ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌សម្រាប់មន្ដ្រីស្អាតស្អំ មិនអាចកាត់ថ្លៃបានទេ
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា «យុត្តិធម៌សម្រាប់មន្ដ្រីស្អាតស្អំ មិនអាចកាត់ថ្លៃបានទេ»។ លោករដ្ឋមន្ត្រីបានសរសេរដូច្នេះ ដោយបានភ្ជាប់មកជាមួយវីដេអូ ដំណើរត្រឡប់មកកាន់មាតុភូមិកំណើតរបស់លោក គ្រី ម៉ះផល មន្ត្រីកម្ពុជា ដែលរងការចោទប្រកាន់ដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងព្រៃឈើអាមេរិក ថាជួញដូរសត្វស្វាក្ដាមទៅកាន់សហរដ្ឋអាមេរិក។

លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។
ភ្លាមៗចាប់តាំងពីពេលឃាត់ខ្លួនលោក គ្រី ម៉ះផល រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីរបស់ខ្លួន។ ជាក់ស្ដែងក្រសួងកសិកម្មរបស់កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្តីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវលាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ផ្អែកលើទិដ្ឋភាពច្បាប់ និងមានការជួយជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក បានសម្រេចទម្លាក់ចោលរាល់បទចោទលើលោក គ្រី ម៉ះផល។
រាប់ចាប់ពីថ្ងៃអាជ្ញាធរបានឃាត់ខ្លួន និងដំណាក់កាលតវ៉ា រកយុត្តិធម៌ និងរហូតពេលត្រឡប់មកដល់កម្ពុជាវិញ លោក គ្រី ម៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុភូមិកំណើតរយៈពេល១ឆ្នាំ ៤ខែ និង១០ថ្ងៃ។
សម្រាប់រដ្ឋមន្ត្រី ឌិត ទីណា រយៈ១ឆ្នាំ ៤ខែ និង១០ថ្ងៃ ដែលលោក គ្រី ម៉ះផល ត្រូវរដ្ឋអាជ្ញាចាប់ឃាត់ខ្លួន និងដំណាក់កាលស្វែងរកយុុត្តិធម៌ គឺជារយៈពេលដ៏យូរសម្រាប់មន្ដ្រីស្អាតស្អំរបស់កម្ពុជាម្នាក់។
ស្ថិតក្នុងពេលវេលាដែលមន្ត្រីដ៏ស្អាតស្អំ គឺលោក គ្រី ម៉ះផល អាចត្រឡប់មកជុំគ្រួសារ ត្រឡប់មកទីឋានកំណើតវិញ លោក ឌិត ទីណា បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលយកចិត្តទុកដាក់ និងសហការគាំទ្រក្នុងដំណើរការស្វែងរកយុត្តិធម៌ជូនលោក គ្រី ម៉ះផល។

មិនខុសពីលោករដ្ឋមន្ត្រីក្រសួងកសិកម្មឡើយ លោក គ្រី ម៉ះផល សាម៉ីខ្លួនផ្ទាល់ បានលើកដៃសំពះថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានខ្នះខ្នែងក្នុងការជួយរកយុត្តិធម៌ដល់លោក និងជួយជ្រោមជ្រែងដល់គ្រួសាររបស់លោក។ នេះបើតាមសម្ដីរបស់លោក គ្រី ម៉ះផល នៅក្នុងវីដេអូដែលផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុក លោក ឌិត ទីណា។
តាមវីដេអូដដែល បន្ទាប់ពីជើងជាន់ដីកម្ពុជា នឹងបានជួបជុំគ្រួសារវិញភ្លាម លោក គ្រី ម៉ះផល បានរៀបរាប់ពីចំណាប់អារម្មណ៍ទាំងទឹកភ្នែកដាមលើថ្ពាល់ថា ការរួចផុតពីការចោទប្រកាន់របស់អាជ្ញាធរអាមេរិក ហើយមានវាសនាវិលត្រឡប់មកកម្ពុជាវិញនេះ គឺជាកំណើតទីពីររបស់លោក៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ