ព័ត៌មានជាតិ
ក្រុមមេដឹកនាំសហជីព ៖ ក្រសួងការងារមានដំណោះស្រាយលឿននិងការពារផលប្រយោជន៍ជូនកម្មករនិយោជិតនៃក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន
ក្រុមមេដឹកនាំសហជីព សម្តែងការគាំទ្រចំពោះដំណោះស្រាយ និងកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដ ចំពោះករណី ក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ដែលថៅកែរត់ចោល។ ក្រុមមេដឹកនាំសហជីព ក៏បានអំពាវនាវផងដែរកុំឱ្យកម្មករជឿលើការញុះញុងពីក្រុមមនុស្សមួយក្តាប់តូច រហូតធ្វើសកម្មភាពខុសច្បាប់។

ការលើកឡើងបែបនេះបន្ទាប់ពីនៅយប់ថ្ងៃទី១២ មីនា ឆ្នាំ២០២៤កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រត់ចោលកម្មករ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលដែលមានក្រសួងការងារបានធ្វើកិច្ចអន្តរាគមន៍យ៉ាងលឿន។ អ្វីដែលជាការកត់សម្គាល់ពាក់ពិននិងវិវាទការងារនេះគឺរាជរដ្ឋាភិបាល ដែលមានក្រសួងការងារបានធ្វើការយ៉ាងសកម្ម ជិតស្និទ្ធលើរឿងនេះ ដើម្បីរកដំណោះស្រាយជូនបងប្អូនកម្មករ កម្មការិនីរបស់យើងនៅក្នុងរោងចក្រនោះ។ ជាក់ស្តែងក្រសួងមានសេចក្តីជូនដំណឹងភ្លាមៗបន្ទាប់ពីកើតហេតុ និងរហូតត្រឹមយប់ម្សិលមិញនេះមានសេចក្តីជូនដំណឹងមួយទៀតដែលមានការដាក់ចេញនូវដំណោះស្រាយយ៉ាងទាន់ពេលវេលាផងដែរ»។

មេដឹកនាំសហជីពរូបនេះក៏បានបញ្ជាក់ថា ដំណោះស្រាយរបស់ក្រសួងការងារដែលមានទាំងការអនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ក៏ដូចជាការបញ្ជូនក្រុមមន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារទៅណែនាំអំពីការដាក់ពាក្យធ្វើការកន្លែងថ្មី រួមទាំងការចរចារជាមួយម្ចាស់ផ្ទះជួលធ្វើការផ្អាកការបង់ថ្លៃផ្ទះជួលបណ្តោះអាសន្នសិន ទាំងនេះបញ្ជាក់អំពីការយកចិត្តទុកដាក់សុខទុក្ខកម្មករនិយោជិតទាន់ពេលវេលាបំផុត។

ចំណែក លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានបញ្ជាក់ថា «ខ្ញុំគាំទ្រដំណោះស្រាយរបស់ក្រសួងការងារចំពោះករណីវិវាទការងាររវាងក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ហើយខ្ញុំជឿជាក់ថា ដំណោះស្រាយរបស់ក្រសួងពិតជាអាចការពារផលប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនីរបស់យើងនៅទីនោះស្របទៅតាមច្បាប់ដែលបានចែង។ សូមបងប្អូនជឿជាក់មកលើក្រសួងការងារដែលជាបុគ្គលសំខាន់បំផុតក្នុងការរកដំណោះស្រាយជូនបងប្អូន»។
មេដឹកនាំសហជីបរូបនេះបានសង្កត់ធ្ងន់ថា កម្មករ កម្មការិនីនៅក្នុងក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ទាំងអស់សូមមានការអត់ធ្មត់កុំជឿលើការញុះញុងពីសំណាក់ក្រុមមនុស្សមួយក្តាប់តូចដែលចូលខ្លួនមកកកូរកកាយក្នុងករណីនេះ ដែលអាចឈានដល់កម្មករនិយោជិតប្រព្រឹត្តទង្វើខុសច្បាប់ និងប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ការធ្វើបែបនេះពុំមែនជាដំណោះស្រាយល្អនោះទេ បើទោះបីកម្មករនិយោជិតអាចធ្វើបានតាមសិទ្ធិរបស់បងប្អូនដែលមានក៏ដោយ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ថា ថៅកែបានរត់ចោលរោងចក្រ និងប្រចាំការដោះស្រាយជូនកម្មករនៅរោងចក្រនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបានដាក់ចេញវិធានការចំនួន៦ ដើម្បីរក្សាការពារប្រយោជន៍ជូនកម្មករនិយោជិត។ ចំពោះសេនារីយូនេះ ក្រសួងបានអះអាងកម្មករភាគច្រើនលើសលប់ បានពេញចិត្ត និងឯកភាពយល់ព្រមចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងដោយកម្មករនិយោជិតប្រមាណជាង ៤ ៥០០នាក់ លើចំនួនសរុប ៤ ៨៤៩នាក់ នៃក្រុមហ៊ុន បានយល់ និងឯកភាពរង់ចាំដំណោះស្រាយទៅតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y& W GARMENT CO., LTD.) ឱ្យរក្សាភាពនឹងនរ និងចុះឈ្មោះស្វែងរកការងារថ្មី ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយបន្តប្រើប្រាស់ប័ណ្ណ ប.ស.ស. របស់ខ្លួនជាធម្មតា។ ចំណែករាជរដ្ឋាភិបាលកម្ពុជាមិនលើកលែងដល់និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ បើទោះបីជាបានរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ។ លើសពីនេះ ក្រសួងក៏សូមរំឭកដល់បុគ្គលនានា សូមបញ្ឈប់ជាបន្ទាន់ចំពោះការស្រាយបំភ្លឺច្បាប់ខុស គ្មានវិជ្ជាជីវៈ ក្នុងចេតនាញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសពីនីតិវិធីច្បាប់៕






-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល