ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត រៀងៗ ខ្លួន ដើម្បីត្រៀមចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស ដែលនឹងប្រព្រឹត្តិទៅនាខែឧសភា ឆ្នាំ ២០២៤ ខាងមុខ នារាជធានីភ្នំពេញ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដែលនឹងប្រព្រឹត្តទៅតាមពេលវេលាសមស្របណាមួយ ដើម្បីដណ្តើមជ័យលាភីថ្នាក់រាជធានី-ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ ក្នុងតារាងបែងចែកជូនភ្ជាប់មកជាមួយនេះ រួចបញ្ជូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវបែងចែកចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី -ខេត្ត ទៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន តាមសមាមាត្រចំនួនសិស្ស ជាក់ស្តែង តាមមុខវិជ្ជា តាមកម្រិតថ្នាក់។
ដោយឡែក វិទ្យាល័យអនុវត្ត នៃវិទ្យាស្ថានជាតិអប់រំ ត្រូវចូលរួមប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត ជាមួយគ្រឹះស្ថានមធ្យមសិក្សានានាក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

បើតាម លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងជ្រើសរើសសិស្សពូកែឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ក្នុងនោះនៅថ្ងៃទី ១២ រៀបចំពិធីបើកជាផ្លូវការ និងថ្ងៃទី ១៣ ទី ១៤ និងទី ១៥ ឧសភា ដំណើរការប្រឡង និងរសៀលថ្ងៃទី ១៦ ប្រារព្ធពិធីបិទ និងប្រកាសជ័យលាភីសិស្សពូកែប្រចាំឆ្នាំ ២០២៤។
លោកស្រី បានបន្តថា សម្រាប់ឆ្នាំនេះ ក្រសួង ជ្រើសរើសយកតែចំណាត់ថ្នាក់ទី ១ ដល់ទី ៥ ខណៈឆ្នាំមុនៗ ជ្រើសរើសពីចំណាត់ថ្នាក់ទី ១ ដល់លេខ ១០។ ក្នុងនោះ ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ លោកស្រី បានបន្ថែមថា សិស្សជ័យលាភីអាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។

គួរបញ្ជាក់ថា ឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេស នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នៅវិទ្យាល័យនេតយ៉ង់ នៃទីរួមខេត្តបាត់ដំបង៕
អត្ថបទ ៖ សំអឿន









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ