ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ៥រូបនេះ កំពុងកាន់តួនាទីជាប្រធាន និងអនុប្រធាន ស.ស.យ.ក
លោក កើត រិទ្ធ ត្រូវបានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បោះឆ្នោតជ្រើសតាំងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណៈមុនបន្ថែមលោក កើត រិទ្ធ ស.ស.យ.ក មានអនុប្រធានចំនួន៧រូបរួចមកហើយ។ លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រីទី៥ ដែលទទួលតួនាទីដឹកនាំនៅក្នុងអង្គការមហាជនមួយនេះ។

សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា «ស.ស.យ.ក» គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនាឡើយ។ ដោយឈរលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ ដើម្បី បូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត សំដៅចូលរួមកាន់តែសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា។
នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣រូប បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ និងបោះឆ្នោតជ្រើសរើសអនុប្រធាន ១រូប គឺលោក កើត រិទ្ធ។ ការជ្រើសរើសលោក កើត រិទ្ធ ជាអនុប្រធានបន្ថែមនេះ បានឱ្យអនុប្រធាន ស.ស.យ.ក សរុបកើនដល់ ៨រូប ខណៈប្រធាន ត្រូវបានដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស។

ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំទាំងនេះ មានប្រធាន និងអនុប្រធាន ស.ស.យ.ក ចំនួន ៥រូប កំពុងមានឋានៈជាឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ រួមមាន៖ ១/ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២/លោក សាយ សំអាល់ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣/លោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៤/លោក ទៀ សីហា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង៥/លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ដោយឡែក អនុប្រធាន ស.ស.យ.ក ចំនួន ៤រូបផ្សេងទៀត ក៏កំពុងកាន់មុខតំណែងសំខាន់ៗនៅរដ្ឋសភា រាជរដ្ឋាភិបាល និងនគរបាលជាតិ គឺឯកឧត្តម ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក គីម រិទ្ធិ អភិបាលខេត្តព្រះវិហារ និងលោក សុះ មុះសិន សមាជិករដ្ឋសភា។ ជាមួយគ្នានេះ ក៏មានឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ក៏ជាសមាជិក-សមាជិកាគណៈកម្មាធិការកណ្ដាល និងគណៈអចិន្ត្រៃយ៍ ស.ស.យ.ក រួមទាំងមានរចនាសម្ព័ន្ធនៅតាមរាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ និងនៅតាមបណ្ដាក្រសួង ស្ថាប័ន រួមទាំងអង្គភាពសាធារណៈនៅទូទាំងប្រទេសកម្ពុជា ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ