Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំ រោងចក្រ ចាត់វិធានការ ០៥ ចំណុច ជាបន្ទាន់ អំឡុងអាកាសធាតុក្តៅខ្លាំង

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដីណែនាំ​ដល់ ម្ចាស់ ឬ នាយក​រោងចក្រ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​ចំនួន ០៥ ចំណុច ជា​បន្ទាន់ អំឡុង​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ខណៈ​អាកាសធាតុ​នា​រដូវប្រាំង​នេះ​មាន​ការ​កើន​ឡើង​កម្ដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ០៩ ខែ​មេសា ឆ្នាំ ២០២៤ នេះ តាមរយៈ​សេចក្ដីណែនាំ​ស្ដីពី​«វិធានការ​អនុវត្ត​បន្ទាន់​នៅ​តាម​រោងចក្រ ក្នុង​អំឡុងពេល​អាកាសធាតុ​ក្តៅ» របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សរសេរ​ថា ដោយ​អាកាសធាតុ​នា​រដូវប្រាំង​នេះ​កើន​កម្ដៅ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ណែនាំ​ដល់ ម្ចាស់ ឬ នាយក​រោងចក្រ​ទាំងអស់ យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​បន្ទាន់ ដូច​ខាង​ក្រោម ៖ ១.ត្រូវ​បើកទ្វារ បង្អួច​ទាំងអស់ ឬ​បន្ថែម​កង្ហារ​បញ្ចេញ​ខ្យល់ ឬ​បឺត​ខ្យល់​ចេញ ក្នុង​អគារ​ធ្វើការ។ ២.ត្រូវ​បង្កើន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ពិសា​ដល់​កម្មករ-និយោជិត និង​ណែនាំ​ឲ្យ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន និង​ញឹកញាប់ យ៉ាងតិច ២ លីត្រ ក្នុង​មួយ​ថ្ងៃ ទោះបី​មិន​ស្រេកទឹក​ក៏ដោយ។ ៣.ត្រូវ​បាញ់​ទឹក​នៅ​លើ​ដំបូល​អគារ​ធ្វើការ​ឲ្យ​បាន​យ៉ាងតិច ២ ដង ក្នុង​មួយថ្ងៃ និង​ត្រូវ​ចាត់វិធានការ​ចាំបាច់​ផ្សេងៗ ទៀត ដើម្បី​កាត់បន្ថយ​កម្ដៅ​ជាបន្ទាន់។ ៤.ត្រូវ​ពិនិត្យ​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ខ្យល់​ទាំងអស់​នៅ​តាម​អគារ​ធ្វើការ ដើម្បី​ធានា​ថា ដំណើរការ​ល្អ និង​ត្រូវ​បើក​ឲ្យ​ដំណើរការ​យ៉ាងតិច ១ ម៉ោង មុន​ឲ្យ​កម្មករ-និយោជិត ចូល​ធ្វើការ។ ៥.ត្រូវ​ចាត់​បុគ្គលិក​ទទួល​បន្ទុក ត្រួតពិនិត្យ​ឧបករណ៍​វាស់ស្ទង់​កម្ដៅ​ជាប្រចាំ នៅ​កន្លែងធ្វើការ។

ជាមួយ​នោះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ នាយក​រោងចក្រ​ទាំងអស់ នឹង​ចូលរួម​អនុវត្ត​តាម​សេចក្ដីណែនាំ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

គួរ​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ០៩ មេសា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដោយ​ក្នុង​នោះ ៖ សម្ពាធ​ទាប​គ្របដណ្ដប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្ដាល នៃ​អាង​ទន្លេ​មេគង្គ និង​សមុទ្រ​ចិន​ខាង​ត្បូង។ ចំពោះ​ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ ៖ ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០២៤ ៖ ១.តំបន់​វាលទំនាប ៖ -សីតុណ្ហភាព​អប្បបរមា ២៦°C និង សីតុណ្ហភាព​អតិបរមា ៣៨°C។ ខ្យល់​បក់​មកពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម ២ ម៉ែត្រ​/​វិនាទី។ តំបន់​ភាគ​ពាយ័ព្យ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១៥%។ ២.តំបន់​ខ្ពង់រាប ៖ -​សីតុណ្ហភាព​អប្បបរមា ២៥°C និង​សីតុណ្ហភាព​អតិបរមា ៣៩°C។ ខ្យល់​បក់​មកពី​ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម ៣ ម៉ែត្រ​/​វិនាទី។ តំបន់​ភាគ​ពាយ័ព្យ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១៥%។ ៣.​តំបន់​មាត់សមុទ្រ ៖ -សីតុណ្ហភាព​អប្បបរមា ២៥°C និង​សីតុណ្ហភាព​អតិបរមា ៣៦°C។ ខ្យល់​បក់​មកពី​ទិសនិរតី​មាន​ល្បឿន មធ្យម ២ ម៉ែត្រ​/​វិនាទី។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី ១០%។ -​រលក​សមុទ្រ មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០ ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០ ម៉ែត្រ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម