ព័ត៌មានជាតិ
ច្រកទ្វារអន្តរជាតិព្រំដែនចាំយាម កំពុងផ្តោតការយកចិត្តទុកដាក់សម្រួលបែបបទទទួលពលករខ្មែរមកពីថៃ
គ្រប់មន្រ្តី និងសមត្ថកិច្ចជំនាញប្រចាំការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាននឹងកំពុងផ្តោតយកចិត្តទុកដាក់ខ្ពស់អំពីការស្វាគមន៍ និងសម្របសម្រួលបំពេញបែបនានាជូនពលករខ្មែរមកពីប្រទេសថៃ។

ប្រមាណ២ថ្ងៃមកនេះ គេសង្កេតឃើញមានពលករខ្មែរដែលបម្រើការងារនៅបណ្តាខេត្តក្នុងប្រទេសថៃ បាននាំគ្នាចេញដំណើរជាបណ្តើរៗហើយមកជួបជុំសាច់ញាតិ បងប្អូន ម្តាយឪពុក នៅប្រទេសកំណើត ដោយឆ្លងដែនកាត់តាមព្រំដែនអន្តរជាតិចាំយាម។
លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ថា មន្រ្តីរដ្ឋបាល និងនគរបាលអន្តោប្រវេសន៍ យកចិត្តទុកដាក់យ៉ាងខ្លាំងការពិនិត្យផ្តល់សេវាឥតគិតថ្លៃជូនបងប្អូនពលករខ្មែរមកពីថៃ ដើម្បីផ្តល់ឱកាសដល់ពួកគាត់បានទៅលេងក្រុមគ្រួសារអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

បើតាមលោក សុវណ្ណ ប៊ុនធឿន ការអនុវត្តការងារនេះ ធ្វើឡើងតបតាមបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ស្នើសុំទៅរាជរដ្ឋាភិបាលថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើដំណើរចេញ-ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ការលើកលែងតម្លៃសេវា (Re-Entry Permit) គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករ កម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាព ក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទ អ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ទោះយ៉ាងណាលោក ប៊ុនធឿន ក៏បានណែនាំដល់ក្រុមពលករទាំងអស់ ពេលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ត្រូវទៅដោយស្របច្បាប់ទាំងអស់គ្នា ចៀសវាងទៅតាមមេខ្យល់ញុះញង់ ឬពុំមានតំណាងក្រុមហ៊ុនទទួលខុសត្រូវច្បាស់លាស់ដែលកត្តាហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួន។

លោកវរសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បង្ហាញថា ចាប់ថ្ងៃទី១ ខែមេសា ដល់ម៉ោង២រសៀលថ្ងៃទី៣ ខែមេសា នេះ មានពលករខ្មែរស្រីប្រុសសរុបជាង២០០នាក់ហើយ ក្នុងនោះមាន ស្រ្តីក្រោម១០០នាក់ ព្រមទាំងកុមារជាង៣០នាក់ដែលបានធ្វើដំណើរឆ្លងកាត់មកស្រុកកំណើតតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។

ចំណែកឯលោក អៀង វិចិត្រ និងអ្នកស្រី ង៉ែត ស្រីមុំ ជាពលករទៅធ្វើការងារនៅខេត្តត្រាត ប្រទេសថៃ បានរីករាយយ៉ាងខ្លាំងពេលដែលបានឆ្លងដែនមកប្រទេសកំណើតឆ្នាំនេះ មិនតម្រូវឱ្យមានការបង់ថវិកាលើសេវានានារបស់ថៃ។ ធៀបនឹងឆ្នាំទៅៗ ក្នុង១ម្នាក់ក៏ត្រូវចំណាយថវិកា១២០០០០រៀល ឬ១.០០០បាត ដើម្បីចាយទៅសេវារដ្ឋបាលមួយនេះ។
តំណាងពលករដដែល សូមថ្លែងអំណអរគុណដល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធដែលជួយសម្របសម្រួលមិនឱ្យមានការយកថ្លៃសេវាឆ្លងដែនឆ្នាំ ហើយក៏សង្ឃឹមថា ឆ្នាំក្រោយៗទៀតនឹងមិនយកថ្លៃសេវាផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក