៀតនោះទេ។

គួរបញ្ជាក់ថា វិធានការ ៣ការពារ រួមមាន៖ ១. ពាក់ម៉ាស់ ២. លាងដៃ និង៣. គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
ចំណែកវិធានការ ៣កុំ រួមមាន ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២. កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ លោកជំទាវ ឱ វណ្ណឌីន៖ មកដល់ពេលនេះអ្នកទទួលវ៉ាក់សាំងកូវីដ១៩ មានសុខភាពធម្មតាទាំងអស់
អនុក្រឹត្យថ្មី ពិន័យអ្នកគេចវេះចត្តាឡីស័កមួយគុណជាប្រាំ មេខ្យល់ឡើងដល់ ៥០លានរៀល

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង