ព័ត៌មានជាតិ
រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញស្វាយកែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស
អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្សនៃរោងចក្រកែច្នៃ «Kirirom Food Production» នៅខេត្តកំពង់ស្ពឺបានឲ្យ«កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្នសហគ្រាសរបស់លោកបានប្រមូលទិញចូលស្វាយកែវរមៀតស្រស់ចន្លោះពី ៧០-១០០ តោនជារៀងរាល់ថ្ងៃ ដើម្បីកែច្នៃនាំចេញទៅលក់នៅក្រៅប្រទេស។
ការប្រមូលទិញស្វាយកែវរមៀតស្រស់ចូលរោងចក្រចន្លោះពី ៧០ ទៅ ១០០តោនក្នុងមួយថ្ងៃ ក្នុងតម្លៃកុងត្រាគឺ ៧០០ រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះមិនប្រែប្រួលបើទោះបីជាស្វាយចុះថ្លៃខ្លាំងឬឡើងថ្លៃជាងនេះបន្តិចបន្តួចក៏ដោយ។
តំណាងរោងចក្រ «Kirirom Food Production» ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ថា៖ «សម្រាប់តម្លៃ ៧០០ រៀលក្នុងមួយគីឡូក្រាមគឺទិញចូលពីសហគមន៍កសិកម្ម (អេស៊ី) ដែលរោងចក្របានចុះកុងត្រាជាមួយមាននៅខេត្តចំនួន ៣ រួមមានខេត្តកំពង់ស្ពឺ ដែលមាន ៦ អេស៊ី , ខេត្តកំពង់ឆ្នាំង មាន ៤ អេស៊ី និងខេត្តកំពង់ធំមាន ២ អេស៊ី»។
បើតាមអ្នកគ្រប់គ្រងនៅរោងចក្រនេះ សម្រាប់តម្លៃទូទៅទិញជាមួយកសិករមិនមានកុងតា្រ ទិញចូលចន្លោះពី ៥០០ រៀល ទៅ ៥៨០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះក៏អាចប្រែប្រួលទៅតាមទីផ្សារជាក់ស្ដែងផងដែរ។
ពាក់ព័ន្ធទៅនឹងការប្រមូលទិញស្វាយកែវរមៀតស្រស់ចូលក្នុងរោងចក្រចន្លោះពី ៧០ ទៅ ១០០តោន វិលជុំជារៀងរាល់ថ្ងៃ អ្នកគ្រប់គ្រងធនធានមនុស្សនៃរោងចក្រកែច្នៃរូបនេះបានប្រាប់ថា ខាងរោងចក្របានប្រមូលទិញពី ៤ ប្រភពផ្សេងគ្នា ដោយទី១ ប្រជាកសិករដែលមានដំណាំស្វាយ ទី២ អ្នកដែលម៉ៅការដំណាំស្វាយគេធ្វើបានន័យថា ម៉ៅការដំណាំស្វាយ ដើម្បីបានផលដើម្បីយកមកលក់ ទី៣ ពីស្តង់ស្វាយ ទី៤ ទិញពីអេស៊ី និងទី៥ ប្រមូលផលពីចម្ការផ្ទាល់ ព្រោះក្រុមហ៊ុនមានចម្ការដាំដុះដំណាំស្វាយប្រមាណ ៦០០ហិតា ដែលអាចយកមកផ្គត់ផ្គង់ក្នុងរោងចក្រប្រមាណ ១០% ផងដែរ។
«សម្រាប់ស្វាយកែវរមៀតស្រស់ដែលនាំចូលមកក្នុងរោងចក្រ មិនមែនជាប្រភេទស្តង់ដារស្វាយលេខ ១ ឬលេខ ២ នោះទេ ព្រោះប្រភេទស្វាយលេខ ១ និង ២ គឺសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទាំងស្វាយខ្ចប់ និងស្វាយខៀវ។ សម្រាប់រោងចក្រ នាំចូលប្រភេទស្វាយលេខ ៣ ហើយទំហំអាចទទួលយកបានចន្លោះពី ៣-៤ ស្វាយ ស្មើ ១គីឡូក្រាម»។ ប្រភពបញ្ជាក់បន្ថែម។
ស្វាយកែវរមៀតអាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ គឺចាប់ពីខែកុម្ភៈដល់ខែមិថុនា និងមួយលើកទៀតចាប់ពីខែ តុលា-ធ្នូ។ នៅក្នុងខែចន្លោះពីខែ កុម្ភៈដល់ខែមិថុនា ដែលជារដូវប្រមូលផលស្វាយអាចនឹងមានបញ្ហាចាល់តម្លៃ។ បើតាមអ្នកតំណាងរោងចក្រ ជាធម្មតាទេសម្រាប់តម្លៃស្វាយកែវរមៀតក្នុងរដូវប្រមូលផលនេះនឹងរាងធ្លាក់ថ្លៃបន្តិច ដោយសារតែពលរដ្ឋប្រមូលផលដំណាលគ្នាដែលធ្វើឲ្យបរិមាណស្វាយមានចំនួនកើនឡើង។
លោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្តកំពង់ស្ពឺបានឲ្យ «កម្ពុជាថ្មី» ដឹងដែរថា ទីផ្សារស្វាយមានការឡើងចុះ។ បច្ចុប្បន្ននេះស្វាយកែវរមៀតនៅក្នុងខេត្តកំពង់ស្ពឺផ្ទាល់ បានធ្លាក់មកនៅតម្លៃ ៤០០ ទៅ ៤៥០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ការនាំចេញ។ ក្នុងនោះមានឈ្មួញកណ្ដាល និងកសិករ ចុះទៅទិញយកដល់ចម្ការ និងកសិករប្រមូលផលដឹកយកទៅដល់រោងចក្រផ្ទាល់ អាចទទួលបាន ៥០០ រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម។
លោកបន្តថា ជាធម្មតាតាមរោងចក្រកែច្នៃនីមួយៗក្នុងខេត្ត សុទ្ធសឹងតែមានតម្រូវការ និងចំនួនកំណត់ក្នុងការនាំចូល ស្តុកទុកកែច្នៃក្នុងរោងចក្រជាស្វាយដំណាប់ជាផលិតផលសម្រេច និងពាក់កណ្ដាលសម្រេច សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដូចជាប្រទេសចិន កូរ៉េ ទៅតាមពេលវេលាសមស្របណាមួយ។
«ស្វាយទើបតែធ្លាក់ចុះតម្លៃនាចុះរដូវប្រមូលផលនេះប៉ុណ្ណោះ ព្រោះកាលពីកំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈ តម្លៃស្វាយក្នុងខេត្តមានតម្លៃល្អ ដោយអាចលក់ចេញបានក្នុងតម្លៃចន្លោះពី ៩០០រៀល ទៅដល់ ១២០០រៀល ក្នុងមួយគីឡូក្រាមដែលស្វាយដើមរដូវប្រមូលផលបានល្អ និងមានតម្រូវការទីផ្សារច្រើន។ នេះបើតាមលោក ជូ សារឹម។
ទើបតែឈានមកដល់ចុងខែកុម្ភៈ ដល់ខែមីនា នេះ ស្វាយចាប់ផ្ដើមធ្លាក់ថ្លៃមកនៅចន្លោះពី ៤០០រៀល ទៅ ៥០០រៀលក្នុងមួយគីឡូក្រាម»។
ក្នុងនាមលោក ជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្តកំពង់ស្ពឺ លោកនៅតែតាមជួយគាំទ្រនិងជំរុញដល់ប្រជាកសិករ ឲ្យដាំដុះស្វាយស្របតាមលក្ខណៈបច្ចេកទេសស្តង់ដារ ដើម្បីអាចទទួលបានតម្រូវការទីផ្សារល្អ ហើយលោកក៏នឹងព្យាយាមស្វែងរកទីផ្សារសំដៅធ្វើយ៉ាងណាជួយឲ្យកសិករមានទីផ្សារល្អប្រសើរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ