ព័ត៌មានជាតិ
ពលករខ្មែរវិលត្រឡប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយកថ្លៃសេវាទិដ្ឋាការចេញ-ចូល អំឡុងចូលឆ្នាំ
កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញនេះ ពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំខ្មែរ លើកឡើងថា ខ្លួនសប្បាយចិត្តដែលរាជរដ្ឋាភិបាលជួយសម្រួលមិនយកថ្លៃសេវាបង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក។

ការលើកឡើងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរកំពុងធ្វើការ និងរស់នៅប្រទេសថៃ ដែលវិលត្រឡប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤។
លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ លើកឡើងថា «អរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមិនយកកម្រៃសេវាបង់ប្រាក់ចេញ-ចូលដល់ពលករខ្មែរដែលធ្វើការ និងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ»។

ពលកររូបនេះ អរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ដល់ពលករដែលវិលត្រលប់មកលេងស្រុកកំណើត ហើយបានផ្តល់អាហារសម្រន់ដូចជា នំប៉័ង និងទឹកសុទ្ធ រួមទាំងការជួយសម្រួលកិច្ចការងារផ្សេងៗ ជូនដល់ពលករតាមច្រកព្រំដែនផងដែរ។
លោក ភារុន ជាពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ទៀត ក៏បានលើកឡើងដែរថា «ខ្ញុំមកលេងស្រុកកំណើតនៅឆ្នាំនេះអត់មានការបង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំចំណាយតែទៅលើការធ្វើដំណើរពីក្រុងបាងកក មកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយចិត្ត ព្រោះកាត់បន្ថយចំណាយបានខ្លះដែរ»។

គួរកត់សម្គាល់ថា ត្រឹមថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ ពលរដ្ឋខ្មែរ បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០ នាក់ ក្នុងនោះច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ១៨,២៩៥ នាក់។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើររបស់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានមន្ត្រីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រចាំការនៅទីនោះផងដែរ។
គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រឡប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ