ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការងារកែទម្រង់រដ្ឋបាលសាធារណៈមិនមែនជារឿងថ្មី តែទាមទារធ្វើជាប្រចាំ កាន់តែសកម្ម មានប្រសិទ្ធភាព
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ថា «ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មី តែទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត មានប្រសិទ្ធភាព និងប្រសិទ្ធផល»។

នៅរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងថា ខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដ៏មុតស្រួចរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការអាទិភាព ក្រសួងមុខងារសាធារណៈ ដើរតួកាន់តែសំខាន់លើការងារនេះ បន្ថែមលើកិច្ចការងារបច្ចេកទេសប្រចាំថ្ងៃ បាន និងកំពុងអនុវត្ត។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងបន្តថា ជាក់ស្ដែង ព្រឹកនេះ ថ្នាក់ដឹកនាំថ្នាក់ជាតិរួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងក្រសួង ស្ថាប័ន រួមទាំងអភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត និងមន្ត្រីថ្នាក់ក្រោមជាតិ បានស្តាប់ ចូលរួមពិភាក្សា និងផ្តល់ជូនមតិយោបល់ជាធាតុចូលយ៉ាងផុលផុសលើការរៀបចំវិធានការ និងផែនការសកម្មភាព នៃការកែទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបញ្ជាក់ថា កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ ព្រោះការងារនេះ ត្រូវបានធ្វើជាប្រចាំកន្លងមកហើយ។ ពេលនេះ ក្រសួងមុខងារសាធារណៈ បន្តធ្វើការងារនេះឲ្យកាន់តែសកម្ម ធ្វើឲ្យកាន់តែលម្អិត កាន់តែច្បាស់លាស់ ហើយសម្រេចបានជាសមិទ្ធផលជាក់ស្ដែងពិតប្រាកដ ឆ្ពោះទៅកាន់ការអនុវត្តស្របជាមួយគោលការណ៍ដែល សម្ដេចធិបតី ធ្លាប់បានលើកឡើងស្តីអំពី«ការរៀបចំផ្ទះខ្លួនយើងឲ្យបានស្អាត និងមានរបៀបរៀបរយ»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបញ្ជាក់បន្ថែមថា ក្នុងនាម ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្នុងនាមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការណ៍គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ឯកឧត្ដម សូមថ្លែងអំណរគុណចំពោះការចូលរួមជាមតិយោបល់ ដែលជាធាតុចូលសំខាន់ៗ មិនត្រឹមតែសម្រាប់ការរៀបចំវិធានការ និងផែនការសកម្មភាព ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំពោះមុខតែប៉ុណ្ណោះទេ តែជាការរៀបចំ កសាង និងតម្រង់ទិសរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងរយៈពេលយូរអង្វែងនាពេលអនាគត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបញ្ជាក់បន្ថែមទៀតថា កិច្ចការកែទម្រង់ច្បាស់ណាស់ថា នឹងមានផលជះដល់ប្រតិបត្តិការណាមួយរបស់បុគ្គល និងស្ថាប័ន តែអ្វីជាគោលដៅសំខាន់ជាងគេបំផុត គឺ ផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជារួម ដែលទាមទារឲ្យមានចក្ខុវិស័យវែងឆ្ងាយ មានឆន្ទៈនយោបាយ មានការចូលរួម និងមានការលះបង់ទាំងអស់គ្នា៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា