ព័ត៌មានជាតិ
តោះ! មកស្វែងយល់ដំណាំកសិកម្មសំខាន់ៗរបស់កម្ពុជា ទ្រទ្រង់កំណើនការនាំចេញ
វិស័យកសិកម្មនៅកម្ពុជារក្សាបានកំណើនគួរឱ្យកត់សម្គាល់ដោយសម្រេចបានកំណើនជាមធ្យមប្រមាណ ០,៧៦% ក្នុងមួយឆ្នាំ និងរួមចំណែកប្រមាណ ២០,៨% នៃផលិតផលក្នុងស្រុកសរុប។
តម្លៃបន្ថែមសរុបនៃវិស័យកសិកម្មមានការកើនឡើងជាលំដាប់ពី ៤,៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៥ រហូតដល់ប្រមាណ ៥,៦ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ ក្នុងឆ្នាំ២០១៩ ការនាំចេញផលិតផលកសិកម្មសរុបសម្រេចបាន ចំនួន ៦,៩លានតោន ស្មើនឹងទឹកប្រាក់ប្រមាណជាង ១,៩៥ ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះអង្ករមានចំនួន ៦២០ ១០៦ តោន ចំណិតដំឡូងមីក្រៀមចំនួន ១ ៦២៦ ១៦៥តោន ដំឡូងមីស្រស់ចំនួន ១ ៦០៨ ៤៥០ តោន គ្រាប់ស្វាយចន្ទីចំនួន ២០២ ៣១៨តោន និងគ្រាប់ពោតចំនួន ១១៩ ៩៩៣ តោន។
បើយោងតាមឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា (២០២៣-២០៣៣) វឌ្ឍនភាពនេះបានបង្ហាញឱ្យឃើញថា វិស័យកសិកម្មបានបង្កើតឱ្យមាននូវតម្រូវការដឹកជញ្ជូនក្នុងចំណែកមួយដ៏ធំដែលក្នុងនោះមានទាំងការដឹកជញ្ចូនចែកចាយធាតុចូលកសិកម្ម ការបែងចែកផលិតផល កសិកម្មក្នុងស្រុក និងការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ។
តម្រូវការការដឹកជញ្ជូនសម្រាប់វិស័យកសិកម្មនៅកម្ពុជាផ្ដោតលើអនុវិស័យដំណាំសំខាន់ៗ រួមមានស្រូវនិងអង្ករ ដំឡូងមី ពោតក្រហម អំពៅ ស្វាយចន្ទី កៅស៊ូ និងដំណាំរួមផ្សំផ្សេងទៀត។
ដំណាំស្រូវមានផ្ទៃដីដាំដុះសរុបសម្រេចបាន ៣,៣២ លានហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១០,៨៨ លានតោន ក្នុងឆ្នាំ២០១៩។ ផលិតកម្មស្រូវដែលសម្រេចបាននេះ ជំរុញឱ្យកម្ពុជាអាចនាំចេញអង្ករបានចំនួន ៦២០ ១០៦ តោន និងស្រូវចំនួន ២ ១៥៥ ១០២តោន ក្នុងឆ្នាំ២០១៩។ ជាទូទៅ ផលិតកម្មស្រូវភាគច្រើនមាននៅខេត្តជុំវិញដីសណ្ដទន្លេមេគង្គ ជាពិសេសប្រមូលផ្តុំនៅក្នុងខេត្ត ព្រៃវែង តាកែវ កំពង់ធំ កណ្តាល បាត់ដំបង និងបន្ទាយមានជ័យជាដើម។
ដោយឡែកសម្រាប់ដំណាំពោត សម្រេចបានផ្ទៃដីដាំដុះចំនួន ២០០ ០៣៦ហិកតា និងទទួលបានបរិមាណផលសរុប ៨៩៥ ៤៣៦ តោន ក្នុងឆ្នាំ២០១៩។ ការណ៍នេះជំរុញឱ្យការនាំចេញគ្រាប់ពោត សម្រេចបានចំនួន ១១៩ ៩៩៣តោន ក្នុងឆ្នាំ២០១៩។ ដំណាំពោតភាគច្រើនត្រូវបានដាំដុះនៅខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ និងកណ្តាល។
ចំពោះផលិតកម្មអំពៅផ្ទៃដីដាំដុះសរុបសម្រេចបាន ១៧ ០១៦ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៦១៨ ៣១៣ តោន ក្នុងឆ្នាំ២០១៩។ ផ្អែកលើបរិមាណផលក្នុងឆ្នាំ២០១៩ បានជំរុញឱ្យកម្ពុជាអាចនាំចេញផលិតផលស្ករសដែលផលិតពីអំពៅបានចំនួន ២៨១ ៤០៤ តោន។
ផលិតកម្មអំពៅមានច្រើននៅក្នុងខេត្តកំពង់ឆ្នាំង ស្វាយរៀង និងកំពង់ស្ពឺ និងរោងចក្រស្ករសដ៏ធំមួយនៅក្នុងស្រុកឱរ៉ាល់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
សម្រាប់ដំឡូងមីផ្ទៃដីដាំដុះសរុបសម្រេចបាន ៦៥៦ ៨៦៨ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១៣,៥១លាន តោន ក្នុងឆ្នាំ២០១៩។ ការនាំចេញផលិតផលដំឡូងមីសម្រេចបានគួរឱ្យកត់សម្គាល់រួមមាន៖ ដំឡូងមីស្រស់ចំនួន ១ ៦០៨ ៤៥០តោន ចំណិតដំឡូងមីក្រៀមចំនួន ១ ៦២៦ ១៦៥ តោន និងម្សៅដំឡូងមីចំនួន ៥៦ ៨៧៤តោន ក្នុងឆ្នាំ២០១៩។
ជាទូទៅ ដំណាំដំឡូងមីត្រូវបានដាំដុះច្រើននៅតាមបណ្តាខេត្តភាគពាយព្យជាប់ព្រំប្រទល់ជាមួយប្រទេសថៃ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងឧត្តរមានជ័យ និងភាគច្រើនត្រូវបាននាំចេញតាមច្រកប្រទេសថៃ។ តំបន់ភាគឦសាន និងបូព៌ា រួមមាន៖ ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ កំពង់ចាម រតនគិរី និងព្រះវិហារមានចម្ការដំឡូងមីជាច្រើនផងដែរ ដែលនឹងក្លាយទៅជាផលិតផលនាំចេញដ៏សំខាន់ជាពិសេសទៅកាន់ប្រទេសចិន។
មកទល់នឹងឆ្នាំ ២០២២ កំណើនផ្ទៃដីដាំដុះស្វាយចន្ទីមាន ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលមាន ២៧៥ ៦៧៩ ហិកតា ដែលទិន្នផលជាមធ្យមទទួលបាន ១,៧៤តោន ក្នុងមួយហិកតា និងទទួលបានបរិមាណផលសរុបប្រមាណ ៤៧២ ៦៣៦តោន ក្នុងមួយឆ្នាំ។
ខេត្តចំនួន ១០ ដែលមានផ្ទៃដីដាំដំណាំស្វាយចន្ទីច្រើនជាងគេ មានខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តសៀមរាប។
ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមានចំនួន ៩៣៧ ៩៧៤,២៦តោន (កើនឡើងចំនួន ៣២៨,៣៤ ភាគរយ ធៀបនឹងឆ្នាំ២០២០)។ ទោះបីកម្ពុជាបាន ផលិតគ្រាប់ស្វាយចន្ទីច្រើនយ៉ាងណាក្តី បច្ចុប្បន្នកម្ពុជាបានកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ៥% ប៉ុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្រស់មួយភាគធំត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ដែលជាហេតុធ្វើ ឱ្យកម្ពុជាបាត់បង់តម្លៃបន្ថែម។
សម្រាប់ដំណាំកៅស៊ូ ផ្ទៃដីដាំដុះសរុបសម្រេចបាន ៤០៥ ៦៧១ ហិកតា និងទទួលបានផលិតផលកៅស៊ូសរុបចំនួន ២៨៧ ៦២៨ តោន ដែលជំរុញឱ្យការនាំចេញកៅស៊ូសម្រេចបានដល់ ២៨២ ០៧១តោន ក្នុងឆ្នាំ២០១៩។ ដំណាំកៅស៊ូភាគច្រើនត្រូវបានដាំដុះក្នុងខេត្តកំពង់ចាម ក្រចេះ កំពង់ធំ និងរតនគិរី។ ក្រៅពីនេះក៏ត្រូវបានដាំដុះនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ ដូចជាខេត្តកំពត ព្រះសីហនុ មណ្ឌលគិរី សៀមរាប ប៉ៃលិន និងព្រះវិហារ។
ផលិតផលកៅស៊ូភាគច្រើនត្រូវបានលក់ក្នុងទម្រង់ជាជ័រឆៅ (latex) និង កៅស៊ូបង្កក (coagulum) ពីកសិករទៅរោងចក្រកែច្នៃក្នុងស្រុកដោយផ្ទាល់ ឬពីកសិករដោយឆ្លងកាត់អ្នកប្រមូលទិញ ទើបបន្តលក់ឱ្យរោងចក្រកែច្នៃក្នុងស្រុកឬពីអ្នកប្រមូលទិញទៅប្រទេសវៀតណាម (ក្រៅផ្លូវការ) តាមច្រកព្រំដែនខេត្តដែលនៅជាប់ប្រទេសវៀតណាម។
រោងចក្រកែច្នៃក្នុងស្រុកធ្វើការផលិតជ័រកៅស៊ូដុំនិងបន្ទះដែលហៅថា TSR (technical specified rubber) និង RSS (ribbed smoked sheet) ដោយប្រើប្រាស់ជ័រឆៅ និងកៅស៊ូបង្កក ដែលបានទិញនៅក្នុងស្រុកបូករួមជាមួយកៅស៊ូដែលទទួលបានពីចម្ការកៅស៊ូផ្ទាល់ខ្លួន ដើម្បីធ្វើការនាំចេញទៅប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ក៏ប៉ុន្តែដោយសារទីតាំងរោងចក្រកែច្នៃនៅឆ្ងាយពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដូច្នេះការនាំចេញកៅស៊ូមួយភាគធំត្រូវពឹងផ្អែកលើច្រកនៃប្រទេសវៀតណាមនិងថៃ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់