ព័ត៌មានជាតិ
ប្រធានគណបក្សភឿថៃ គាំទ្រឲ្យមានការបង្កលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងថៃ-កម្ពុជា
លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ និងជាកូនស្រីពៅរបស់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញការគាំទ្រចំពោះការលើកឡើងដែលថា ថៃ-កម្ពុជា គួរបង្កឲ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/05-5-1024x682.jpg)
ការបង្ហាញការគាំទ្រនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ជាម យៀប ប្រធានរដ្ឋសភាស្ដីទីរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ កាលពីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/02-6-1024x682.jpg)
ក្នុងជំនួបនេះលោក ជាម យៀប បានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រធានគណបក្សភឿថៃ និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភា នាពេលនេះ។
លោក ជាម យៀប មានប្រសាសន៍ថា ជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សយើងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃឲ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផលប្រយោជន៍សម្រាប់ប្រជាជន នៃទាំងពីរប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/03-9-1024x682.jpg)
លោកប្រធានស្ដីទីរដ្ឋសភាកម្ពុជា បានលើកឡើងពីទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់លោកWanmuhamadnoor Matha ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ខាងមុខនេះ។
ជាមួយគ្នានេះ រដ្ឋសភាប្រទេសទាំងពីរ ក៏មានការយកចិត្តទុកដាក់ក្នុងការជំរុញយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌជាតិ និងអន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេសបានរួមគ្នាអភិវឌ្ឍ និងគាំទ្រការជំរុញសភាឌីជីថល ដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើត «បណ្ណាល័យច្បាប់ឌីជីថល AIPA» ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/01-6-1024x682.jpg)
លោក ជាម យៀប បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយនេះជាសក្ខីភាពបង្ហាញពីការរីកលូតលាស់ នៃភាពសម្បូរបែបនៅក្នុងទំនាក់ទំនងទ្វេភាគី និងបន្តការរីកចម្រើនរួមក្នុងយុគសម័យថ្មី។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/04-5-1024x682.jpg)
លោកប្រធានរដ្ឋសភាស្ដីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឲ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរ គួរបង្កឲ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ធ្វើយ៉ាងណាឲ្យសន្ទុះ នៃវិស័យទេសចរណ៍កើនឡើងទ្វេដង ដើម្បីជាផលប្រយោជន៍រួម។
ទាក់ទងនឹងទំនាក់ទំនងអន្តរគណបក្ស លោក ជាម យៀប បានអរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិរល្អរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ នៅគ្រប់វេទិកា ជាពិសេសក្នុងក្របខ័ណ្ឌ ICAPP និងថា ក្នុងឆ្នាំ ២០២៤នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) លើកទី ១១ ហើយគណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបា តនៃសន្និសីទអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី ១២ ហើយយើងសង្ឃឹមថា រដ្ឋសភាថៃ និងគណបក្សភឿថៃ គាំទ្រនិងចូលរួមព្រមទាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួម ក្នុងកិច្ចប្រជុំទាំងពីរនេះ។
ជាការឆ្លើយតបលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ បានមានប្រសាសន៍ជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចំរុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាព ដែលបានបាត់បង់មួយរយៈកាលមុន ឲ្យមានភាពល្អប្រសើរឡើងវិញ។ លោកស្រីថា នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឲ្យសេដ្ឋកិច្ច មានការឬីកចម្រើន។
លោកស្រី មានជំនឿថា សន្តិភាព នឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏មានការរីកចម្រើនផងដែរ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឲ្យទំនាក់ទំនងដ៏ល្អនេះ មានជាបន្តយូរអង្វែងទៅមុខទៀត។
លោកស្រី ក៏បានថ្លែងគាំទ្រប្រសាសន៍របស់លោក ជាម យៀប ដែលលើកឡើងអំពីការបង្កលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត