ព័ត៌មានជាតិ
ហាងឆេងស្វាយទុំតាមផ្សារនៅខេត្តបាត់ដំបង! បើផ្លែធំល្អអាចលក់បានដល់ ៤៥០០ រៀលក្នុងមួយគីឡូ
នៅតាមបណ្តាទីផ្សារនានាក្នុងក្រុងបាត់ដំបង គេសង្កេតឃើញស្វាយទុំកែវរមៀតមានដាក់លក់ជាហូរហែនិងនៅតាមទីផ្សារតាមស្រុកមួយចំនួនក៏មានលក់ជាច្រើនផងដែរ ហើយតម្លៃមិនដូចគ្នានោះទេ។ កន្លែងខ្លះថ្លៃ កន្លែងខ្លះថោកសមរម្យ កន្លែងខ្លះថ្លៃគុណជាពីរក៏មាន ខណះដែលអ្នកលក់លើកហេតុផលតម្លៃអាស្រ័យទៅលើទំហំនិងគុណភាពរបស់ផ្លែស្វាយ ខណៈក៏មានប្រជាពលរដ្ឋដែលចូលចិត្តទិញយកទៅបរិគោគតាមតម្រូវការ។

កំពុងឈរចិតស្វាយទុំបរិភោគជាមួយបាយត្រីងៀត លោកស្រី ចាន់នី ក្នុងវ័យ ៤២ ឆ្នាំ រស់នៅសង្កាត់ រតនះ ក្រុងបាត់ដំបងបានឲ្យដឹងថា លោកស្រីទើបមកពីផ្សារទិញម្ហូបផ្សេងៗ ហើយដោយសារតែកូនៗរបស់អ្នកស្រីចូលចិត្តស្វាយទុំញាំជាមួយបាយ ទើបលោកស្រីទិញស្វាយទុំកែវរមៀតបានចំនួន ០៣ គីឡូក្រាម ដោយក្នុង ១ គីឡូក្រាមតម្លៃ ២៥០០ រៀល បើគិតជាចំនួនផ្លែបានចំនួន ៧ ផ្លែ។
លោកស្រីថា «តម្លៃប៉ុណ្នឹងខ្ញុំគិតថាអត់ថ្លៃទេ»។ ស្រ្តីរូបនេះបន្តថា ក្រុមគ្រួសារលោកស្រីចូលចិត្តបរិភោគស្វាយទុំជាមួយបាយណាស់ ជូនកាល ១ អាទិត្យ ៣ ដង បើអស់រដូវស្វាយគឺម្នាស់ទុំ។

ក្នុងសកម្មភាពកំពុងដកលុយចេញពីកាបូបអាប់ឲ្យអតិថិជន បណ្តើរឆ្លៀតប្រាប់កម្ពុជាថ្មីបណ្តើរ លោកស្រី ផានិត ជាអាជីវករលក់ស្វាយនៅក្នុងផ្សារ ១៣ មករា ក្នុងក្រុងបាត់ដំបងប្រាប់ថា នៅពេលដល់រដូវស្វាយទុំ តែងលក់រាល់រដូវកាលមិនដែលខកខានទេ។
ស្វាយដែលអ្នកស្រីដាក់លក់នេះគឺជាដំណាំផ្ទាល់ខ្លួន ដែលបានដាំជាកូនចម្ការនៅលើដីភូមិ។ ទាក់ទងតម្លៃ លោកស្រីប្រាប់ថា បើសិនផ្លែធំតម្លៃលក់បានចន្លោះពី ២ ៥០០ ដល់ ៣ ០០០ រៀលក្នុង ១ គីឡូក្រាម។ បើផ្លែតូចល្មមលក់បានពីចន្លោះ ១ ៥០០ រៀលទៅ ២ ០០០ រៀល។
មុខរបរលក់ស្វាយទុំប្រចាំរដូវ ស្រ្តីជាអាជីវករូបនេះបានបេះបន្ទុំលក់រាល់រដូវកាល គ្រាន់បានថវិកាទ្រទ្រង់ជីវភាពគ្រួសារពីមួយឆ្នាំដល់មួយឆ្នាំ ដោយមិនបានលក់បន្តដល់អ្នកផ្សេងនោះទេ។
អ្នកស្រី ផានិតប្រាប់ថា ដំណាំស្វាយ ដែលអ្នកស្រីបានដាំក្នុងដីភូមិ បានជួយដោះបន្ទុកសេដ្ឋកិច្ចគ្រួសារអ្នកស្រីបានយ៉ាងច្រើន ទាំងការបរិភោគប្រចាំថ្ងៃទាំងថ្លៃសិក្សារបស់កូនៗ ដែលអាចដោះស្រាយបានយ៉ាងសមរម្យដូចគេដូចឯងដែរ។ អ្នកស្រីថា ឲ្យតែដល់រដូវស្វាយទុំអ្នកស្រីលក់នៅតែទីផ្សាររហូត ដល់លក់ស្វាយអស់ទើបទំនេរ។ អ្នកស្រីបន្តថា ការលក់ដូរមិនជាហត់អីទេ ពេលខ្លះក៏សប្បាយចិត្តក្នុងការលក់ដាច់ច្រើន ពេលខ្លះក៏លក់សល់ តែក៏មិនមានការខាតបង់លុយកាក់អីដែរ បើទោះបីសល់ព្រោះដាំដោយខ្លួនឯង។
ដំណាំស្វាយ គឺជាផលិផលទំនៀមទម្លាប់របស់ខ្មែរ តែងនិយមបរិភោគដែលមិនអាចខ្វះបានទាំងផ្លែ ចាស់ ខ្ចី ទុំ ជាពិសេសផ្លែទុំភាគច្រើន ប្រជាជនយកធ្វើជាអាហារជាមួយត្រីងៀត ដែលជាទម្លាប់ពីដូនតា។ យ៉ាងណាមិញ មិនមានតួលេខណាមួយរកឃើញថា ការនិយមបរិភោគស្វាយទុំរបស់ប្រជាជនខ្មែរមានការថយនោះទេ។

បើតាមពលរដ្ឋប្រាប់ថា ស្វាយទុំដល់រដូវកៀកចូលឆ្នាំពិបាករកទិញ ហើយតម្លៃក៏ថ្លៃគួរសមដែរ។ តម្លៃស្វាយទុំបានចុះជាងដើមដៃ នៅសល់តែជាង ១ គីឡូក្រាមចន្លោះពី ១៥០០ រៀលទៅ ២០០០ រៀលប៉ុណ្ណោះ សម្រាប់តាមទីផ្សារនានាក្នុងក្រុង តែកន្លែងខ្លះក៏មានលក់ក្នុងតម្លៃ ៣០០០ ទៅ ៤០០០ រៀលផងដែរ ក្នុង១គីឡូក្រាម។
នៅក្នុងស្រុកមោងឫស្សី លោកស្រី ធីម អាជីករលក់ស្វាយទុំមួយរូបបានប្រាប់ថា ស្វាយទុំកែវរមៀតអាចលក់បានក្នុងតម្លៃចន្លោះពី ៣ ៥០០ រៀលទៅ ៤៥០០រៀលក្នុង១គីឡូក្រាម។
ស្រ្តីរូបនេះបានប្រាប់ថា លោកស្រីបានដើរទិញតាមភូមិ ក្នុង១គីឡូក្រាមចន្លោះពី ៣០០ ទៅ ៤០០ រៀល ដើម្បីយកមកបន្ទុំលក់បន្ត ដែលក្នុង១គីឡូក្រាមលក់បានចន្លោះពី ៣៥០០ រៀលទៅ ៤៥០០ រៀល។
លោកស្រី គឹមហន រស់នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ក្នុងដំណើរមកពីភ្នំពេញបានឈប់តាមផ្លូវពេលមកដល់ស្រុកសង្កែ អ្នកស្រីបានទិញផ្លែស្វាយទុំផ្ញើអ្នកផ្ទះចំនួន ៤ គីឡូក្រាម ដោយក្នុង ១ គីឡូក្រាមតម្លៃ ៣៥០០ រៀល បើផ្លែណាធំល្អ១គីឡូក្រាម ៤៥០០ រៀល ប្រហាក់ប្រហែលតម្លៃនៅក្នុងស្រុកមោងឫស្សីផងដែរ។


ទាក់ទិន្ននិងទិន្នផលផ្លែស្វាយនេះ បើយោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានបង្ហាញថា ខេត្តបាត់ដំបងបាននាំចេញផ្លែស្វាយស្រស់ នៅតាមច្រកព្រំដែនចំនួន ២ គឺច្រកព្រំដែន អូរអន្លក់ និងច្រកដូង ក្នុងស្រុកកំរៀង ក្នុងនោះច្រក អូរអន្លក់ ក្នុង ១ ថ្ងៃនាំចេញផ្លែស្វាយស្រស់ចំនួន ១៥ តោន និង ច្រកដូង នាំចេញបាន ១០០ តោនក្នុង១ ថ្ងៃ ហើយបើគិតត្រឹម ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ បរិមាណកសិផលផ្លែស្វាយដែលបាននាំចេញសរុប ១៥,៩៩៥ តោន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ