Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់នៅ​រមណីយដ្ឋានអង្គរ​ក្រោយ​ឆ្នាំ ២០០៤ គឺ​ខុសច្បាប់ ត្រូវ​ផ្លាស់ទៅ​តំបន់​អភិវឌ្ឍន៍ថ្មី

បានផុស

នៅ

ថ្លែងនៅ​ក្នុង​សន្និសីទ​នា​ព្រឹកមិញ​នេះនៅទីស្តីការ​​ក្រសួង​ព័ត៌មាន មន្រ្តីរដ្ឋាភិបាល​បាន​គូស​បញ្ជាក់​ថា ពលរដ្ឋ​ដែលមក​តាំង​លំនៅក្នុង​​តំបន់​រមណីយដ្ឋានអង្គរ​ក្រោយ​ឆ្នាំ ២០០៤ គឺ​ខុសច្បាប់ ហើយចាំបាច់​​ត្រូវតែ​​​ផ្លាស់​ទៅរស់នៅ​ក្នុង​តំបន់អភិវឌ្ឍ​ថ្មី​ដែល​រដ្ឋាភិបាល​​បាន​រៀបចំទុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ រ៉ាអ៊ូល ម៉ាក ជេនា ​ទី​ប្រឹក្សារាជ​រដ្ឋាភិបាល​និង​ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​មួយ​រូប​បាន​បញ្ជាក់នៅ​​ក្នុង​សន្និសីទ​ថា កាលពី​​ឆ្នាំ ២០០៤ មាន​ការ​ចុះ​អង្កេតកំណត់អត្តសញ្ញាណ​​​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ​។ ការ​ចុះកំណត់អត្តសញ្ញាណដើម្បី​ដឹង​ពី​តួលេខ​ជាក់ស្តែង​ពលរដ្ឋ​​រស់នៅ​តំបន់អង្គរ ដើម្បី​​ចុះ​បញ្ជី​ទទួល​ស្គាល់​ពី​អាជ្ញាធរ។

ក្រោយ​កំណត់​អត្តសញ្ញាណជាមួយតួលេខ​ជាក់លាក់ រដ្ឋាភិបាល​បាន​​ចេញ​សេចក្ដីសម្រេច ចាប់​ពី​ឆ្នាំ ២០០៤ ពលរដ្ឋ​ចំណូល​ថ្មី​ដែល​មក​តាំងទី​​លំនៅ​បង្កើត​ជា​គ្រួសារ​ នឹង​មិន​​ត្រូវ​បាន​ទទួល​ស្គាល់​​ជា​ប្រជាជន​ដើម​ស្របច្បាប់នោះទេ។ អីចឹង​មានន័យ​ថា អ្នក​ដែលមក​រស់នៅ​តំបន់​អង្គរ​ចាប់ពី​ឆ្នាំ ២០០៤ គឺខុស​ច្បាប់​​មិនអាចស្នាក់​និង​រស់នៅ​បាននោះ​ទេ​។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​យូរ​លង់​មុន​ឆ្នាំ ២០០៤ ត្រូវបាន​អនុញ្ញាត​ឱ្យរក្សាទីលំនៅដដែលដោយ​មិន​តម្រូវឱ្យមានការ​ចាកចេញឡើយ។

លោកបន្ត​ថា តំបន់​រមណីយដ្ឋាន​អង្គរ​​គ្រប​ដណ្តប់លើ​​ចំនួន ១១២ ភូមិ ហើយ​តាម​ទិន្នន័យ​ជំរឿន​នៅ​ឆ្នាំ ២០២២ ពលរដ្ឋ​ដែល​មក​តាំង​លំនៅ​ដោយ​ខុស​ច្បាប់​ចាប់ពី​​ឆ្នាំ ២០០៤ មាន​ជាង ៦ ម៉ឺន ៧ ពាន់​គ្រួសារ។

លោកបន្តទៀត​ថា រដ្ឋាភិបាល​បានដាក់​ចេញ​​គោលការណ៍ផ្លាស់ទី​លំនៅ​របស់​ពលរដ្ឋ​រស់នៅ​ខុស​ច្បាប់​ទៅ​តំបន់​អភិវឌ្ឍថ្មី​​ ដើម្បី​ការពារ​តម្លៃ​នៃ​តំបន់រមណីយដ្ឋាន​អង្គរ​ ដែលត្រូវ​​បាន​ចុះ​បញ្ជីជា​សម្បត្តិបេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

បើតាម​មន្រ្តី​ទីប្រឹក្សា​រដ្ឋាភិបាល​​ ការ​ផ្លាស់​មក​​តំបន់​អភិវឌ្ឍ​ថ្មី​ជា​ជម្រើស​ដ៏​​ប្រសើរ​ ដែល​ពលរដ្ឋ​មានកម្មសិទ្ធិ​ពេញ​លេញ​លើការ​គ្រប់គ្រង​​ដីធ្លី ខណៈ​ដែលរ​ដ្ឋាភិបាល​កំពុង​រៀបចំអភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​គាំទ្រ​ដល់ពលរដ្ឋ​ផ្លាស់​ទីលំនៅ​មក​​រស់នៅ​។

ទាក់ទង​កិច្ចការពារ​ដល់រមណីយដ្ឋាន​អង្គរ លោក​ រ៉ាអ៊ូល ម៉ាក ជេនា ក៏​​បាន​លើក​ពី​ការ​ព្រមាន​របស់​អង្គការ​យូណេស្កូ ដែល​បាន​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​កម្ពុជា​ ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​ការពារ​រមណីយដ្ឋាន​អង្គរ​ចៀសវាង​ការ​ដក​ចេញ​ពី​បញ្ជី​របស់​អង្គការ​មួយនេះ។

បើ​តាម​លោក​ រ៉ាអ៊ូល ម៉ាក ជេនា ការ​ការពារ​រមណីយដ្ឋាន​អង្គរ​មាន​សារសំខាន់​ណាស់។ ការ​ព្រមានក្នុង​ការ​ដក​រមណីយដ្ឋាន​អង្គរ​របស់​កម្ពុជា​ចេញពី​អង្គការយូណេស្កូ​មិន​មែន​ជា​ការ​លែង​សើច​នោះ​ទេ។​

លោក​បាន​លើក​ឡើងថា ជា​​រៀងរាល់​ឆ្នាំ​តែងតែ​មានការ​ដក​រមណីយដ្ឋាន​វប្បធម៌​​ជាច្រើន​ពី​បញ្ជី​អង្គការ​យូណេស្កូ។ លោក​បាន​លើក​ករណី​ជាក់ស្ដែង​តំបន់​បេតិកភណ្ឌ​មួយ​របស់​អង់គ្លេស​ ត្រូវ​បាន​​អង្គការ​យូណេស្កូ​​​ដក​ចេញ​ពី​បញ្ជី​ដោយសារ​មានការ​សាងសង់​សំណង់​ខុស​ច្បាប់។

យោង​តាម​ព្រះរាជក្រឹត្យចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានកំណត់​បែងចែក​តំបន់​រមណីយដ្ឋាន​អង្គរជា ៥ តំបន់​ផ្សេងៗ​គ្នា ដែល​តំបន់​នីមួយៗ​មានបែបផែនជាក់លាក់​សម្រាប់ការថែរក្សា​និងការពាររៀងៗខ្លួន។

-តំបន់១៖ រមណីយដ្ឋានមានប្រាសាទ គឺជាតំបន់​បុរាណ​វត្ថុ​សំខាន់ៗ ដែលត្រូវមាន​ការការពារ​កម្រិត​ខ្ពស់​បំផុត។ នៅក្នុងតំបន់​នេះ មាន​រាប់បញ្ចូលទាំង​បូជនីយដ្ឋាន ប្រាសាទ​សំខាន់ៗ និង​សកម្មភាព​ដែល​ត្រូវ​បាន​អនុញ្ញាត​គឺ​មានតែ​ការងារ​ចាំបាច់ ដែល​គាំទ្រដល់ការ​បរិវណជុំវិញ ថែរក្សា ការពារនិង​លើកស្ទួយ​តម្លៃ​នៃ​រមណីយដ្ឋាន​ប៉ុណ្ណោះ។ ការបង្កើតភូមិថ្មី និងការតាំងទី​លំនៅ​នៅក្នុងតំបន់នេះត្រូវបានហាមឃាត់ជាដាច់ខាត។ លក្ខខណ្ឌ​ទាំងនេះ​ក៏ត្រូវអនុវត្ត​ដូចគ្នាចំពោះតំបន់ប្រាសាទ​បន្ទាយស្រី និង​បណ្តុំ​ប្រាសាទរលួស។

-តំបន់២. ឧទ្យានបុរាណវត្ថុត្រូវ​ការពារ គឺតំបន់ដែល​សម្បូរសំណល់​បុរាណវត្ថុ​ដែល​ត្រូវការ​ការពារ​និង​ចាត់ទុក​ជាតំបន់ទ្រនាប់។ «សកម្មភាពដែលត្រូវបានអនុញ្ញាតគឺមានតែការងារចាំបាច់ សម្រាប់​គាំទ្រដល់​គោលបំណង​អភិរក្ស​ប្រពៃណី​ទំនៀមទម្លាប់​រស់នៅរបស់ប្រជាជនក្នុង​មូលដ្ឋាន»។ ការពង្រីកតំបន់​ទីលំនៅ​ត្រូវបាន​ហាមឃាត់ លើកលែងតែការអភិវឌ្ឍកម្មសិទ្ធិដែល​មានស្រាប់។

តំបន់៣៖ ជាតំបន់ដែលគ្របដណ្ដប់បណ្ដាទេសភាពវប្បធម៌ត្រូវការពារ ជាពិសេសស្ទឹងបឹងបួរនានា។

តំបន់៤៖ ជាតំបន់ដែលត្រូវបានផ្គុំឡើងដោយធាតុនានា​ដែលមានតម្លៃផ្នែក​បុរាណវត្ថុ​វិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា

តំបន់៥៖ ជាតំបន់គ្របដណ្ដប់វិស័យសង្គមសេដ្ឋកិច្ច និងការលើកកម្ពស់វប្បធម៌នៅ​តំបន់​សៀមរាប​អង្គរ។

តំបន់១ និងតំបន់២ មានទំហំសរុបជាង ៤០០ គីឡូម៉ែត្រការ៉េ។ តំបន់នេះជាតំបន់ការពារនៃ​ឧទ្យាន​អង្គរ និងជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលពុំអាចត្រូវបានទិញ​លក់ ឬផ្ទេរបន្ត​បានឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​អាចស្នើសុំ “អភិវឌ្ឍទីតាំង​លំនៅដ្ឋាន​ ដោយ​ត្រូវ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនៀមទម្លាប់​រស់នៅ​បែបប្រពៃណី និង​ដោយ​ភ្ជាប់ហេតុ​ផល​សមស្រប​សម្រាប់​បម្រើវិស័យ​ទេសចរណ៍»។ រីឯរាល់ការតាំង​ទីលំនៅថ្មី ក៏ដូចជា​សកម្មភាព​រៀបចំ​នានា​របស់​ជន​ចំណូល​ថ្មី ដែល​គ្មាន​ការពាក់ព័ន្ធ​នឹងទំនៀមទម្លាប់រស់នៅ បែបប្រពៃណី ត្រូវ​បាន​ហាមឃាត់។

សេចក្ដីសម្រេចចុះថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០០៤ បានចែង​លម្អិត​ថា៖ «ប្រជាពលរដ្ឋ​ដែល​រស់នៅ​យូរ​លង់​មកហើយក្នុងតំបន់ទាំងពីរនេះ​មុនព្រះរាជក្រឹត្យចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ត្រូវបាន​អនុញ្ញាត​ឱ្យរក្សាទីលំនៅដដែលក្នុងតំបន់នេះ ដោយ​មិនមាន​តម្រូវឱ្យចាកចេញឡើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម