ព័ត៌មានជាតិ
មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ
ក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរគ្រប់គ្រងអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះឱ្យបានតឹងរឹង ដើម្បីសុវត្ថិភាពសង្គម បើគ្មានលិខិតអនុញ្ញាត ត្រូវបិទអាជីវកម្មជាបន្ទាន់។ ជុំវិញវិធានការនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ជាវិធានការបង្កា ទប់ស្កាត់ជាមុន ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗដែលកើតចេញពីការប្រើប្រាស់គ្រាប់រំសេវ។

ការណែនាំរបស់ក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនលោក លោកស្រី ជាអភិបាលរាជធានីខេត្ត នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការរឹតបន្តឹងការគ្រប់គ្រងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ នៅតាមបណ្តាលរាជធានីខេត្ត។
លិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា បញ្ជាក់ឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលរាជធានីខេត្ត ចាត់វិធានការឱ្យបានរឹតបន្តឹងលើសិប្បកម្មអាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរៀងៗខ្លួន។ ជាអាទិភាពដំបូង អាជ្ញាធរត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាពសិប្បកម្មអាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយតម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់។

ចំពោះសិប្បកម្មអាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរចុះពង្រឹងបន្ថែមលើការគ្រប់គ្រង ស្របតាមបទដ្ឋានបច្ចេកទេស សំដៅបង្ការ និងទប់ស្កាត់ហានិភ័យនានា ដែលអាចបង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ពាក់ព័ន្ធនឹងវិធានការខាងលើនេះ ត្រូវបានលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ មិនមានបំណង ឬចេតនាណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ពលរដ្ឋទេ ផ្ទុយទៅវិញ វាជាវិធានការមួយ ដើម្បីធ្វើឱ្យមានភាពស្របច្បាប់នៃការប្រកបអាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះ ដែលកំពុងប្រតិបត្តិការបច្ចុប្បន្ននេះ។

លោក ទូច សុខៈ បានបន្ថែមទៀតថា ការរឹតបន្តឹងលើអាជីវកម្មផលិតកាំជ្រួច ឬរំសេវផ្ទុះនេះ ក៏ជាវិធានការបង្កា ទប់ស្កាត់ជាមុន ដើម្បីបញ្ជៀសរាល់បាតុភាព ឬហេតុការណ៍ដែលកើតចេញពីការប្រើប្រាស់គ្រាប់រំសេវផ្សេងៗ ក្នុងការប្រកបអាជីវកម្មនេះដែរ ពោល គឺការគ្រប់គ្រង ការស្ដុកទុក ការដឹកជញ្ជូន ចែកចាយ ឬការផលិតបំលែងទៅជាអ្វីផ្សេងទៀតឱ្យបានល្អប្រសើរ កុំឱ្យថ្លោះធ្លោយកើតចេញជាបញ្ហា ជាពិសេសបញ្ចៀសបុគ្គលឆ្លៀតឱកាសណាមួយដែលប្រើប្រាស់រំសេវជាតិផ្ទុះទាំងនោះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខ និងសុវត្ថិភាពសង្គម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ