ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាក្នុងការអនុវត្តឯកសារគតិយុត្តគោលមួយចំនួនទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឲ្យទៅជាកាលានុវត្តភាព។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២ នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២នេះ គឺជាសក្ខីកម្មបង្ហាញអំពីសក្ដានុពលនៃវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងក្បាលម៉ាស៊ីន ក្នុងការកសាង និងអភិវឌ្ឍន៍សហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្ននេះ កម្ពុជា មានឯកសារគតិយុត្តគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមាន៖ គោលនយោបាយជាតិ ស្ដីពី វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមាន៖ បច្ចេកវិទ្យាកសិកម្ម, បច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័តព្រមទាំងបណ្ដាឯកសារផែនទីបង្ហាញផ្លូវមួយចំនួនទៀត ដែលបានបញ្ចប់សេចក្ដីព្រាងរួចរាល់ ដូចជា៖ បច្ចេកវិទ្យាថាមពល, បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់ការអនុវត្តតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវថា «ដោយវិស័យនេះ មានលក្ខណៈអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធ មានជាអាទិ៍ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យឯកជន និងសង្គមស៊ីវិល ឲ្យបន្តសហការគ្នាក្នុងការអនុវត្តឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឲ្យទៅជាកាលានុវត្តភាព បង្កើតសក្ដានុពលពីវិវត្តន៍ជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ បន្ស៉ាំ និងចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែង សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព និងភាពធន់»។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន មានភាពធន់ និងចីរភាព ចាំបាច់ត្រូវចូលរួមអនុវត្តកត្តាសំខាន់ៗ រួមមាន៖ ទី១. ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន និងមានតម្លៃខ្ពស់ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម។
ទី២. ជំរុញបន្ទាន់ចំពោះការផ្ទេរបច្ចេកវិទ្យាតាមរយៈខ្សែបណ្ដោយរវាងសហគ្រាស និងសហគ្រាស។ ទី៣. ការផ្ទេរបច្ចេកវិទ្យាអាទិភាព ចំណេះដឹង និងចំណេះធ្វើ ការបណ្ដុះបណ្ដាលជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ។ ទី៤. ការជំរុញឲ្យរំហូរអ្នកមានទេពកោសល្យ និងការជំរុញឌីជីថលូបនីយកម្មប្រកបដោយបរិយាប័ន្ន ព្រមទាំងការរៀបចំបរិស្ថានល្អ ដើម្បីរក្សា និងទាក់ទាញអ្នកដែលមានទេពកោសល្យ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ