ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបានប្រវែងជាង ៦៦ ៧២៣ គីឡូម៉ែត្រ
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាត្រូវបានទទួលការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយផ្តោតសំខាន់លើការស្ដារ ការកសាង និងការថែទាំតាមលទ្ធភាពធនធាន និងតម្រូវការសង្គម-សេដ្ឋកិច្ច។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗ គឺដំណាក់កាលស្ដារឡើងវិញ និងសមាហរណកម្មក្នុងផ្ទៃប្រទេស ដំណាក់កាលតភ្ជាប់ជាមួយតំបន់និងបន្តសមាហរណកម្មផ្ទៃក្នុង និងដំណាក់កាលពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំដៅទ្រទ្រង់កំណើនរយៈពេលវែង។
ក្នុងកិច្ចខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមដំណាក់កាលខាងលើ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ផ្អែកតាមឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គិតត្រឹមដើមឆ្នាំ២០២២ បណ្តាញផ្លូវថ្នល់សរុបនៅប្រទេសកម្ពុជាមានប្រវែងសរុបជាង ៦៦ ៧២៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិ (ផ្លូវជាតិកម្រិត ១ និង២) មានប្រវែងជាង ៧ ៤៣២គីឡូម៉ែត្រ ស្មើ ១១% នៃបណ្តាញផ្លូវសរុប។ ផ្លូវជាតិកម្រិត១ មានចំនួន ៩ ខ្សែ ជាផ្លូវជាតិមេតភ្ជាប់រវាងទីក្រុង និងទីប្រជុំជនក្នុងទិសដៅផ្សេងៗគ្នា និងមានរាជធានីភ្នំពេញជាចំណុចកណ្ដាល។
ផ្លូវជាតិកម្រិត ២ មានចំនួន ៧១ ខ្សែ តភ្ជាប់ចេញពីផ្លូវជាតិកម្រិត ១ ទៅខេត្តទាំងអស់នៃប្រទេសកម្ពុជា។ ផ្លូវខេត្ត (ផ្លូវកម្រិត ៣ និង៤) មានចំនួន ៦៦៧ ខ្សែ ដែលតភ្ជាប់ក្រុង និងខេត្តនានាមានប្រវែងប្រហែល ១១ ៣៧១ គីឡូម៉ែត្រ ស្មើនឹង ១៧% នៃប្រវែងផ្លូវសរុបទូទាំងប្រទេស។
ដោយឡែកផ្លូវជនបទសរុបមានប្រវែងជាង ៤៧ ៩២០គីឡូម៉ែត្រ ស្មើនឹង ប្រហែល ៧២% នៃបណ្តាញផ្លូវសរុបទូទាំងប្រទេស។ ជាមួយគ្នានេះកម្ពុជាមានផ្លូវល្បឿនលឿនមួយខ្សែ ដែលទើបដាក់ឱ្យដំណើរការដោយតភ្ជាប់រាជធានីភ្នំពេញទៅខេត្តព្រះសីហនុ។
ដង់ស៊ីតេបណ្ដាញផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជាប្រហែល ០,៣៧គីឡូម៉ែត្រ/គីឡូម៉ែត្រការ៉េ ដែលជាអត្រាទាបជាងប្រទេសជិតខាងក្នុងតំបន់ដូចជា វៀតណាម ថៃ និងហ្វីលីពីន។ ផ្លូវជាតិកម្រិត ១ ដែលមានពីរគន្លង (2-lane) មានជាង ៩០% រីឯផ្លូវជាតិកម្រិត ១ ដែលមានបួនគន្លង (4lane) មានតិចជាង ១០% ប៉ុណ្ណោះ។
ក្នុងចំណោមបណ្តាញផ្លូវជាតិនិងផ្លូវខេត្ត ផ្លូវប្រភេទក្រាលបេតុងមានប្រមាណ ២% ប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានប្រហែល ១១% ប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រមាណ ៤៣% និងប្រភេទផ្លូវដីល្បាយថ្មមានប្រហែល ៤៥%។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាបន្តជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន។ ជាក់ស្តែង បណ្តាញផ្លូវថ្នល់នៅកម្ពុជាមានទំហំតូចចង្អៀត និងដង់ស៊ីតេទាបដែលជាមូលហេតុចម្បងមួយធ្វើឱ្យការធ្វើដំណើរ និង ការដឹកជញ្ជូនបន្តជួបការលំបាក និងរាំងស្ទះដោយអន្លើ (ចំណាយពេលយូរ)។
ជាមួយគ្នានេះ របាយបណ្តាញផ្លូវថ្នល់នៅកម្ពុជាបង្ហាញឱ្យឃើញពីអតុល្យភាព ពោលគឺបណ្ដាញផ្លូវថ្នល់ប្រមូលផ្តុំនៅភាគខាងត្បូងច្រើន ប៉ុន្តែមានកម្រិតតិចតួចនៅតំបន់ភ្នំ ភាគខាងជើង និងឦសានប្រទេស។ ម្យ៉ាងទៀតផ្លូវទាំងនេះងាយទទួលរងការខូចខាតនៅពេលមានគ្រោះមហន្តរាយ (ទឹកជំនន់)។ លើសពីនេះ តំបន់មួយចំនួនប្រឈមនឹងឧបសគ្គដោយសារសណ្ឋានដីមានតំបន់ភ្នំនិងខ្សែទឹក ដែលជាហេតុនាំឱ្យពិបាកក្នុងការតភ្ជាប់បណ្តាញផ្លូវ។
ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរបាយបណ្តាញផ្លូវថ្នល់នៅមានកម្រិត រួមជាមួយកង្វះបណ្តាញផ្លូវខ្នែង ធ្វើឱ្យចរាចរណ៍ប្រមូលផ្តុំខ្លាំងលើផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវជាតិលេខ១ លេខ៤ លេខ៥ និង លេខ៦ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង។ រីឯការតភ្ជាប់រវាងការដឹកជញ្ជូនតាមផ្លូវថ្នល់ និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតនៅពុំទាន់គ្រប់គ្រាន់នោះទេដូចជា៖ ការតភ្ជាប់ផ្លូវទៅកាន់អាកាសយានដ្ឋាន ស្ថានីយរថភ្លើង និងកំពង់ផែជាដើម។
ដោយឡែក ស្តង់ដារបច្ចេកទេសនៃបណ្តាញផ្លូវថ្នល់នៅមានកម្រិត ដោយសារគុណភាព សម្ភារបរិក្ខារ និងកង្វះការគ្រប់គ្រង និងថែទាំផ្លូវថ្នល់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ទោះជាយ៉ាងនេះក្តី និន្នាការនៃការស្ថាបនាផ្លូវថ្នល់នាពេលបច្ចុប្បន្នបានកំពុងយកចិត្តទុកដាក់ ខ្ពស់លើផ្នែកគុណភាព សុវត្ថិភាព និងសោភ័ណភាព។
រាជរដ្ឋាភិបាលបានកំពុងខិតខំប្រឹងប្រែងក្នុង ការលើកកម្រិតផ្លូវជាតិសំខាន់ៗពី ២ គន្លង ទៅ ៤ គន្លង និងកែលម្អគុណភាពកម្រាលផ្លូវពីប្រភេទកៅស៊ូពីរស្រទាប់ (DBST) ទៅជាបេតុងកៅស៊ូ (AC) ព្រមទាំងបំពាក់បន្ថែមនូវប្រព័ន្ធលូបង្ហូរទឹក សំណង់សិល្បការ្យ ទ្រទ្រង់ផ្លូវ គំនូសសញ្ញា និងស្លាកសញ្ញាចរាចរណ៍ជាមួយការគ្រប់គ្រងដីចំណីផ្លូវប្រកបដោយប្រសិទ្ធភាពខ្ពស់។
រដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យនៃផែនការមេក្របខណ្ឌយុទ្ធសាស្ត្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ជ្រុងជ្រោយ។ ផែនការមេកំណត់គម្រោងអាទិភាពចំនួន ១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មាន ៩៤ គម្រោង ផ្លូវដែកមាន ០៨ គម្រោង ផ្លូវទន្លេមាន ២៣ គម្រោង ផ្លូវសមុទ្រមាន ២០ គម្រោង ផ្លូវអាកាសមាន ១០ គម្រោង ប្រព័ន្ធឡូជីស្ទីកមាន ១៥ និងគម្រោងបន្ថែមផ្សេងៗមាន ០៤។
ការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានមានទំហំសរុបប្រមាណ ៣៦ ៦៧៩ លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្រូវការក្នុងរយៈពេលខ្លីនិងមធ្យមពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩ ៩២៦ លានដុល្លារអាមេរិកត្រូវនឹង ៣ ៩៨៥ លានដុល្លារអាមេរិកជាមធ្យមប្រចាំឆ្នាំ និងដែលត្រូវបានគិតគូរក្នុងក្របខណ្ឌហិរញ្ញប្បទានពីប្រភព៖ (១) យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាជាតិ, (២) យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានពីក្រៅប្រទេស, និង (៣) យន្តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន៕
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់