ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រតិកម្មករណីនគរបាលម្នាក់ជាអនុប្រធាននាយកដ្ឋាន មិនឱ្យសមត្ថកិច្ចពិនិត្យជាតិអាល់កុល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រតិកម្មចំពោះករណីមន្ត្រីនគរបាលម្នាក់ ជាអនុប្រធាននាយកដ្ឋាន មិនព្រមសហការជាមួយសមត្ថកិច្ចក្នុងពេលអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ជាពិសេសក្នុងនាមជាមន្រ្តីនគរបាលជាតិ ត្រូវតែមានស្មារតីជាគំរូនៃការអនុវត្តច្បាប់ និងជាគំរូនៃការប្រព្រឹត្តអំពើល្អក្នុងសង្គម។

ការប្រតិកម្មរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយមានមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានផងនោះ បានបើករថយន្តក្នុងស្ថានភាពស្រវឹង ប៉ុន្តែពេលមកដល់គោលដៅត្រួតពិនិត្យជាតិអាល់កុល បែរជាបុគ្គលរូបនោះ មិនបានផ្ដល់កិច្ចសហការនោះឡើយ រហូតបង្កឱ្យមានការប្រតាយប្រតប់គ្នា។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២២ ខែមីនានេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបរាប់ឱ្យដឹងថា តាមរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេច ជួន ណាត ស្ថិតក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។

ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចបានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។ បើតាមការរៀបរាប់បន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺពេលនោះកម្លាំងនគរបាលបានព្យាយាមពន្យល់ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឱ្យកើតមានការប្រតាយប្រតប់។ ភ្លាមៗនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យឃើញបុគ្គលនេះ មានជាតិអាល់កុលកម្រិត ០,៥២មីលីក្រាមក្នុង១លីត្រខ្យល់។
ជុំវិញករណីនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្ដែងសេចក្ដីសោកស្ដាយចំពោះករណីនេះ ជាពិសេសនៅពេលដែលអ្នកបញ្ជារថយន្តជានគរបាលជាតិ មានឋានៈជាអនុប្រធាននាយកដ្ឋានទៀតនោះ។ លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ដូច្នេះថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយសម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក ក៏ដូចគ្នាដែរ គឺជនគ្រប់រូបដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលការអនុវត្តច្បាប់ដោយគ្មានយល់យោគ។

ជាក់ស្ដែងករណីខាងលើនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ប្រសិនបើអ្នកបើកបរទាំងឡាយមិនព្រមផ្ដល់កិច្ចសហការ តួយ៉ាងការត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចនឹងប្រើសិទ្ធិចាប់ឃាត់ខ្លួន ឬវាយខ្នោះ បើប្រតិកម្មតប រួចបញ្ជូនទៅកាន់ការិយាល័យដើម្បីបន្តនីវិធី។ លោក បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំ ខ្ញុំក៏ធ្លាប់បានរម្លឹកម្ដងហើយម្ដងទៀតថា មន្រ្តីរាជការស៊ីវិលក្ដី មន្រ្តីនគរបាលជាតិក្ដី មន្រ្តីពន្ធនាគារក្ដី ពួកយើងមិនត្រឹមតែមានតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកយើងត្រូវតែមានស្មារតីចូលរួមផ្ដល់ភាពជាគំរូនៃការអនុវត្តច្បាប់ និងជាគំរូនៃការប្រព្រឹត្តអំពើល្អក្នុងសង្គមផងដែរ»។

ជាថ្មីម្ដងទៀត លោក ស សុខា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលនិយមពិសាគ្រឿងស្រវឹង មិនថាពេលថ្ងៃ ឬពេលយប់ ឱ្យទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយញាតិមិត្ត និងក្រុមគ្រួសារ គប្បីចូលរួមក្រើនរំលឹក និងហាមឃាត់កុំឱ្យអ្នកទាំងនោះបញ្ជាយានយន្តទាំងក្នុងអាការៈស្រវឹង។ ទន្ទឹមគ្នានេះ លោកប្រមុខក្រសួងមហាផ្ទៃរូបនេះ ក៏បានសូមអោយអ្នកបញ្ជាយានយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច។
ដោយឡែក លោក ក៏បានរម្លឹកដល់កម្លាំងសមត្ថកិច្ចគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមប្រកាសស្ដីពីវិន័យកងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ពិសេសត្រូវរក្សាភាពអត់ធ្មត់ និងមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកដែលយើងបានប្ដេជ្ញាចិត្តរួមគ្នាថា «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត