ព័ត៌មានជាតិ
អង្គការភ្លែនអន្តរជាតិ រៀបចំវេទិកា ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា
អង្គការភ្លែនអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ បានរៀបចំវេទិការស្តីពី «ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារសម្រាប់ជាជម្រើសក្នុងការបង្កើតគោលនយោបាយ» នៅសណ្ឋាគារកាំបូឌីយ៉ាណា។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-299-1024x566.png)
វេទិការនេះ មានគោលបំណងផ្តល់ឱកាសដល់ភាគីខាងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលក្នុងការពិនិត្យមើលនិន្នាការសំនខាន់ៗ តម្រូវការ ភាពចន្លោះប្រហោងនៅក្នុងការឆ្លើយតបគោលនយោបាយ និងឧត្តមានុវត្ត ក៏ដូចជា ស្វែងរកចំណុចដែលអាចធ្វើការអន្តរាគមន៍រួមគ្នា។
រាជរដ្ឋាភិបាលប្រទេសកម្ពុជាបានបង្កើតក្របខណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយបន្ថយ អត្រាកង្វះអាហារូបត្ថម្ភកុមារនៅក្នុងប្រទេសកម្ពុជា។ ក្របខណ្ឌគោលនយោបាយទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រជាតិសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៩-២០២៣ ដែលផ្តោតលើការកាត់ បន្ថយអត្រាក្រិសក្រិនសម្រាប់កុមារអាយុក្រោម៥ឆ្នាំ ពី៣២% មកត្រឹម២៥% ត្រឹមឆ្នាំ២០២៣ និងអត្រាកុមារមានទំងន់ក្រោមស្តង់ដាពី១០% មកត្រឹម៨% ត្រឹមឆ្នាំ២០២៣ ខណៈផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដែលផ្តោតលើការបង្កើនការទទួលបានទឹកស្អាតនិងអនាម័យ៩០% ត្រឹមឆ្នាំ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-301-1024x768.png)
លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា វិស័យកសិកម្ម និងប្រព័ន្ធចំណីអាហារនៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវបានផាត់ចោល។ លោកបានបន្តទៀតថា ស្ថានភាពអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យនៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅតំបន់ដាច់ស្រយាល នៅតែជាការប្រឈមដែលត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីរដ្ឋាភិបាល។
លោកបានបន្ថែមថា “យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ២២% គឺក្រិសក្រិន ១០%ស្គមស្គាំង ១៦%មានទម្ងន់ក្រោមស្តង់ដា និងចំនួន៤% លើសទម្ងន់”។ លោកបានបន្ថែមទៀតថា “ទោះជាយ៉ាងណាក៏ដោយ អត្រានេះមានកម្រិតខ្ពស់នៅភូមិភាគឦសាន ជាពិសេស ខេត្តដែលជាតំបន់ការងាររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ស្ទឹងត្រែង រតនគិរី និងក្រចេះ អត្រាកុមារមានទម្ងន់ក្រោមស្តង់ដាមានចំនួន៣៤% ក្រិសក្រិនចំនួន៣៦% និងស្គមស្គាំងចំនួន១៥%”។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-300-1024x615.png)
យោងតាមការវាយតម្លៃបញ្ចប់គម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញថា មានកត្តាមួយចំនួនបានរួមចំណែកធ្វើឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា ដូចជា ការអនុវត្តការបញ្ចុក អាហារកុមារមិនត្រឹមត្រូវ តាមរបបអាហារអប្បបរមាដែលអាចទទួលយកបាន(Minimum Acceptable Diet- MAD) ដែលអាចប្រឈមនឹងហានីភ័យសុខភាពអាហារូបត្ថម្ភខ្ពស់។ លើសពីនេះទៅទៀត ការអនុវត្តអាហារូបត្ថម្ភល្អ ក្នុងចំណោមស្ត្រី និងអ្នកថែទាំកុមារដែលទទួលបានអាហារតិចជាង ៥ក្រុម ក្នុងចំណោម ១០ក្រុម បង្កើនលទ្ធភាពនៃកង្វះអាហារូបត្ថម្ភចំពោះកុមារ។
ការទទួលបានទឹកសុវត្ថិភាពសម្រាប់បរិភោគ គ្រឿងបរិក្ខារអនាម័យ និងលាងដៃនៅមានកម្រិត ក៏ធ្វើឱ្យមានហានីភ័យកង្វះអាហារូបត្ថម្ភ។ កត្តាភូមិសាស្ត្រ កុមារដែលរស់នៅ ក្នុងខេត្តរតនគិរី ស្ទឹងត្រែង គឺមានហានីភ័យខ្ពស់ជាងកុមារដែលរស់នៅក្នុងខេត្តក្រចេះ។ កុមារជនជាតិដើម ភាគតិច គឺប្រឈមនឹងហានីភ័យនេះខ្ពស់បើប្រៀបធៀបទៅនឹងកុមារជនជាតិខ្មែរ។ បន្ថែមពីនេះទៅទៀត កុមារដែលមានឪពុកម្តាយ ឬអាណាព្យាបាល មិនសូវទទួលបានការអប់រំ គឺប្រឈមនឹងហានីភ័យខ្ពស់ទាក់ទង នឹងបញ្ហាកង្វះអាហារូបត្ថម្ភ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/894344-1024x614.jpg)
អង្គការភ្នែនអន្តរជាតិកម្ពុជា បានចាត់វិធានការណ៍សំខាន់ៗជាច្រើនទាក់ទងនឹងបទអន្តរាគមន៍នានា ដែលគិតគូរដល់អាហារូបត្ថម្ភ ដើម្បីបង្ការ កំណត់ គ្រប់គ្រង ព្យាបាល និងស្តារនិតិសម្បទាកុមារដែលមាន បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម តាមរយៈវាស់ថ្លឹង តាមដានការលូតលាស់របស់កុមារ បង្កើតការគាំទ្រពីសហគមន៍ ផ្សព្វផ្សាយផលិតផលអាហារបំប៉នក្នុងស្រុក និងការចម្អិនបង្ហាញ គៀងគរការចូលរួមពីក្រុមឪពុកម្តាយ ក្រុមម្តាយដែលមានកូនក្រោមអាយុ ៥ឆ្នាំ។
ភស្តុតាងនៃភាពជោគជ័យពីការអនុវត្តគម្រោងរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា នៅក្នុងតំបន់គោលដៅ បានបង្ហាញ ពីផលជះជាវិជ្ជមាន ទៅលើអាហារូបត្ថម្ភរបស់កុមារ ដោយសារបើពិនិត្យមើលការប្រៀបធៀបបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារអាយុក្រោម ៥ឆ្នាំ នៅពេលវាយតម្លៃមុនគម្រោងចាប់ផ្តើម និងវាយតម្លៃពេលបញ្ចប់គម្រោង បានបញ្ជាក់ថា កង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ទាំងអស់ ជាពិសេសកុមារដែលមានអាយុក្រោម ៥ឆ្នាំ ត្រូវបានថយចុះ។ កុមារដែលមានទំងន់ក្រោមស្តង់ដាបានថយចុះពី៣៤% មកត្រឹម២៦% ក្រិសក្រិនពី៣៦% មកត្រឹម៣២% និងស្គមស្គាំងពី១៥% មកត្រឹម១១%៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?