ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាល ឯកភាពគម្រោងស្ថាបនាស្ពានបេតុងប្រវែង ៣៥០ ម៉ែត្រ ឆ្លងទៅកោះចំរើន
អាជ្ញាធរស្រុកលើកដែក បង្ហាញថា ក្តីរំពឹងរង់ចាំរបស់ប្រជាពលរដ្ឋអ្នកភូមិកោះចំរើន បានមកដល់ហើយ តាមរយៈគម្រោងអភិវឌ្ឍន៍ស្ពានបេតុងប្រវែង ៣៥០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ខណៈ រដ្ឋបាលខេត្តកណ្ដាល បានឯកភាពគាំទ្រគម្រោងមួយនេះ។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងនៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះថា រដ្ឋបាលខេត្តកណ្តាល បានឯកភាពគាំទ្រគម្រោងស្ថាបនាស្ពានបេតុងប្រវែង ៣៥០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ឆ្លងកាត់ឆ្ពោះទៅភូមិកោះចំរើន ស្ថិតនៅឃុំកំពង់ភ្នំ រួចអស់ហើយ នៅឡើយការត្រៀមរៀបចំពិធីបើកការដ្ឋានជាផ្លូវការនាពេលឆាប់ៗ ខាងមុខ។
បើតាមលោកអភិបាលស្រុកលើកដែក បន្តថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់មួយនេះ នឹងបង្កលក្ខណៈកាន់តែងាយស្រួលធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់ពេលវេលាសាងសង់ ២៤ ខែ។

លោក ផានិត និងលោក ប៊ុត សុវតិ្ថ ជាអ្នកភូមិកោះចំរើន ក៏បានបង្ហាញការពេញចិត្តពេញថ្លើមចំពោះគម្រោងធ្វើស្ពាននេះ ដោយពួកគាត់ជឿជាក់ថា រាល់ការធ្វើដំណើរទៅមក គឺមិនពិបាកដូចពេលមុនៗ ព្រោះខែវស្សាត្រូវជិះទូកដ ឯខែប្រាំងចំណាយថវិកា គ្រាបើកបរកង់ ម៉ូតូ និងរថយន្តឆ្លងកាត់ដីឯកជន។
តំណាងប្រជាពលរដ្ឋភូមិកោះចំរើន សូមថ្លែងអំណរអរគុណយ៉ាងខ្លាំងជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែលគិតគូរអំពីទុក្ខលំបាក ក៏ដូចជាសេចក្តីត្រូវការចង់បានប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងឃុំកំពង់ភ្នំ។

គួរជម្រាបថា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ មានឧបទ្ទវហេតុលិចទូកនៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឱ្យសិស្សសាលាប្រុស-ស្រីចំនួន ១១ នាក់ បាត់បង់ជីវិត ក្នុងចំណោមជនរងគ្រោះក្នុងហេតុការណ៍លិចទូកសរុបចំនួន ១៥ នាក់ ដោយមានតែ ៤ នាក់ប៉ុណ្ណោះ រួចផុតពីអាយុជីវិត។ ក្រោយមក លោកអភិបាលខេត្តកណ្តាល ទទួលបានការឯកភាពពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឱ្យសាងសង់ស្ពាននៅក្នុងភូមិកោះចំរើន ស្រុកលើកដែក ដើម្បីសម្រួលឱ្យពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ ដើម្បីបញ្ចៀសកុំឱ្យកើតមានឧបទ្ទវហេតុលិចទូកបណ្តាលឱ្យស្លាប់មនុស្សតទៅទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច