ព័ត៌មានជាតិ
ដីក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកសង្កែ ត្រៀមបម្រុងអភិវឌ្ឍន៍ជាអាកាសយានដ្ឋានបាត់ដំបងថ្នាក់ ៤C
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួងមានប្រសាសន៍ថា ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពលើការដឹកជញ្ជូនផ្លូវអាកាស អាកាសយានដ្ឋានបាត់ដំបងនឹងអភិវឌ្ឍន៍ទៅជាអាកាសយានដ្ឋានលំដាប់ថ្នាក់ ៤C នាពេលឆាប់ៗខាងមុខ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួង អាជ្ញាធរខេត្តបាត់ដំបង ព្រមទាំងក្រុមការងារបច្ចេកទេសបានជួបប្រជុំគ្នាដើម្បីពិនិត្យវាយតម្លៃ និងសិក្សាអំពីលទ្ធភាពស្ដារនិងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងឲ្យក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់ ៤C។ កិច្ចប្រជុំក៏បានលើកឡើងពីដំណោះស្រាយនានាដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផល ក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង និងលើដីដែលត្រូវពង្រីក។
លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនិងស្រុកសង្កែ ដែលត្រៀមបម្រុងសម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានបាត់ដំបងឲ្យក្លាយជាលំដាប់ថ្នាក់ ៤C នឹងត្រូវចុះរៀបចំដាំបង្គោលកំណត់ព្រំលើបរិវេណដីអាកាសយានដ្ឋានដែលមានស្រាប់ និងបរិវេណដីដែលជាតម្រូវការក្នុងការពង្រីកបន្ថែម។

លោក ម៉ៅ ហាវណ្ណាល់ ក៏បានបានសំណូមពរដល់រដ្ឋបាលខេត្តបាត់ដំបង ឲ្យជួយសហការជាមួយក្រុមការងារអន្តរក្រសួង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើយ៉ាងណាពន្លឿនការសិក្សាវាយតម្លៃពីការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសំដៅធ្វើយ៉ាងណាឲ្យដំណើរការបោះបង្គោលកំណត់ព្រំខណ្ឌការពង្រីកអាកាសយានដ្ឋាន និងការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ប្រព្រឹត្តទៅដោយរលូន។
ស្របពេលជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានសម្តែងការត្រេកអរចំពោះការអភិវឌ្ឍ និងលើកកម្រិតថ្នាក់អាកាសយានដ្ឋានបាត់ដំបង។ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោកបានត្រៀមខ្លួនសម្រាប់កិច្ចសហការជាមួយក្រុមការងារអន្តរក្រសួង និងក្រុមការងារបច្ចេកទេស ដើម្បីធ្វើឲ្យដំណើរការសិក្សាពីការអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង បានប្រព្រឹត្តទៅបានយ៉ាងរលូននិងជោគជ័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពីការធ្វើ ចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដី ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនិងស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបងលំដាប់៤C ដោយមានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអាជ្ញាធរកាន់កាប់។
អាកាសយានដ្ឋានខេត្តបាត់ដំបង ឬដែលនិយមហៅរត់មាត់ថា ព្រលានយន្តហោះបែកចានបានចាប់ផ្តើមប្រតិបត្តិការនៅ ឆ្នាំ ១៩៦៨ និងបច្ចុប្បន្នប្រើប្រាស់ជាមូលដ្ឋានទ័ពអាកាស។
ព្រលាននេះមិនសូវមានសកម្មភាពទេ ដោយមានត្រឹមតែការហោះហើរចុះចតដោយយន្តហោះឯកជនខ្នាតតូចម្តងម្កាលតែប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?