ព័ត៌មានជាតិ
គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអង្គការទស្សនៈពិភពលោកកម្ពុជា បានរៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីបង្ហាញសមិទ្ធផលលើការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិកាផ្សព្វផ្សាយស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនេះ បានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ នៅទីតាំងអគារពាណិជ្ជកម្ម Factory Phnom Penh។ គោលបំណងនៃវេទិកានេះ គឺបង្ហាញនូវសមិទ្ធិផលនៃការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្របសម្រួលគាំទ្រពីធនាគារពិភពលោក តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) និងដៃគូអភិវឌ្ឍន៍នានា ដែលកំពុងរួមចំណែកជំរុញគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា តាមរយៈការពង្រឹងការផ្តល់សេវានៃរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌ សំដៅលើកកម្ពស់ការចូលរួមពីពលរដ្ឋក្នុងការកែលម្អការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

វេទិកាផ្សព្វផ្សាយនេះ មានអ្នកចូលរួមមកពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល យុវជន ដើម្បីមានឱកាសស្វែងយល់ពីដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ដែលបាននិងកំពុងអនុវត្តក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ដោយទទួលបានលទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ វេទិកានេះនឹងជួយបង្កើនការចាប់អារម្មណ៍ពីអ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានាក្នុងការគាំទ្រ និងប្តេជ្ញាចិត្តរៀបចំដំណើរការអនុវត្តគណនេយ្យភាពសង្គមទៅក្នុងយន្តការស្ថាប័នដែលមានស្រាប់ ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។

ជាការគត់សម្គាល់ តាមរយៈការអនុវត្តការងារគណនេយ្យភាពសង្គម ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ មានគម្រោងសកម្មភាពប្រមាណ ៦៤ ០០០ នៃផែនការសកម្មភាពរួមស្តីពីគណនយ្យភាពសង្គម ដែលបានព្រមព្រៀងគ្នារវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសម្រាប់ការកែលម្អសេវារដ្ឋបាលឃុំ សង្កាត់ ដែលសកម្មភាពចំនួន៦៤% បានបញ្ចប់។ ក្នុងនោះ សាលាបឋមសិក្សា ៩១% នៅក្នុងតំបន់គោលដៅរបស់គម្រោងបានបំពេញតាមស្តង់ដាការងារក្នុងឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋ ៦៨% ពេញចិត្តនឹងគុណភាពនៃសេវាសាលាបឋមសិក្សា។ ដូចគ្នានេះ នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋ ៧៧% ពេញចិត្តនឹងគុណភាពនៃសេវាដែលផ្តល់ដោយមណ្ឌលសុខភាព។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា នៅក្នុងឆ្នាំ២០២៣ អង្គភាពផ្តល់សេវាជាង ៩ ៦០០ បានចូលរួមក្នុងដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ដែលក្នុងនោះ រួមមាន រដ្ឋបាលឃុំ សង្កាត់ចំនួន១ ៥៤៥ នៃចំនួនឃុំ សង្កាត់សរុប១ ៦៥២ សាលាបឋមសិក្សាចំនួន ៦ ៨២២ នៃចំនួនសាលាបឋមសិក្សាសរុប ៧ ២២៨ និងមណ្ឌលសុខភាពចំនួន១ ២៣៦ នៃចំនួនមណ្ឌលសុខភាពសរុប១ ៣០៥ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៣៧ នៃចំនួនក្រុង ស្រុក ខណ្ឌសរុប ២០៩។

ថ្លែងបើកក្នុងវេទិកានេះ លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លើកឡើងថា សមិទ្ធផលសំខាន់ៗនៃការអនុវត្តការងារគណនេយ្យភាពសង្គមនេះ ពិតជាកើតឡើងដោយការយកចិត្តទុកដាក់ ការចូលរួមគាំទ្រ និងកិច្ចសហការដែលមិនអាចខ្វះបានពីអ្នកពាក់ព័ន្ធនានា រួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពផ្តល់សេវាផ្ទាល់នៅមូលដ្ឋាន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា។
លោករដ្ឋលេខាធិការ ចាត់ទុកថា វេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គមពេលននេះ នឹងជួយលើកកម្ពស់ការយល់ដឹងអំពីការងារគណនេយ្យភាពសង្គម ដែលជាយន្តការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋានដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន។

លោក ចាន់ សុធា សង្ឃឹមថា ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល នឹងបង្កើនការគាំទ្ររបស់ខ្លួន ដើម្បីធានាឱ្យកិច្ចការនេះសម្រេចបានទៅតាមគោលបំណងរបស់ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ