ព័ត៌មានជាតិ
ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្ត្រ ២០២៤- ២០២៨ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ២០២៤ កាលពីថ្ងៃទី ២៧ មីនា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ បាននិងកំពុងយកចិត្តទុកដាក់រៀបចំផែនការយុទ្ធសាស្ត្រ (ESP) ២០២៤- ២០២៨ ដែលផ្ដោតការអនុវត្តលើគោលដៅច្បាស់លាស់តាមរយៈការបញ្ជ្រាបវិធានគន្លឹះ ៨ ក្នុងវិស័យអប់រំ ដូចជា ៖ (១).ការពង្រឹងអភិបាលកិច្ចសាលា។ (២).ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមក្រៅម៉ោងសិក្សាក្នុងស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងអាកប្បកិរិយា។ (៣).ការថែរក្សាសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងគុណភាពអាហាររបស់សាលាគ្រប់គ្រង។ (៤).ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក់ស្លោករដ្ឋ និងសហគមន៍ភាពជាដៃគូសម្រាប់ការអប់រំ។ (៥).ការពង្រឹងការអប់រំឌីជីថល។ (៦).ជំរុញមជ្ឈមណ្ឌលឧត្ដមភាពក្នុងការអប់រំឧត្ដមសិក្សា។ (៧).ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង (៨).អភិវឌ្ឍន៍ការអប់រំកាយ និងកីឡា។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីសម្រេចបាននូវការងារអាទិភាពទាំង ៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវគោលនយោបាយរួមមួយ ដើម្បីធានាបានថា ប្រជាជនកម្ពុជាគ្រប់រូប ទទួលបានការអប់រំប្រកបដោយបរិយាប័ន្ន និងសមធម៌ ចំណេះដឹង ជំនាញ និងគុណតម្លៃ ដើម្បីសុខភាពល្អ កាយសម្បទា និងការសិក្សាពេញមួយជីវិត។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា តាមរយៈផែនការយុទ្ធសាស្ត្រអប់រំ (ESP) ២០២៤-២០២៨ ក្រសួងអប់រំ នឹងបន្តធ្វើកំណែទម្រង់កែលម្អ អនុវិស័យ នៃការអប់រំ យុវជន និងកីឡា នៅកម្ពុជា ការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សា ការអប់រំនៅវិទ្យាល័យ ការអប់រំក្រៅប្រព័ន្ធ យុវជន និងកីឡា។
លោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) និងជាប្រធានក្រុមការងារវិស័យអប់រំ (ESWG) បានសម្ដែងក្តីរីករាយ និងទទួលស្គាល់ពីភាពរីកចម្រើនជាច្រើនក្នុងវិស័យអប់រំ ពិសេសគឺការប្រកាសដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ និងជឿជាក់យ៉ាងមុតមាំថា ESP ថ្មីនេះ នឹងផ្ដោតលើការពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធអប់រំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាបានបង្ហាញការប្ដេជ្ញាចិត្តក្នុងភាពជាដៃគូអភិវឌ្ឍន៍ បន្តចូលរួមពង្រឹងប្រព័ន្ធគាំទ្រវិស័យអប់រំឆ្ពោះទៅកែលម្អលទ្ធផលសិក្សា ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

ដើម្បីជំរុញប្រសិទ្ធភាពការងារ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជាគន្លឹះៗ មួយចំនួន លើការបន្តអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីសិក្សា និងការអប់រំគ្រូបង្រៀន អនុវត្តផែនការអាទិភាពដោយផ្ដោតលើការរៀបចំគោលនយោបាយផ្អែកលើលទ្ធផល បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យកាន់តែប្រសើរ ឈានឆ្ពោះទៅសម្រេចគោលដៅរួមជាច្រើនទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង