ព័ត៌មានជាតិ
ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីកការវិនិយោគលើវិស័យ៥បន្ថែមទៀតនៅកម្ពុជា
ក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម, ប្រធានក្រុមហ៊ុន Sunwah Group លោក Jonathan K.S. Choi បានជម្រាបជូនសម្ដេចធិបតី អំពីបំណងនៃការពង្រីកការវិនិយោគលើវិស័យចំនួន៥បន្ថែមទៀត នៅកម្ពុជា។

វិស័យទាំង៥ ដែល លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។
ក្នុងឱកាសនៃជំនួបនាថ្ងៃទី០៨ ខែមេសា នេះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក និងសហការីនាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានអរគុណចំពោះចំណាប់អារម្មណ៍ និង ការវិនិយោគរបស់ក្រុមហ៊ុន និងសម្តែងនូវក្តីសោមនស្សចំពោះផែនការវិនិយោគបន្ថែមរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគលើវិស័យមួយចំនួន ដែលក្រុមហ៊ុនបានរៀបរាប់ខាងលើ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។

ទន្ទឹមនោះ ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿន និងកំពង់ផែទឹកជ្រៅ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។
ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដោយឡែក ចំពោះចំណាប់អារម្មណ៍លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមទៀត៕





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត