ព័ត៌មានជាតិ
ឆ្នាំនេះ ក្រសួងអប់រំ គ្រោងបេក្ខជនជិត ៤ ពាន់នាក់ ដាក់ពាក្យសុំប្រឡងជ្រើសរើសអាហារូបករណ៍ទៅសិក្សានៅបរទេស
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងបេក្ខជនចំនួន ៣ ៨០០ នាក់ ដើម្បីដាក់ពាក្យសុំប្រឡងជ្រើសរើសអាហារូបករណ៍ទៅសិក្សានៅបរទេស ខណៈឆ្នាំនេះ ក្រសួង គ្រោងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រមាណជាង ៣០០ នាក់។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី ០២ មេសា នេះថា សម្រាប់ឆ្នាំ ២០២៤ នេះ ក្រសួងអប់រំ នឹងបញ្ជូននិស្សិតអាហារូបករណ៍ប្រមាណ ៣០២ នាក់ ទៅបន្តការសិក្សានៅបរទេសតាមបណ្តាប្រទេសនានាជាមិត្តរួមមាន ប្រទេសចិន បានផ្ដល់អាហារូបករណ៍កម្រិតក្រោយឧត្ដមសិក្សាចំនួន ៧០ នាក់ និងកម្រិតបរិញ្ញាបត្រ ២០ នាក់។
ប្រទេសជប៉ុន បានផ្ដល់អាហារូបករណ៍កម្រិតក្រោយឧត្តមសិក្សា ឧត្តមសិក្សា មធ្យមសិក្សា និងជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន ៥០ នាក់ និងសម្រាប់ការស្រាវជ្រាវចំនួន ៥ នាក់។ ចំណែកប្រទេសហុងគ្រី បានផ្ដល់អាហារូបករណ៍កម្រិតក្រោយឧត្តមសិក្សា និងឧត្តមសិក្សាចំនួន ៣០ នាក់។ ប្រទេសគូបា បានផ្ដល់អាហារូបករណ៍កម្រិនឧត្តមសិក្សា ២ នាក់ ប្រទេសវៀតណាម បានផ្ដល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រ ១០០ នាក់ ប្រទេសឡាវ បានផ្ដល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រ ១៥ នាក់ និងប្រទេសថៃ បានផ្ដល់អាហារូបករណ៍កម្រិតបណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រចំនួន ១០ នាក់។

លោកស្រី បានបន្តថា អាហារូបករណ៍ទាំងនេះមិនរាប់បញ្ចូលផ្សេងៗ ទៀត ដែលស្ថាប័ន ក៏ដូចជាប្រទេសមួយចំនួនផ្តល់ដោយជ្រើសរើសខ្លួនឯង និងមិនបូកបញ្ចូលហិរញ្ញប្បទានដែលក្រសួងអប់រំយុវជន និងកីឡា ផ្តល់តាមរយៈស្ថានទូតបារាំងនោះទេ។
លោកស្រី លើកឡើងថា ក្រសួងអប់រំ ស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្តល់ឱកាសអាហារូបករណ៍ ដើម្បីចូលរួមចំណែកការងារកំណែទម្រង់អប់រំ យុវជន និងកីឡា ព្រោះឱកាសអាហារូបករណ៍ឆ្លើយតបទៅនឹងការអប់រំពលរដ្ឋសកល ដែលមានបំណងចូលរួមពង្រឹងសមត្ថភាពសិស្ស-និស្សិតគ្រប់កម្រិត ឱ្យក្លាយជាពលរដ្ឋសកលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោក។

លោកស្រី បន្តឱ្យដឹងទៀតថា ជាងនេះទៀត ឱកាសអាហារូបករណ៍ទាំងអស់ដែលសិស្ស-និស្សិតកម្ពុជាទទួលបាន មានតួនាទីសំខាន់មួយក្នុងការចូលរួមលើកកម្ពស់គុណភាពមូលធនមនុស្សដែលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងអនាគត។
ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្សព្វផ្សាយជាសាធារណៈ និងលើកទឹកចិត្តសិស្ស-និស្សិតស្ដីពី ឱកាសអាហារូបករណ៍ជាតិ តំបន់ និងអន្តរជាតិ តាមយន្តការមានស្រាប់របស់ក្រសួង សហការជាមួយក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សាពាក់ព័ន្ធ ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា និងប្រទេសជាមិត្ត។ ក្រៅពីនេះមានផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់នៅទូទាំងរាជធានី-ខេត្តទាំង ២៥ តាមយន្តការផ្សេងៗ ដូចជា បណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងអប់រំ និងមន្ទីរ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងគ្រឹះស្ថានសិក្សាជាដើម។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសសរុបចំនួន ៦៧២ នាក់ ហើយបើចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២០ កម្ពុជា បានបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅតាមបណ្តាប្រទេសផ្សេងៗ ចំនួន ៣២ ប្រទេស សរុបចំនួន ១៩ ៥៤៦ នាក់ ក្នុងនោះស្រីចំនួន ៤ ២២៨ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?