ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី រំលេចសមិទ្ធផលសំខាន់ៗ ៧ ចំណុច របស់ក្រសួងមុខងារសាធារណៈ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលេចសមិទ្ធផលសំខាន់ៗ ចំនួន ៧ ចំណុច របស់ក្រសួងមុខងារសាធារណៈ។
ការរំលេចសមិទ្ធផលសំខាន់ៗ នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ» កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញ។
សមិទ្ធផលសំខាន់ៗ ចំនួន ៧ ចំណុច របស់ក្រសួងមុខងារសាធារណៈរួមមាន ៖
១.ក្រសួងបានធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញ រចនាសម្ព័ន្ធអង្គភាព និងមុខងាររបស់ខ្លួន ហើយបានធ្វើការកែទម្រង់ផ្ទៃក្នុងក្រសួង ដោយបានរៀបចំរចនាសម្ព័ន្ធក្រសួងឡើងវិញ ដើម្បីឲ្យសមស្របទៅនឹងអាទិភាពការងារ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដោយអង្គភាពខ្លះ ត្រូវបានច្របាច់បញ្ចូលគ្នា ដូចជា អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានកិច្ចការទូទៅ ត្រូវបានបញ្ចូលគ្នាទៅជាអគ្គលេខាធិការដ្ឋានរបស់ក្រសួង អង្គភាពខ្លះ ត្រូវបានលុបចេញ និងខ្លះទៀត ត្រូវបានកែប្រែ ដោយផ្នែក ឬ ទាំងស្រុង។ ការកែសម្រួលនេះ ត្រូវបានអនុវត្តឈរលើមូលដ្ឋាន នៃការវិភាគមុខងាររបស់ក្រសួង ក៏ដូចជាការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ អង្គភាព មុខងារ និងរំហូរការងាររបស់គ្រប់អង្គភាពចំណុះ គួបផ្សំនឹងបទពិសោធ នៃការអនុវត្តការងារកន្លងមកដោយផ្អែកលើរចនាសម្ព័ន្ធពីមុន បញ្ហាប្រឈម និងការលំបាកនានា ដែលមន្ត្រី និងអង្គភាព ជួបប្រទះ និងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយនីតិវិធី និងការសម្របសម្រួលមិនចាំបាច់ផ្សេងៗ និងបង្កើនការទទួលខុសត្រូវរបស់អង្គភាពនីមួយៗ។ ជាលទ្ធផល នៃការកែសម្រួលរចនាសម្ព័ន្ធនេះ ការបំពេញការងាររបស់មន្ត្រីតាមអង្គភាពមានភាពរលូន និងកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ក្រសួង ក៏បានធ្វើការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ និងមន្ត្រី ទាំងកម្រិតនយោបាយ និងបច្ចេកទេស ឲ្យស្របនឹងការកែសម្រួលរចនាសម្ព័ន្ធក្រសួង ក៏ដូចជា តួនាទី ភារកិច្ច និងបេសកកម្មរបស់ក្រសួង ជាពិសេសបេសកកម្មក្នុងការអនុវត្តវិធានការគន្លឹះទាំងបី ព្រមទាំងមានរបបប្រជុំត្រួតពិនិត្យ និងរាយការណ៍ជាទៀងទាត់ ដើម្បីពិភាក្សា ដោះស្រាយបានទាន់ពេលវេលានូវបញ្ហាប្រឈមនានា និងធានានូវប្រសិទ្ធភាពការងារ។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងក្នុងនាមជាស្ថាប័នដឹកនាំ និងសម្របសម្រួលកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំយន្តការស្ថាប័នពេញលេញ និងសមស្រប ដើម្បីគាំទ្រដល់ដំណើរការ នៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ការកែសម្រួល និងការរៀបចំទាំងនេះ ត្រូវបានអនុវត្តដោយឆាប់រហ័ស និងទាន់ពេលវេលាស្របតាមការចង្អុលទិសរបស់ សម្ដេចមហាបវរធិបតី គឺ “រៀបចំផ្ទះខ្លួនយើងឲ្យរៀបរយជាមុនៗ នឹងអនុវត្តការងារផ្សេងទៀត”។
២.ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ត្រូវបានកែលម្អជាលំដាប់ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ រួមជាមួយនឹងការពង្រឹងការគ្រប់គ្រងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ការគ្រប់គ្រង ការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការនៅរៀងរាល់ពីរសប្ដាហ៍ម្ដង ទៅតាមប្រព័ន្ធធនាគារ ការរៀបចំដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ជាបន្តបន្ទាប់ ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការរៀបចំដំឡើងរបបសន្តិសុខសង្គមប្រចាំខែជូននិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងការរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការងារវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យមុខងារសាធារណៈ ពិសេសការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តមុខងារ និងការគ្រប់គ្រងមន្ត្រីរាជការ ដែលត្រូវបានផ្ទេរនៅក្នុងវិស័យអប់រំ ការលើកកម្ពស់សមភាពយេនឌ័រ និងជនមានពិការភាព ការពង្រឹង អធិការកិច្ច មុខងារសាធារណៈ និងការងារទំនាក់ទំនងអន្តរជាតិ និងអាស៊ាន។
៣.ក្រសួងមុខងារសាធារណៈ បានជំរុញ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ សមត្ថភាពមន្ត្រីរាជការរបស់ក្រសួង-ស្ថាប័ន តាមរយៈការបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ ពិសេសនៅសាលាភូមិន្ទរដ្ឋបាល ដែលបាននិងកំពុងធ្វើការបណ្ដុះបណ្ដាលមន្ត្រីរាជការ រួមមាន វគ្គបណ្ដុះបណ្ដាលដំបូង វគ្គបណ្ដុះបណ្ដាលបន្ត និងការបណ្ដុះបណ្ដាលវគ្គខ្លីៗ ជាច្រើនទៀត ក្នុងក្របខណ្ឌ ផ្ដល់ដោយក្រសួងមុខងារសាធារណៈ និងក្របខណ្ឌសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។
៤.ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងមន្ត្រីរាជការ ត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងមុខងារសាធារណៈ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ រួមមាន ការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាថ្មីក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឲ្យបានពេញលេញ ការរៀបចំតារាងទូទាត់បៀវត្ស ប្រព័ន្ធគ្រប់គ្រង សលាកប័ត្រព័ត៌មានមន្ត្រីរាជការស៊ីវិល ប្រព័ន្ធគ្រប់គ្រងការចូលនិវត្តន៍ ប្រព័ន្ធព័ត៌មានមន្ត្រីរាជការស៊ីវិល ប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់ប្រាក់ម៉ោងបន្ថែម សម្រាប់មន្ត្រីអប់រំប្រព័ន្ធគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា ប្រព័ន្ធគ្រប់គ្រងចរន្តឯកសារ និងប្រព័ន្ធគ្រប់គ្រងសលាកប័ត្រព័ត៌មានមន្ត្រីរាជការស៊ីវិល ក្នុងបណ្ណសារក្រសួងមុខងារសាធារណៈ ការបង្កើនសុវត្ថិភាពក្នុងការបញ្ចូលទិន្នន័យ ការរៀបចំអត្តសញ្ញាណបណ្ណមន្ត្រីរាជការប្រភេទថ្មីជាទម្រង់ ស្មាតកាត ដែលអាចប្រើប្រាស់ជាអត្តសញ្ញាណបណ្ណមន្ត្រីរាជការ និងជាបណ្ណអេធីអឹម សម្រាប់បើកប្រាក់បៀវត្សរ៍ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។
៥.ក្រសួងមុខងារសាធារណៈ បានបំពេញការងារ និងសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌ នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈពាក់ព័ន្ធនឹង ៖
៥.១ ការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ៖
-ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំអនុក្រឹត្យស្ដីពីការដាក់ឲ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានដឹកនាំ និងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”។
-ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ត្រូវបានអនុវត្តចំនួន ៥ លើក គឺ ៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ/សង្កាត់ ចំនួន ២៥០ នាក់ ការជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ការជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ការជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន និងការជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លើសពីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យក្នុងក្របខណ្ឌ នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីសម្រេច ទទួលស្គាល់បេក្ខជនចូលរួមការប្រឡងប្រជែង ដែលមានចំនួន ៣៣ ៣១៤ នាក់ ហើយដែលគ្រោងរៀបចំការប្រឡងប្រជែងនៅដើមខែឧសភា ឆ្នាំ ២០២៤។
-ក្រុមការងារបច្ចេកទេស នៃក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្ដីព្រាងឯកសារទស្សនាទាន និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេស/មន្ត្រីជំនាញ (ផ្អែកលើកិច្ចសន្យា) ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីឲ្យមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបនឹងសេចក្ដីត្រូវការ នៃការងារ និងអង្គភាពនីមួយៗ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
៥.២ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ៖
-ក្រុមការងារបច្ចេកទេស នៃក្រសួងមុខងារសាធារណៈ បានរៀបចំសេចក្ដីព្រាងឯកសារទស្សនាទាន និងសេចក្ដីណែនាំស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការរៀបចំធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិល របស់ក្រសួង-ស្ថាប័ន និងគ្រឹះស្ថានអប់រំ និងអង្គភាពសុខាភិបាលនៅមូលដ្ឋាន ព្រមទាំងបានរៀបចំសេចក្ដីព្រាងក្រមសីលធម៌ វិជ្ជាជីវៈ។
-កម្មវិធីបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំអង្គភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបន្តអនុវត្តដោយសាលាភូមិន្ទរដ្ឋបាល។
៥.៣ ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ៖
-សេចក្ដីព្រាងឯកសារទស្សនាទាន ស្ដីពីប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម និងកម្មវិធីលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ត្រូវបានគិតគូរ និងរៀបចំជាបណ្តើរៗ។
៦.ក្រសួងមុខងារសាធារណៈ បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដោយបានរៀបចំ និងដាក់ឲ្យអនុវត្តប្រព័ន្ធវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ ២០២៣ និងបានរៀបចំពិធីប្រកាសទទួលស្គាល់អង្គភាពជ័យលាភី ចំនួន ៣០ រួមមាន ៖ អនុវិទ្យាល័យចំនួន ១០ សាលាបឋមសិក្សាចំនួន ១០ និងមណ្ឌលសុខភាព ចំនួន ១០ និងបានប្រកាសដាក់ឲ្យអនុវត្តដាក់ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក សម្រាប់ឆ្នាំ ២០២៤។
៧.ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំរួចរាល់នូវសេចក្ដីព្រាងផែនការសកម្មភាពអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ឆ្នាំ ២០២៤ ដល់ ២០២៨ ហើយដែលគ្រោងដាក់ឆ្លងការពិនិត្យសម្រេចឲ្យបានរួចរាល់សម្រាប់ការដាក់ឲ្យអនុវត្តក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤។ ទន្ទឹមនេះ សេចក្ដីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ក៏ត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឲ្យបានសមស្រប ដើម្បីប្រើប្រាស់ជាផែនទីចង្អុលផ្លូវរយៈពេលមធ្យម និងវែង ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
សូមជម្រាបថា សន្និបាតក្រសួងមុខងារសាធារណៈ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤។ រសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ»៕
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់