Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការ​ឯកភាព​រាជធានី​បើក​កិច្ចប្រជុំ​​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​

បានផុស

នៅ

ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលវេលា​ថ្ងៃត្រង់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ពោលគឺ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយជាមួយ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ ពិសេស​នគរបាល អាវុធហត្ថ និង​មន្ដ្រី​សុខាភិបាល ត្រូវ​ធ្វើ​ការរួម​គ្នា​យ៉ាង​យកចិត្តទុកដាក់ ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រា​ដាល​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជម្ងឺ​នេះ​បាន​ផ្ទុះ​ចូលក្នុង​សហគមន៍​ជាថ្មី​ម្តងទៀត​គឺ ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​។​

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​អោយដឹងថា ក្នុង​កិច្ចប្រជុំ​នោះ ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានដាក់​បទបញ្ជា​បន្ដ​យ៉ាង​ម៉ឺងម៉ាត់​ជូន​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់​អាវុធ​ពាក់ព័ន្ធ ពិសេស​នគរបាល អាវុធហត្ថ និងមន្ដ្រី​សុខាភិបាល ត្រូវធ្វើ​ការរួម​គ្នា​យ៉ាង​យកចិត្ត​ទុក​ដាក់ ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រា​ដាល​ជំងឺ​កូ​វីដ​-១៩​។​

គួរ​បញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​២០​កុម្ភៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បទបញ្ជា និង​អំពាវនាវ​ចំនួន​៦​ចំណុច ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ទប់​ស្កាត់​ “ព្រឹត្តិការណ៍ ២០​កុម្ភៈ​” ដែលជា​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​កម្ពុជា​ជាថ្មី​ម្តង​ទៀត​។​

ការចេញ​បទបញ្ជា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ-​១៩ ចំនួន​៣២​ករណី នៅលើ​ខ្លួន​ជនជាតិ​ចិន ដែល​បាន​ចូលទៅ​កាន់​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ «N8» នៅ​តំបន់​កោះ​ពេជ្រ នៅ​យប់​ថ្ងៃទី​១៩ និង​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា និង​អំពាវនាវ​មួយចំនួន ក្នុងនោះ​ទី​១៖ ស្នើសុំ​ការយោគ​យល់​ពី​អ្នក​ធុរកិច្ច និង​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ដែល​អាជ្ញាធរ​តម្រូវឱ្យមាន​កា​រ​បិទ​អគារ ក្លឹប​កម្សាន្ត និង​តំបន់​មួយចំនួន​ដែល​ផ្ទុះ​ករណី​កូ​វីដ​១៩ ជា​ចាំបាច់​។ សម្តេច​ថ្លែងថា អ្នក​នៅ​តំបន់​នេះ​នឹង​មាន​ផលប៉ះពាល់ ប៉ុន្តែ​រាជរដ្ឋាភិបាល​គ្មាន​ជម្រើស​ទេ​។​ពលរដ្ឋ​ដែល​ក្នុង​តំបន់​នោះ អនុញ្ញាត​ឱ្យមាន​ការចូល​បើសិនជា​គាត់​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ចេញមកក្រៅ​នោះទេ​។​

​ទី​២៖ ត្រូវ​បន្ត​យក​សំណាក​ដើម្បី​ធ្វើតេស្ត​សម្រាប់​អ្នក​នៅក្នុង​តំបន់​មាន​ផ្ទុះ​កូ​វីដ​-១៩ លើក​នេះ ហើយ​បន្ទាប់ពី​ធ្វើតេស្ត ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ដើម្បី​រង់ចាំ​ការធ្វើ​តេស្ត​លើក​ទី​២ ដែល​ចំនួន​នៃ​ការធ្វើ​តេស្ត​អាច​នឹងមាន​ចំនួន​ច្រើន​។​

សម្តេច​បាន​ថ្លែងថា ប្រតិបត្តិការ​នេះ​ត្រូវធ្វើ​ឱ្យ​លឿន ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ធ្វើ​ការ​សហការ​ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ចូលទៅ​យក​សំណាក ដើម្បី​ធ្វើតេស្ត​។​សម្តេច​ស្នើឱ្យ​ក្រសួងសុខា​ភិ​បាល ពិចារណា​ក្នុងការ​ធ្វើតេស្ត​២​ដង​ឬ​៣​ដង​។​

ទី​៣៖ អាជ្ញាធរ​ត្រូវ​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទោះ​ទៅដល់​ទីណា​ក៏ដោយ​។ បណ្តា​ខេត្ត​ដែល​មិនទាន់​កើត ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​ការឆ្លង​បែបនេះ នឹង​បន្ត​រីក​រាលដាល​ទៅកាន់​បណ្តា​ខេត្ត ដែល​បទពិសោធន៍​កន្ល​ង​មក​មាន​រួចហើយ ដូចជា​ព្រឹត្តិការណ៍​៣​វិច្ឆិកា រាលដាល​ដល់​១០​រាជ​ធានី​-​ខេត្ត និង​២៨​វិច្ឆិកា​រាលដាល​ដល់​ជាង​២០​រាជធានី​-​ខេត្ត​ជាដើម​។ បណ្តា​ខេត្ត​ត្រូវមាន​ការសម្រប​សម្រួល និង​សហការ ដល់​ការស្វែងរក​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០​កុម្ភៈ​។​

ទី​៤៖ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ ហើយ​ក្រុមគ្រូពេទ្យ​ត្រូវខិតខំ​យក​សំណាក​។ ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក អ្នក​ដែលមាន អា​ផាត​មិន ត្រូវ​រស់នៅ​តាម​អា​ផាត​មិន អ្នក​ដែលមាន​ផ្ទះ ត្រូវធ្វើ​នៅតាម​ទីកន្លែង​ផ្ទះ​រៀងៗ​ខ្លួន ហើយ​អាជ្ញាធរ​ត្រូវ​ទទួលខុសត្រូវ​លើ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនេះ ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​កើតមាន​ករណី​ប៉ុន្មាន​ថ្ងៃមុន ដែល​ស្ត្រី​៤​នាក់ ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ចូល​ទៅវិញ​ដោយ​ក្នុងនោះ​មាន​២​នាក់ ត្រូវបាន​រកឃើញ​មាន​កូ​វីដ​-១៩ ដែល​ករណី​គឺមាន​ការជួយ​សម្រួល​ពី​សន្តិសុខ​។​

ទី​៥៖ អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​នឹង​ក្លឹប N8 ទាំងអស់ និង​ពាក់ព័ន្ធ​នឹង​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ទាំង​៣២​នាក់​នេះ ត្រូវមាន​ម្ចាស់ការ​មកឱ្យ​ពិនិត្យ​សំណាក ព្រោះ​បន្តទៅទៀត​ជំងឺ​ខ្លួនឯង​ក៏មាន ហើយ​អាច​បន្ត​ចម្លង​ធំ​ទៅៗ ដែល​យើង​ត្រួតត្រា​លែង​បាន​។ សម្តេច​ស្នើឱ្យ​មានការ​យកចិត្តទុកដាក់​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​។​

ទី​៦៖ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ពលរ​ដ្ឋ​នៅ​ភ្នំពេញ និង​តំបន់​ដទៃទៀត តែ​ពិសេស​រាជ​ធានី​ភ្នំពេញ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​រឹតបន្តឹង​ក្នុងការ​អនុវត្ត​វិធានការ​៣​ការពារ និង​៣​កុំ​។ សម្តេច​ប្រកាស​ឱ្យ​អនុវត្ត​ការពាក់​ម៉ាស់​នៅ​គ្រប់​ទីធ្លា​សាធារណៈ​ទាំងអស់ ដោយ​រក្សា​គម្លាត និង​លាង​ដៃ​។ សម្តេច​តេ​ជោ ហ៊ុន សែន មិន​ចេញ​បញ្ជា​ឱ្យ​បិទ​ពិធីមង្គលការ ឬ​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​ទេ ក្នុងករណី​ដែល​ពលរដ្ឋ​អនុវត្ត​វិធានការ​ត្រឹមត្រូវ តែ​សម្តេច​អំពាវនាវ​ឱ្យ​អនុវត្ត​វិធានការ​៣​កុំ​៣​ការពារ​។ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន បើ​គ្មាន​ការចាំ​បាច់ សូមកុំ​ចេញពីផ្ទះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា​ប្រជាពលរដ្ឋ​ទាំងអស់ នឹង​បន្ត​ចូលរួម​ជាមួយ​វិធានការ «៣​ការពារ​៣​កុំ​»៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម