ព័ត៌មានជាតិ
ត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខទេ
ថ្លែងក្នុងពិធីជួបជុំអតីតគរុសិស្ស-និស្សិតក្រោមប្រធានបទ “រួមគ្នាកសាងឧត្ដមភាពគ្រូបង្រៀន សម្រាប់ជាតិយើង” បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “ត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនេះទេ”។ ពិធីជួបជុំនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ អង្គការដៃគូ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ អតីតគរុសិស្ស និងគរុនិស្សិតទាំងអស់ មានសរុបចំនួន ៧៥០ នាក់ នារសៀលថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២៤ នេះ។
ឆ្លើយតបទៅនឹងប្រធានបទខាងលើ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចពាក្យមួយឃ្លាដល់គ្រូ និងអនាគតគ្រូគ្រប់រូបគឺ “ត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនេះទេ”។ គ្រូ បង្រៀនគួរតែចេះភាសាបរទេស ដើម្បីឱ្យការស្រាវជ្រាវមានភាពទូលំទូលាយ ក៏ដូចជាអភិវឌ្ឍគំនិតខ្លួនឱ្យខ្លាំង។ ដូច្នេះ គ្រូបង្រៀនត្រូវតែជាអ្នករៀនពេញមួយជីវិត ជាអ្នកបង្រៀនពេញមួយជីវិត ជាអ្នកសិក្សាស្រាវជ្រាវពេញមួយជីវិត និងជាអ្នកអភិវឌ្ឍខ្លួនពេញមួយជីវិត ដើម្បីផលិតបាននូវធនធានមនុស្សល្អចំពោះប្រទេសជាតិ។
បន្ថែមពីនេះទៀត សភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីចរិតលក្ខណៈរបស់គ្រូបង្រៀនជាច្រើន ដូចជា ១. រៀនពេញមួយជីវិត ២. មុខវិជ្ជាឯកទេស ៣. វិធីសាស្ត្របង្រៀន ៤. រង្វាយតម្លៃ ៥. ភាសាបរទេស ៦. បច្ចេកវិទ្យាព័ត៌មាន ៧. ក្រមសីលធម៌វិជ្ជាជីវៈ ៨. ស្រាវជ្រាវ ៩. ចែករំលែក ១០. សុទិដ្ឋិនិយម ១១. ប្ដេជ្ញាចិត្ត ១២. សុចរិតភាព ១៣. ទទួលខុសត្រូវ និង ១៤. ស្មារតីសហការ។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ដែលតែងតែអប់រំសិស្សានុសិស្សឱ្យក្លាយជាមនុស្សល្អ ខិតខំរៀនសូត្រ តស៊ូ មានគុណធម៌ សីលធម៌ គោរពវិន័យ ដើម្បីក្លាយខ្លួនជាធនធានមួយដែលសង្គមត្រូវការ។ ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីបច្ចេកវិទ្យាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះហើយប្រទេសកម្ពុជាត្រូវតែធ្វើការបើកចំហ និងធ្វើសមាហរណកម្មខ្លួនទៅក្នុងសេដ្ឋកិច្ចសង្គមឌីជីថល ដើម្បីធានាបាននូវផលិតភាពសេដ្ឋកិច្ចខ្ពស់ និងឧត្ដមភាពការប្រកួតប្រជែងសេដ្ឋកិច្ច។ លោកគ្រូ អ្នកគ្រូ ត្រូវតែព្យាយាមឈ្វេងយល់ពីផ្នែកបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងអភិវឌ្ឍនេះឱ្យបានច្បាស់លាស់ សម្រាប់ភាពងាយស្រួលក្នុងការរៀន និងបង្រៀន ដើម្បីអភិវឌ្ឍសិស្ស អភិវឌ្ឍសង្គម និងវិស័យអប់រំបន្តទៀត។
ជាទីបញ្ចប់ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញទាំងអស់ ដែលបានចេញដំណើរមុនគេក្នុងចំណោមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ក្នុងការរៀបចំឱ្យមានកម្មវិធីជួបជុំអតីតគរុសិស្ស-គរុនិស្សិតនេះឡើង។ ហើយក្នុងឱកាសចូលឆ្នាំថ្មី នាពេលខាងមុខនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ឯកឧត្ដម លោកជំទាវ លោកគ្រូ អ្នកគ្រូ នៅក្នុងអង្គពិធីទាំងមូល ឱ្យទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចបានទៅតាមបំណងប្រាថ្នា ជាពិសេសគ្រូ និងអនាគតគ្រូទាំងអស់ ឱ្យទទួលបានជោគជ័យ និងក្លាយជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសជាតិ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់