ព័ត៌មានជាតិ
សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន
ក្នុងជំហានឆ្ពោះទៅមុខដ៏ចម្បងមួយសម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានរួមគ្នានៅក្នុងកិច្ចសហការប្រកបដោយអត្ថន័យ។ អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២០ ខែមីនា នៅសារមន្ទីរ ស.ស.រ ក្រោមវត្តមានរបស់លោកស្រីជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយបង្ហាញពីសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/IMG_5856-1024x728.jpg)
គំនិតផ្តួចផ្តើមត្រួសត្រាយផ្លូវនេះ នាំទៅរកការលើកកម្ពស់លើការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូលការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹងជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់គ្នានេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារកម្ពុជាចំពោះទំនួលខុសត្រូវសាជីវកម្ម និងសង្គម ជាពិសេសបង្កើតបរិយាកាសហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងបរិយាបន្នតាមរយៈការអប់រំ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងនាំជាប្រយោជន៍ដល់យុវជនខ្មែរដូចជា ទី១/ មូលនិធិរួមសម្រាប់ដំណើរទស្សនកិច្ចសិក្សា៖ សមាគមធនាគារនៅកម្ពុជានឹងអំពាវនាវឱ្យសមាជិករបស់ខ្លួន ផ្ដល់មូលនិធិដើម្បីគាំទ្រការទៅទស្សនកិច្ចសារមន្ទីរ ស.ស.រ ដោយផ្តល់ឱកាសសិក្សាបន្ថែមដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋនៅទូទាំងប្រទេស។ទី២/ទស្សនកិច្ចពីរដងក្នុងមួយឆ្នាំ៖ កិច្ចព្រមព្រៀងរួមមានការរៀបចំ និងការផ្តល់ហិរញ្ញបទានដោយសមាគមធនាគារនៅកម្ពុជាផ្ទាល់ សម្រាប់ដំណើរទស្សនកិច្ចពីរដងទៅកាន់សារមន្ទីរ ស.ស.រ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ ដោយផ្តល់ឱកាសពិសេសមួយ សម្រាប់ការរៀនដោយផ្ទាល់អំពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុ។ទី៣/ ការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា៖ ភាពជាដៃគូនេះ ក៏នឹងផ្តោតលើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា ជាពិសេសតួនាទីរបស់វិស័យធនាគារក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/IMG_5864-1024x683.jpg)
“តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសម្របកិច្ចខិតខំប្រឹងប្រែង ឱ្យស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជានៃសមាគមធនាគារនៅកម្ពុជា ដោយបង្ហាញពីតួនាទីរបស់វិស័យធនាគារក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ យើងជឿជាក់ថា ការអប់រំបង្កើនចំណេះដឹង ហើយកិច្ចសហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុនាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” នេះបើតាមការលើកឡើងរបស់លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា។
“កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ នឹងផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សរាប់ពាន់នាក់មកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខនេះ។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់សមាគមធនាគារនៅកម្ពុជា និងសមាជិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដែលជាកត្តាសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា” នេះបើតាមចំណាប់អារម្មណ៍របស់លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/IMG_5847-1024x730.jpg)
ប្រសាសន៍លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា “ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺពិតជាចាំបាច់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តសម្រាប់ពេលបច្ចុប្បន្នដែលនឹងកំណត់អនាគតរបស់យើង។ ក្នុងន័យនេះ វាជាកត្តាសំខាន់ដែលមនុស្សគ្រប់រូប គួរទទួលចំណេះដឹងតាមរយៈការអប់រំ និងវប្បធម៌ ទាំងនៅក្នុងនិងក្រៅសាលា។”
អនុស្សរណៈនៃការយោគយល់គ្នានេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗ ហើយនឹងនៅមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអាចមានការបន្ត។ កិច្ចសហការនេះគឺជាសក្ខីភាពមួយបង្ហាញពីអំណាចនៃភាពជាដៃគូ ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរចំពោះអនាគតយុវជនខ្មែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/03/IMG_5877-1024x596.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច