ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ពលរដ្ឋម្នាក់ជាអ្នកប្រឆាំងព័ត៌មានក្លែងក្លាយម្នាក់
ខណៈពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ន ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ បច្ចេកវិទ្យានេះ បានក្លាយជាមធ្យោបាយមួយមិនអាចខ្វះបាន ដើម្បីទទួលព័ត៌មាន ដោយសារតែភាពងាយស្រួល រហ័ស និងអត្ថប្រយោជន៍របស់វាសម្រាប់ការងារ និងការរស់នៅប្រចាំថ្ងៃ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-357-1024x614.png)
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងមជ្ឈដ្ឋានសាធារណៈទូទៅ ការចែកចាយបន្តនូវព័ត៌មានណាមួយលើបណ្តាញទំនាក់ទំនងសង្គម ឬប្រព័ន្ធឌីជីថលផ្សេងទៀត ប្រព្រឹត្តឡើងដោយសារតែព័ត៌មាននោះ ជាព័ត៌មានគួរឱ្យចាប់អារម្មណ៍ ហើយអ្នកប្រើប្រាស់ចង់ចែករំលែកវាឱ្យបានមុនគេដល់មិត្តភ័ក្តិ និងអ្នកប្រើប្រាស់ដទៃទៀតក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយពុំបានផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុន និងមិនបានគិតដល់ហានិភ័យដែលអាចកើតឡើងប្រសិនបើវាជាព័ត៌មានក្លែងក្លាយ មុនចែកចាយបន្តឡើយ។ នេះ គឺជាឥរិយាបទរបស់អ្នកប្រើប្រាស់ដែលកើតឡើងជាប្រចាំ ហើយដែលគេអាចនិយាយបានថា វាបានក្លាយជាទម្លាប់ទៅហើយក្នុងចំណោមអ្នកប្រើប្រាស់មួយចំនួន។
អ្នកនាំពាក្យដដែលរូបនេះ បានបន្តទៀតថា ជាការពិត ព័ត៌មានក្លែងក្លាយបានកើតឡើងនៅក្នុងសង្គម និងជាយូរមកហើយ តែដោយសារវត្តមាននៃប្រព័ន្ធព័ត៌មានឌីជីថលសំបូរបែប ស្របគ្នាជាមួយនឹងនិន្នាការប្រើប្រាស់មធ្យោបាយទំនើបនាពេលបច្ចុប្បន្នកើនឡើងផងក្នុងការទទួលព័ត៌មាន វាបានធ្វើឱ្យការសាយភាយនូវព័ត៌មានក្លែងក្លាយមានសន្ទុះខ្លាំងឡើង ដោយវាអាចធ្វើចរាចររហ័សក្នុងចំណោមប្រជាជនរាប់លាននាក់ ដោយស្ទើរគ្មានការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីគុណភាពព័ត៌មានទាំងនោះជាមុនឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-358-1024x614.png)
ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយចំនួនជាង ៣ពាន់ ករណី។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយសរុបចំនួន ៨៧០ករណី ដែលចំនួននេះបានកើនឡើងចំនួនប្រមាណ ១១ភាគរយ បើប្រៀបធៀបនឹងចំនួនកត់ត្រាទុកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ៧៨០ករណី។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ចំនួននេះ នៅមិនទាន់រាប់បញ្ចូលនៅឡើយនូវចំនួនករណីព័ត៌មានក្លែងក្លាយដែលអាចត្រូវបានកត់ត្រាទុកដោយស្ថាប័នរដ្ឋ ឬឯកជនផ្សេងទៀតនៅកម្ពុជា។ ស្ថានភាពនេះ ធ្វើឱ្យគ្រួសារ សហគមន៍ សង្គមទាំងមូល ជាពិសេស អ្នកប្រើប្រាស់កាន់តែប្រឈមខ្លាំងឡើងនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងហានិភ័យផ្សេងៗទៀតមិនអាចប៉ាន់ស្មានបាន។ លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ វាទាមទារឱ្យយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដោយបង្កើនការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ទ្វេដង មុននឹងសម្រេចចិត្តចែកចាយ ឬផ្សព្វផ្សាយព័ត៌មានអ្វីមួយទៅអ្នកដទៃ»។
ក្រសួងព័ត៌មាន ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក្រោមការដាក់ចុះនូវគោលដៅការងារជាអាទិភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អ ដើម្បីធានាការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធព័ត៌មានបែបឌីជីថល ជាតួអង្គដ៏សំខាន់មួយក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ។
លោកបានគូសបញ្ជាក់បន្ថែមថា កាលណាប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ព័ត៌មាន ចេះផ្ទៀងផ្ទាត់មុននឹងចែកចាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ ពេលនោះម្នាក់ៗនឹងរួមចំណែកក្នុងការកាត់បន្ថយព័ត៌មានបែបបំពុល និងព័ត៌មានក្លែងក្លាយពីក្នុងលំហព័ត៌មានបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងសង្គម បង្ការការខាតបង់ពេលវេលា ប្រាក់កាស និងបញ្ជៀសព្យសនកម្មជាយថាហេតុនានាក្នុងសង្គមគ្រួសារ និងសង្គមជាតិ តែចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ។
លោក ទេព អស្នារិទ្ធ បានបន្ថែមទៀតថា៖ «យើងត្រូវចងចាំថាព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត»។ ដូច្នេះប្រជាពលរដ្ឋម្នាក់ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន។ ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអាន និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន។ ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀត ដូចជា ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី មានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថា វាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវ មុននឹងចែកចាយបន្ត។
ទី៣.ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពព័ត៌មានអាទិភាពសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ។ ទី៤.ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើង សម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?