ព័ត៌មានជាតិ
ការស្ទង់មតិ ៖ កម្មករ-និយោជិត ជាច្រើន ចង់បើកប្រាក់ឈ្នួលជាប្រាក់រៀល ជំនួសប្រាក់ដុល្លារ
យោងតាមការស្ទង់មតិរបស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) ដែលបានសិក្សាស្រាវជ្រាវលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ប្រាក់ឈ្នួលនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានឱ្យដឹងថា កម្មករ-និយោជិត ជាច្រើន បានគាំទ្រការប្រើប្រាស់ប្រាក់រៀល និងចង់ឱ្យថៅកែរោងចក្រសហគ្រាសនានា បើកប្រាក់ឈ្នួលជាប្រាក់រៀល ជំនួសប្រាក់ដុល្លារ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

ក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ៖ ដំណើរឆ្ពោះទៅមុខ នៃប្រាក់រៀល និងប្រព័ន្ធបាគង នៅព្រឹកថ្ងៃទី ២០ មីនា លោកបណ្ឌិត ខូយរ៉ាដា សេដ្ឋកិច្ចវិទូជាតិ នៃគោលនយោបាយ និងនវានុវត្តន៍អង្គការ UNDP បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះ ចាប់ផ្ដើមពីខែមីនា ដល់ ឧសភា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ បន្ទាយមានជ័យ កណ្ដាល ខេត្តព្រះសីហនុ ដែលជាខេត្តសំបូរចក្រកាត់ដេរច្រើន ដោយសម្ភាសន៍ដល់កម្មករ និងនិយោជក ប្រហែល ១ ពាន់នាក់ ក្នុងនោះវិស័យកាត់ដេរ ៥៦០ នាក់ វិស័យផលិតស្បែកជើង និងផ្សេងៗ ២៥០ នាក់ និងនិយោជករោងចក្រ ១១៤ រោងចក្រ។
លោកបណ្ឌិត បានបន្តថា តាមរយៈការស្រាវជ្រាវនេះបានបង្ហាញឱ្យឃើញថាកម្មករ-និយោជិត ទទួលបានប្រាក់ខែជាប្រាក់ដុល្លារប្រមាណ ៩០%។ ប៉ុន្តែការចំណាយ ៨៨% ជាប្រាក់រៀល ទៅលើការហូបចុក និងផ្សេងៗ។ ចំណែកការចំណាយប្រាក់ដុល្លារ ទៅលើថ្លៃឈ្នួលផ្ទះ សេវាធ្វើដំណើរ និងសេវាអ៊ីនធឺណិតផ្សេងៗ…។ ចំណែកឯការចំណាយរោងចក្រទៅលើប្រាក់ដុល្លារ គឺស្ទើរតែទាំងអស់ លើកលែងតែចំណាយទៅលើ ប.ស.ស ចំណាយប្រាក់រៀល។

លោកបណ្ឌិត បានបន្តទៀតថា មានកម្មករ ៤១.៥% បានយល់ស្របបើកប្រាក់ខែ ជាប្រាក់រៀល និងប្រមាណ ៥៧% មិនយល់ស្របទេ។ មូលហេតុមិនទទួលយកប្រាក់ខែជាប្រាក់រៀលមកពីពួកគេខ្លាចហានិភ័យ នៃអត្រាប្ដូរប្រាក់ បារម្ភពីការខាតបង់ពេលប្ដូរប្រាក់ពីដុល្លារទៅប្រាក់រៀល ពោលគឺពួកគាត់នៅមិនទាន់មានទំនុកចិត្តលើប្រាក់រៀល និងម្យ៉ាងមានតម្រូវការប្រាក់ដុល្លារច្រើនក្នុងការទូទាត់ ឬចាយវាយប្រចាំថ្ងៃ។ ចំណែកមូលហេតុដែលពួកគាត់យល់ស្របបើកប្រាក់ខែជាប្រាក់រៀលជំនួសប្រាក់ដុល្លារ ដោយសារការចាយវាយប្រាក់រៀលមានភាពងាយស្រួល ពិសេសគ្រួសារមានការចំណាយប្រាក់រៀលខ្ពស់ និងគ្រួសារមានប្រាក់ចំណូលទាប ពួកគាត់ចង់បានប្រាក់រៀលដើម្បីកាត់បន្ថយការខាតបង់អត្រាប្ដូរប្រាក់។
លោកបណ្ឌិត បានបន្ថែមថា រីឯនិយោជកការមិនយល់ស្របពាក់ព័ន្ធនឹងហានិភ័យអត្រាប្តូរប្រាក់ដោយសារកម្មករមិនចង់បានប្រាក់រៀល និងហេតុផលផ្សេងៗ ទៀត ពិបាកទុកដាក់ប្រាក់រៀល និងពិបាកកែសម្រួលប្រព័ន្ធបច្ចេកវិទ្យាក្នុងរោងចក្រ។ ប៉ុន្តែនិយោជកក៏យល់ស្របបើកប្រាក់ខែជាប្រាក់រៀលដែរ ប្រសិនបើមានបទបញ្ញត្តិ ឬគោលនយោបាយដាក់កំហិត ពួកគាត់នឹងឯកភាពតាម។
លោកបណ្ឌិត បានបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជនមានសារៈសំខាន់ក្នុងការចូលរួមប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រទេសកម្ពុជា ពិសេសការរៀបចំឱ្យមានកិច្ចសន្ទនានយោបាយរវាងរាជរដ្ឋាភិបាល និងដៃគូឯកជន និងការស្ម័គ្រចិត្តវិស័យឯកជនក្នុងការទូទាត់ប្រាក់រៀល និងលើកកម្ពស់ប្រាក់រៀល។
លោកបណ្ឌិត បានបន្ថែមទៀតថា «ការបើកប្រាក់រៀល នឹងជួយលើកកម្ពស់ប្រយោជន៍ដល់គ្រួសារដែលមានប្រាក់ចំណូលទាប ពិសេសកម្មករក្នុងវិស័យកាត់ដេរ ដោយសារទទួលបានប្រាក់ដុល្លារ និងការចំណាយ ៩០% ជាប្រាក់រៀល។ ពេលគាត់ទទួលបានប្រាក់ខែជាប្រាក់រៀល នឹងជួយកាត់បន្ថយការខាតបង់របស់គាត់ និងសុខុមាលភាពពួកគាត់ផងដែរ»។
លោកបណ្ឌិត បានឱ្យដឹងទៀតថា លើសពីនេះទៀត ការមានឃ្យូរអកូដជួយកាត់បន្ថយការខាតបង់ពីការដូរប្រាក់ ព្រោះពេលចាយត្រូវដូរជាប្រាក់ដុល្លារទៅជាប្រាក់រៀល។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានទទួលស្គាល់ថា ការស្រាវជ្រាវបានរកឃើញថា កម្មករមានចំណូលជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែការចំណាយប្រចាំថ្ងៃ និងផ្ញើប្រាក់ទៅកាន់គ្រួសារភាគច្រើនជាប្រាក់រៀលប្រមាណជាង ៨០% ដែលបញ្ហានេះ នាំឱ្យកម្មករមានការខាតបង់ពេលវេលា និងប្រាក់កាសដោយសារការប្តូរប្រាក់។

លោកស្រីបណ្ឌិត បានបន្តថា « ផ្អែកតាមការអង្កេត កម្មករជាច្រើន ក៏បានសម្តែងការយល់ស្របលើការបើកប្រាក់ឈ្នួលទាំងស្រុង ឬមួយផ្នែកជាប្រាក់រៀលផងដែរ។ ហេតុដូច្នេះ ខ្ញុំ សូមយកឱកាសនេះ ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែ ជាប្រាក់រៀល ហើយសូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ ផ្តល់ជម្រើសឱ្យអតិថិជនទាំងអស់មានលទ្ធភាពក្នុងការប្រើប្រាស់ ឃ្យូអរកូដ (QR code) ជាប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ជាប្រាក់រៀលជាប្រចាំ»៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ