ព័ត៌មានជាតិ
អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើមបង្កើតសួនឧស្សាហកម្មបៃតងនៅកម្ពុជា
អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។

គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ ក៏ដូចជាការត្រៀមសហការក្នុងការចូលរួមផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សេវាទឹកស្អាត និងការអភិវឌ្ឍជំនាញជាដើម។
យ៉ាងណាមិញ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការជ្រើសរើសទីតាំងជាយុទ្ធសាស្រ្តនៃតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គម្រោងសាកល្បងនេះ គួរផ្អែកលើឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោង។
លោករដ្ឋមន្ត្រីបានស្នើឱ្យគម្រោងប្រើវិធីសាស្ត្រជាដំណាក់កាល ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជានិងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតុល្យភាពរវាងគោលដៅបរិស្ថាន ជាមួយនឹងតថភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។លើសពីនេះ លោកបានស្វាគមន៍ចំពោះវិនិយោគិន និងអ្នកអភិវឌ្ឍន៍សក្តានុពលក្នុងការរួមចំណែកដល់ជោគជ័យនៃសួនឧស្សាហកម្មបៃតងនេះ។
លោក សុខ ណារិន តំណាងឲ្យអង្គការ UNIDO ក៏បានរំលេចពីសារៈសំខាន់នៃការបញ្ចូលការគិតគូរពីបរិស្ថាន និងសង្គមទៅក្នុងការអភិវឌ្ឍឧស្សាហកម្ម ដោយសារនិន្នាការពិភពលោក ដែលអ្នកទិញផ្តល់អាទិភាពកាន់តែខ្លាំងចំពោះនិរន្តរភាព។
លោកបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងផ្តល់សក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងពង្រីកមូលដ្ឋានឧស្សាហកម្មប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះដោះស្រាយបញ្ហាបរិស្ថានចំពោះមុខ។
អង្គការ UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។ បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។
ទីប្រឹក្សានឹងសិក្សាតំបន់សេដ្ឋកិច្ចពិសេសពី ៦ ទៅ ១០ ទីតាំង ដោយផ្អែកលើស្តង់ដារទាំង ៦៤ ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈពេលមួយឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតទូទាំងប្រទេសកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ