ព័ត៌មានជាតិ
បុណ្យចូលឆ្នាំថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំចំនួន១១ចំណុច
ដើម្បីញ៉ាំងឱ្យពិធីបុណ្យ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំចំនួន១១ចំណុច។
តាមសេចក្តីណែនាំ ស្តីពី ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតី សាមគ្គីភាពជិតស្និទ្ធ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្រៃលែង។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពិធីបុណ្យដែលប្រារព្ធធ្វើឡើងដើម្បីសម្តែងនូវអំណរសាទរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវការគោរពដឹងគុណ ថ្វាយ ប្រគេនព្រះពរ សម្តេច ព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលជូនព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងជូនពរថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងបុព្វការីជនទាំងឡាយ សំដៅបង្កើនឡើងនូវមនោសញ្ចេតនា គោរពស្រលាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖ – ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧នាទីយប់ (ម៉ោង ១០:១៧នាទីយប់) ជាថ្ងៃចូលឆ្នាំថ្មីថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត
– ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត
– ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៤ថ្ងៃចប់ដោយបរិបូណ៌ និងចូលឆ្នាំរោង ឆស័ក តរៀងទៅ។
យោងផែនការណែនាំលេខ ០២/២០២៤ គជបអ ចុះថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីបុណ្យ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥
មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖ – រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា “ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដោយការតុបតែងលម្អ កំណាត់បូ បំភ្លឺ ភ្លើងពណ៌ ដុតគោមបំភ្លឺ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និង ទង់រំយោល នៅតាមស្ថាប័នសាមីនីមួយៗ និងគេហដ្ឋាន។
– សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុ រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និ និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌ បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំង អាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។ សម្រាប់ទីតាំងអាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយ រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាព ឱ្យកាន់តែស្រស់ស្អាត និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
២- រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវ៖
ណែនាំដល់ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់គេហដ្ឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ នឹងរៀបចំពលការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និង បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន ការប្រើប្រាស់ ហ្គាស់ និងចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬ ទឹកកខ្វក់ គប់ស្បោងទឹក លាបច្បង ឬ ប៉ាតម្សៅ និងការវាយដោយ រំពាត់ ឬ ឧបករណ៍រឹងផ្សេងៗដល់អ្នកដំណើរគ្រប់ប្រភេទហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់ធាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទដែលបង្កឱ្យ មានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ បំផុសឱ្យមានការតុបតែងលម្អភ្លើងពណ៌ តាមដើមឈើឱ្យបានព្រោងព្រាត នៅមុខទីស្នាក់ការ របស់មន្ទីរ អង្គភាពរដ្ឋ ឯកជន និងគ្រប់គេហដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងគណៈកម្មការអាចារ្យវត្ត ដើម្បី បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញកុសលតាមសទ្ធាជ្រះថ្លា និង រៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី និងសាសនារបស់ជាតិ ព្រមទាំងត្រៀមចាត់កម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ឱ្យបានឆាប់រហ័សចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម និងរៀបចំចំណតយានយន្តនៅតាមវត្តអារាម ឱ្យបានសមរម្យសហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង ០៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាតគ្រប់គ្រង តាមដានព័ត៌មាន និងក្តាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗ ដែលនឹងអាចកើតមានឡើងនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ទាន់ពេលវេលា។
៣-រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវ៖
-ចាត់តាំងឱ្យមានក្រុមវេនយាមប្រចាំការ ២៤ម៉ោង នៅតាមអង្គភាពរៀងៗខ្លួន ដើម្បីត្រៀម ដោះស្រាយរាល់ការងារដែលចាំបាច់។ ចំពោះបញ្ជីឈ្មោះក្រុមវេនយាមប្រចាំការ ត្រូវផ្ញើមក រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដើម្បី ងាយស្រួលធ្វើការទំនាក់ទំនង ក្នុងករណីមានហានិភ័យណាមួយកើតឡើងជាយថាហេតុ រៀបចំកម្មវិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រតាមសហគមន៍ មណ្ឌលកុមារកំព្រា មណ្ឌល ចាស់ជរា ឬ នៅតាមមន្ទីរពេទ្យនានា។
៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
ណែនាំដល់គ្រប់វត្តអារាម ឱ្យធ្វើការសម្អាត និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប ទង់រំយោល និងចងបដាពាក្យស្លោក ឱ្យបានសមរម្យ ណែនាំដល់គ្រប់វត្តអារាម ឱ្យរៀបចំពិធីបុណ្យសាសនាស្របតាមប្រពៃណីសាសនា និងប្រពៃណីជាតិ ដូចជា ពិធីពូនភ្នំខ្សាច់ សម្អាតអនាម័យ-បរិស្ថានក្នុងវត្ត សម្អាតព្រះពុទ្ធរូប ព្រះបដិមា ពិធីរាប់បាត្រ និងពិធីស្រោចទឹកសីលវន្ត សីលវតី មាតាបិតា និងចាស់ព្រឹទ្ធាចារ្យ សហការជាមួយរដ្ឋបាលខណ្ឌដង្កោ និងក្រុមហ៊ុន ជេ ស៊ី រ៉ូយ៉ាល់ ខមភេនី អិលធីឌី ដើម្បីអំពាវនាវ ដល់ពុទ្ធបរិស័ទរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត”នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក និងកន្លែងតម្កល់អដ្ឋិធាតុនៅតាមបូជនីយដ្ឋាន ស្ថូបផ្សេងៗ ឱ្យបានមុនថ្ងៃចូលឆ្នាំថ្មី មកដល់។
៥- មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវ៖
រៀបចំកម្មវិធីប្រគំតន្ត្រី កម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ បំផុសចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំង និងការរាំកម្សាន្តនៅតាមមណ្ឌលកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ឬ ទីតាំងសមរម្យណាមួយ – ត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ពិធីទទួលទេវតាឆ្នាំថ្មី និងសង្ក្រាន្តនៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
៦- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវ៖
ចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រាជធានីភ្នំពេញ ចុះធ្វើសកម្មភាពយកព័ត៌មាន យកពត៌មាន ថតរូប ថតទូរទស្សន៍នូវរាល់សកម្មភាព ទិដ្ឋភាព ជាក់ស្តែងនាថ្ងៃបុណ្យទាំងពិធីខាងសាសនា និងទាំងពិធីខាងប្រពៃណីជាតិ ដូចជា សកម្មភាព លេងល្បែងប្រជាប្រិយគ្រប់ប្រភេទតាមតំបន់នីមួយៗ ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទស្សនា និងយល់ជ្រួតជ្រាបពីពិធីបុណ្យប្រពៃណីជាតិ។
៧-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវ៖
រៀបចំតុបតែងលម្អប់ភ្លឺភ្លើងតាមបណ្តា សួនច្បារ និងតាមដងផ្លូវឱ្យបានព្រោងព្រាត ដំឡើងរប៉ាកាត់ទទឹងផ្លូវនៅមហាវិថីសំខាន់ៗ ដើម្បី ចូលរួមអបអរសាទរពិធីបុណ្យ លាងសម្អាតផ្លូវ លាបលន ឬ គំនូសនៅតាមបណ្តាមហាវិថី និង វិថីសំខាន់ៗ ដើម្បីធានារក្សាបរិស្ថាន និងសោភ័ណភាពស្រស់ស្អាត ព្រមទាំងរៀបចំដាក់ធុងសំរាម និងបង្គន់អនាម័យចល័ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំងសាធារណៈនានាឱ្យបានគ្រប់គ្រាន់ និងសមស្របតាមទំហំទីតាំង។
៨- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ៖
– យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអនាម័យម្ហូបអាហារ ឱ្យបានល្អប្រសើរ
– សម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាមតាមលក្ខណៈបច្ចេកទេស និងត្រូវបញ្ចេញតាមពេលវេលាកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនប្រមូល សម្អាតនិងដឹកជញ្ជូនសំរាម ក្នុងការមកយកសំរាម ហើយធានាបាននូវអនាម័យ និងបរិស្ថានស្អាត។៩- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀម ក្រុមគ្រូពេទ្យ ឱសថ សម្ភារៈបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់ រមណីយដ្ឋាន និងទីប្រជុំជនកម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។
១០-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវ៖
រៀបចំ និងអនុវត្តផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេលពិធីបុណ្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ នៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍នៅ តំបន់គោលដៅដែលមានការកកស្ទះខ្លាំង និងទប់ស្កាត់បង្ការបទល្មើសគ្រប់ប្រភេទ។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និង ត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់នៅពេលមាន បញ្ហាគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ។
១១- រដ្ឋបាលរាជធានីភ្នំពេញ ត្រូវ៖ – រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋ” និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ • ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការតុបតែងលម្អ កំណាត់បូនិងបំភ្លឺភ្លើងពណ៌ រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរៀបចំកម្មវិធីជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខអ្នកមានជំងឺ អ្នកមានរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ជនពិការ កុមារកំព្រានៅតាមមណ្ឌល ប្រជាពលរដ្ឋក្រីក្រខ្វះខាតខ្លាំង និងចាស់ជរាឥតទីពឹង ដើម្បីជាកុសល ការលើកទឹកចិត្ត និង បង្កើនស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក ក៏ដូចជា បង្កើនភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
– រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាតប្រគេនព្រះសង្ឃ ដើម្បីទទួលអំណរសាទរឆ្នាំថ្មី នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ