ព័ត៌មានជាតិ
លោក Masahiro Komura៖ ជប៉ុនបន្តផ្តល់ជំនួយលើការងារជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក
ជប៉ុន នឹងបន្តផ្តល់ជំនួយលើការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងសម្ភារៈក្នុងការងារជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។ នេះបើតាមការឱ្យដឹងរបស់ លោក Masahiro Komura អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាតំណាងរាស្ត្រជប៉ុន ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣០ របស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាតំណាងរាស្ត្រជប៉ុន លោក Masahiro Komura បានលើកឡើងថា «ការអភិរក្សអង្គរ គឺជាសេចក្តីប្រាថ្នារបស់យើង ដែលត្រូវចែករំលែកធ្វើការរួមគ្នា»។ ដូច្នេះការពង្រឹងធនធានមនុស្ស សម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍ ជាការចែករំលែករួមគ្នា ដើម្បីជួយដល់បេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ។ នៅក្នុងដំណើរការនេះ ប្រទេសជប៉ុន មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូដែលមានតាំងពីយូរមកហើយ រួមមានអង្គការយូណេស្កូ(UNESCO) អាជ្ញាធរជាតិអប្សរា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ជាដើម។
ចំណែក លោក Piere PELLET សហប្រធានបារាំង បានលើកឡើងថា ការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។ លោកបញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក រយៈពេល ១០ឆ្នាំទៅមុខទៀត ផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា បង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកល ដោយយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន ទេសភាពវប្បធម៌ ការថែរក្សាធនធានធម្មជាតិ(ទឹកនិងព្រៃឈើ)។

ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លើកកម្ពស់ការថែរក្សាប្រាង្គប្រាសាទ និងសកម្មភាពទេសចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវ។ បង្កើនសមត្ថភាពអ្នកជំនាញខ្មែរ ដើម្បីឆ្លើយតប និងតម្រូវការពហុជំនាញនៃការគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការងារនៅតាមកន្លែង ការបំពេញភារកិច្ចជាក្រុម និងការគ្រប់គ្រងស្ថាប័នដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិង វិធីសាស្ត្រថ្មីៗ។ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលជាយន្តការ គំរូដោយផ្តោតការយកចិត្តទុកដាក់ទៅលើ ការផ្ទេរនូវចំណេះដឹងជំនាញ និងបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិមកអ្នកជំនាញខ្មែរជាដើម។
សូមជម្រាបថា តាមរយៈកិច្ចប្រជុំពេញអង្គ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការUNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដឹកនាំដោយសហប្រធានឯកអគ្គរដ្ឋទូតបារាំង និងជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាទៅលើសេចក្តីប្រកាសរួមរបស់អន្តររដ្ឋាភិបាល ស្ដីពីរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ជាច្រើនសម្រាប់ការងារអភរិក្ស និងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងវប្បធម៌ បង្កើនប្រាក់ចំណូលផ្នែកកសិកម្ម សិប្បកម្ម តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ក្នុងរយៈពេល ១០ឆ្នាំ តទៅមុខទៀត៕



អត្ថបទ៖ គឿន វេត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់