ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន
ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតក្របខណ្ឌច្បាប់មួយដ៏រឹងមំា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
សិក្ខាសាលាដែលរៀបចំឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័ន តំណាងស្ថានទូត តំណាងអង្គការជាតិ-អន្តរជាតិ តំណាងក្រុមហ៊ុន សង្គមស៊ីវិល និងកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។
សេចក្ដីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន មាន៩ជំពូក និង៥៥មាត្រា ក្នុងគោលបំណងធានាសុច្ចរិតភាពនៃការប្រើប្រាស់ គ្រប់គ្រងប្រព័ន្ធកុំព្យូរទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធរណៈ ព្រមទាំងការពារសិទ្ធិសេរីភាពរបស់បុគ្គល ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ច្បាប់នេះមានវិសាលភាពអនុវត្តរាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬនៅក្រៅដែនដីកម្ពុជា ហើយសកម្មភាពទាំងនោះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬផលប្រយោជន៍របស់កម្ពុជា។
បើតាមលោកគូសបញ្ជាក់ដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្របខណ្ឌច្បាប់មួយរឹងមំា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ជាប្រភេទបទល្មើសមិនប្រពៃណីក្នុងសម័យទំនើប និងធានាការពារសន្តិសុខប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ការរៀបចំច្បាប់នេះ តម្រូវឱ្យមានសន្តិសុខ និងសេរីភាព និងមានសក្ខីភាពជាកិច្ចសហការអន្តរជាតិ ទើបទាមទារឱ្យទាំងអស់គ្នា ប្រើប្រាស់ប្រាជ្ញាជំនាញបទពិសោធជាសមូហភាពជាធាតុបន្ថែមទៀត ។
ដូច្នេះ តាមរយៈសិក្ខាសាលានេះ ត្រូវបានលោក ប៊ុន ហុន លើកឡើងថា គឺជាការប្រមូលផ្តុំគំនិតជំនាញ ទស្សនៈ បទពិសោធ ក្នុងគោលបំណងរួមគ្នាផ្តល់យោបល់លើការរៀបចំច្បាប់មួយសម្រាប់ធានាឱ្យការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប និងជឿនលឿននាពេលអនាគត និងដើម្បីទទួលបាននូវមតិយោបល់ និងធាតុចូលបន្ថែមទៀត សម្រាប់រៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននៃកម្ពុជា មានខ្លឹមសារគ្រប់គ្រាន់ មុននឹងពិនិត្យសម្រេចពីរាជរដ្ឋាភិបាល និងដាក់ចូលទៅក្នុងរដ្ឋសភា ពិនិត្យ និងអនុម័ត តាមនីតិវិធីជាធរមាន។
លោក ប៊ុន ហុន បានបន្តថា ដំណើរការនៃបដិវត្តកម្មឌីជីថលត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភជំរុញឱ្យប្រជាពលរដ្ឋចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយការជឿទុកចិត្ត។ លោក បានគូសបញ្ជាក់ថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី ការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា កាត់បន្ថយការប៉ះពាល់បរិស្ថាន កែសម្រូលការផ្លាស់ប្តូរទិន្និន័យ និងលំហូរការងាររដ្ឋបាល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំសម្រូលការងារឡើងវិញ និងសម្រូលការបែងចែកដំណើរការ និងការតាមដានការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងសមធម៌។
ជោគជ័យនៃបដិវត្តកម្មឌីជីថល ជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ចរន្តនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងជះឥទ្ធិលពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ការវិភាគទិន្នន័យ ហើយបច្ចេកវិទ្យាឌីជីថលទំាងនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងលឿនដែលមិនធ្លាប់មានក្នុងវិស័យអប់រំ សុខាភិបាល ទីផ្សារ សេដ្ឋកិច្ច រដ្ឋបាល សាធារណៈ ជាដើម។ ទាំងអស់នេះជាការលើកឡើងបន្ថែមរបស់លោក ប៊ុន ហុន។
លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ដំណើរការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក៏បាននាំមកនូវការប្រឈមមួយចំនួនផងដែរ ដូចជា បទល្មើសពាក់ពន្ធជាមួយនឹងសន្តិសុខឌីជីថល ការការពារទិន្នន័យបុគ្គល សន្តិសុខទិន្នន័យ ឧក្រិដ្ឋកម្មឆ្លងដែន ការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ ព្រមទំាងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈជាតិ និងអន្តរជាតិ។
ដោយពិនិត្យឃើញសារៈប្រយោជន៍ និងបញ្ហាប្រឈមទាំងនេះ ខណៈដែលកម្ពុជាមិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងបង្ការទប់ស្កាត់ និងផ្តន្ទាទោសបទល្មើសដែលប្រព្រឹត្តតាមប្រពន្ធបច្ចេកវិទ្យានៅឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ចែងឱ្យមន្ត្រីជំនាញធ្វើការសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដើម្បីរៀបចំចាត់ចែងពីសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
លោករដ្ឋលេខាធិការ បន្តថា សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន រៀបចំតាក់តែងឡើងដោយផ្អែកលើសន្ធិសញ្ញាទីក្រុង Budapest ឆ្នាំ២០០១ និងច្បាប់មួយចំនួនពីបណ្តាប្រទេសនានា ជាមូលដ្ឋាន និងដោយមានកិច្ចសហការគំាទ្រពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយមាន អ្នកជំនាញការច្បាប់ និងវិស័យបទល្មើសពាក់ពន្ធនឹងកុំព្យូ័រនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក មកជួយពិនិត្យ និងផ្តល់យោបល់។ លើសពីនេះ ក៏មានការចូលរួមផ្តល់យោបល់ពីក្រុមហ៊ុនធំៗចំនួន៤ផងទៀតពីសហរដ្ឋអាមេរិក ដូចជា ក្រុមហ៊ុនហ្វេសបុក ក្រុមហ៊ុនហ្គោហ្គល ក្រុមហ៊ុនអាម៉ាស្សូន ព្រមទាំងកិច្ចប្រជុំអន្តរក្រសួងជាដើន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ