ព័ត៌មានជាតិ
បណ្ឌិតសភាចារ្យ សុខ ទូច ៖ សុំឲ្យបេក្ខជនបណ្ឌិតនិងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ធ្វើខ្លួនឲ្យទៅជាឈើខ្លឹម
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបាន ទទូចសុំឲ្យបេក្ខជនបណ្ឌិតនិង និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ក្លាយខ្លួនជាឈើខ្លឹម ដើម្បីឲ្យសង្គមត្រូវការបានគ្រប់កាលៈទេសៈទាំងអស់ ចង់ធ្វើជាសរសររៀង សរសរក្រឡៅ ឬ ស្នៀតក៏បានប៉ុន្តែបើជាឈើពុកវិញមានតែសញ្ញាបត្រ គ្មានគុណភាពនោះ ទោះយកទៅធ្វើអ្វីក៏រលាយដែរ។
នៅក្នុងឱកាសបើកបវេសនកាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកបណ្ឌិតប្រធានបានបញ្ជាក់ថា ការរៀននៅរាជបណ្ឌិតសភាកម្ពុជាមាន៥ចំនុចគឺទី១រៀនដើម្បីភ្នែកភ្លឺហើយមើលឃើញ។ ដោយលោកបណ្ឌិតបានលើកឡើងថា “បើយើងអត់អានអត់រៀន គេនិយាយពីសម័យអង្គរ យើងក៏និយាយជាមួយគេមិនកើត ភ្នែកភ្លឺសោះមើលមិនឃើញ។ តែបើយើងបានរៀនទោះបីយើងបិទភ្នែកក៏យើងមើលឃើញដែរ។ តិចច្រឡំថា រៀនទៅក្លាយជាអ្នកមាន អ្នកធំអីនោះមិនមែនទេ។ ហើយក៏មានអ្នកមានជាច្រើន តែមិនមែនជាបណ្ឌិត ហើយបណ្ឌិតជាច្រើនក៏ អត់ក្លាយជាអ្នកមានដែរ។ តើហេតុអ្វីបានជាយើងរៀនបណ្ឌិត ដោយសារតែបណ្ឌិត មិនអាចផ្ទេរបាន។ ឧទាហរណ៍ដូចជា លោក គឹមជុងអ៊ុន មកពីគឹមជុងអ៊ុល តែដូចជារូបលោកផ្ទាល់វិញបណ្ឌិត សុខ ទូច ទៅផ្ទេរ បណ្ឌិតឲ្យកូនអត់បានទេ បើអាកូនឯងអត់រៀននោះ”។
ទី២រៀនឲ្យខ្ពស់ដើម្បីមើលឲ្យបានឆ្ងាយ មានន័យថា កាលណារៀនគេនិយាយពីពីរ៉ាមីត រៀនកាន់តែធំរៀងកាន់តែតូចៗទៅតែមុត ច្បាស់ ទៅលើមុខជំនាញរបស់ខ្លួនមិនមែនឲ្យតែបណ្ឌិត ចេះទាំងអស់ទេ ។ឧទាហរណ៍អ្នកអង្គុយខាងមុខ មើលមិនបានឆ្ងាយទេ ប៉ុន្តែអ្នកអង្គុយខាងក្រោយមើលបានទាំងអស់។ ហេតុនេះហើយ ទើបបានគេរើសយកបណ្ឌិតមករៀបចំចក្ខុវិស័យ រៀបចំគោលនយោបាយ ផ្សេងៗជាធាតុចូលជូនរដ្ឋ ឬស្ថាប័ន អង្គភាពរបស់ខ្លួនជាដើម។

ទី៣រៀនដើម្បីឲ្យក្លាយខ្លួនជាឈើខ្លឹម។ ឈើពុកទោះបីកំបិតមុតយ៉ាងណាក៏ដោយទៅសម្រួចក៏ឈើពុកនោះមិនស្រួចដែរ។ ឈើខ្លឹមបញ្ញវន្ត័ លំបាកសម្រួចណាស់ប៉ុន្តែបើស្រួចហើយមិនងាយទាលទេ យើងដឹងហើយថាការយកបញ្ញាវន្ត័ទៅប្រើប្រាស់គឺជាការលំបាក ព្រោះគេមានគំនិតផ្សេងពីយើង គំនិតបញ្ញាវន្ត័មិនដូចគ្នាទេ ។ការដែលមិនដូចគ្នានេះ គេប្រើប្រាស់ថាផ្កាចំរុះពណ៌។ ឈើពុកគេធ្វើបានតែម្យ៉ាងទេ គឺធ្វើជាចន្លុះ ។ តែបើឈើខ្លឹម គេយកទៅធ្វើអ្វីក៏បានដែរ ដូចជា ឈើខ្លឹម អាចដើរតួជាឈើពុកក៏បានដែរ ប៉ុន្តែឈើពុកមិនអាចធ្វើជាឈើខ្លឹមបានទេ ។តេស្តឈើខ្លឹម ពិបាកណាស់ ។ដូច្នេះ ឈើខ្លឹមត្រូវការចាំបាច់នៅក្នុងសង្គម មានការរីកចំរើន ពិបាកសម្រួច តែបើស្រួចហើយមុត ។ឈើខ្លឹមចង់យកទៅធ្វើអ្វីក៏បាន ដងពូថៅ ដងចប រលៀបផ្ទះក៏បានព្រោះខ្លឹម ប្រើប្រាស់បានគ្រប់កាលៈទេសៈ។ បញ្ញាវ័ន្តអាចទៅជាអ្នកស្រែក៏បាន តែអ្នកស្រែ ឲ្យទៅជាបញ្ញាវ័ន្តទៅមិនបានទេ បើមិនបានរៀន។ សង្គមមួយដែលសំបូរទៅដោយឈើពុក សង្គមនោះមិនអាចរីកចម្រើនបានទេ។
សង្គមដែលរីកចម្រើន គឺសង្គមដែលសំបូរទៅដោយឈើខ្លឹម ។ លោកបានធ្វើការប្រៀបធៀបការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឲ្យក្លាជាសសរទ្រូងរបស់ប្រទេសជាតិដែលពឹងផ្អែកទៅលើធនធានមនុស្សដែលមានតំលៃដូចជាខ្លឹមឈើ។

ទី៤រៀនដើម្បីសម្រេចគោលដៅ។ លោកបណ្ឌិតថា អ្នកដែលអត់រៀនក៏សំរេចគោលដៅបានដែរ តែមានចំនួនតិច។ ចំណែកអ្នករៀនអាចសំរេចគោលដៅបានពី៥០ទៅ៦០ភាគរយ។ លោកលើកឧទាហរណ៍ពីដូនតាខ្មែរតាមរយៈល្ខោនរឿង។ ល្ខោនគេថា កូនរាស្ត្របានត្រឹម អាគាំងចៅតា ដល់កូនស្តេចទៅរៀន អាយុបាន១៨ឆ្នាំថ្វាយបង្គំតាឥសី ម៉េចទៅ វិលមកវិញ មកធ្វើអ្វី មកគ្រោងរាជ្យ។
អក្សរសាស្ត្រជាកញ្ចក់ឆ្លុះបញ្ចាំងរាល់តថៈភាពសង្គម អក្សរសិល្ប៍បែបណាសង្គមបែបហ្នឹង។ អញ្ចឹងសម័យមុន មុននឹងឲ្យអ្នកឯងធ្វើអ្វី គេឲ្យទៅរៀនពីតាឥសីសិន ហើយ តាឥសីនោះគឺបណ្ឌិត។
ទី៥ រៀនដើម្បីបន្សល់ស្នាដៃជូនសង្គមនិងផែនដីនេះ។ លោកបណ្ឌិតថា គ្មានអ្នករៀនណាមួយដែលចេះធំធាត់ទៅមិនបន្សល់នូវស្នាដៃនោះទេ។ ឧទាហរណ៍”បើខ្ញុំលាចាកលោកនេះទៅខ្ញុំបានបន្សល់នូវសៀវភៅ ស្នាដៃជាច្រើន។ដូចគ្នាដែរដូចជាសម្តេចសង្ឃជួនណាត ដែលលោកបានសុគតទៅហើយ តែស្នាដៃរបស់ព្រះអង្គបានបន្សល់នូវវចនានុក្រម ដែលមានរហូតដល់សព្វថ្ងៃនេះ។
ជារួមតើហេតុអ្វីត្រូវសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា?លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការរៀននៅរាជបណ្ឌិត្យសភាកម្ពុជាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវសរសេរ សារណានិងថ្នាក់បណ្ឌិតត្រូវសរសេរ និក្ខេបបទ។
លោកបណ្ឌិតបានបញ្ជាក់ថា ការតម្រូវឲ្យមានការសរសេរ សារណានិងនិក្ខេបបទនេះសំខាន់ទី១សម្រាប់ទុកតម្កល់នៅក្នុងបណ្ណាល័យ សម្រាប់អ្នកសិក្សាបន្តអាចធ្វើការស្រាវជ្រាវជាភាសាខ្មែរបាន។ ម្យ៉ាងទៀត កុំនិទានរឿងដើម្បីឲ្យក្មេងៗឈ្លោះគ្នា។ យើងមានទឡ្ហីករណ៍សំខាន់ៗជាអំណះអំណាង។រៀនកាន់តែខ្ពស់អ្វីដែលយើងយកជាទឡ្ហីករណ៍គឺជាឯកសារយោង មិនមែនចេះតែថាតាមៗគ្នានោះទេ៕
ដោយ ៖ វត្តី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី