ព័ត៌មានជាតិ
ប្រវាស់គោពីម្ចាស់ដើម គឺជាការសន្សំទ្រព្យតែបច្ចុប្បន្នសត្វគោប្រឈមទីផ្សារតម្លៃ
ប្តីប្រពន្ធពីរនាក់រស់នៅក្នុងភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ ក្រោយសម្រេចចិត្តឈប់ធ្វើជាកម្មករចំណាកស្រុកអស់រយះពេលជិត ១០ ឆ្នាំ បានវិលមកស្រុកកំណើតវិញ ហើយប្រកបរបរកសិកម្មបន្តិចបន្តួច ហើយសល់ពេលក៏បានសុំម្ចាស់គោយកមកប្រវាស់ ក្រែងបានចំណូលនិងសល់ជាទ្រព្យសម្បត្តិដើម្បីទ្រទ្រង់ជីវភាពគ្រួសារឬពេលធ្លាក់ខ្លួនឈឺថ្កាត់ណាមួយ។

ក្នុងសកម្មភាពកំពុងដឹកគោចូលម្លប់ អ្នកស្រី សួន សុខឃឿន បានប្រាប់ថា ក្រោយពីអ្នកស្រីនិងប្តីវិលមកស្រុកកំណើតវិញ អ្នកស្រីនៅសល់គោ ២-៣ ក្បាល ក្រោយចំណាយស្រុកជិត ១០ ឆ្នាំ សន្សំបានលុយខ្លះធ្វើផ្ទះនិងទិញគោចិញ្ចឹមក្រែងបានសល់ជាទ្រព្យពេលចាស់ទៅ។
“ពេលនេះខ្ញុំមានគោខ្លួនឯងអីចឹងគឺសប្បាយចិត្ត ការប្រវាស់គោមួយឆ្នាំដំបូងគឺកូនបានមកយើង ហើយឆ្នាំក្រោយកូនបានទៅម្ចាស់ ខ្ញុំប្រវាស់តាំងពីគោមានតម្លៃ។ តែខ្ញុំមិនបានគិតរឿងថ្លៃថោកទេ ហើយគោក៏មិនថោករហូតនោះដែរ ព្រោះជាសត្វត្រូវការពេលចិញ្ចឹមយូរ។ តែឆ្នាំនេះប្រឈមស្មៅបន្តិច ព្រោះវាក្តៅខុសធម្មតា តែយើងនៅមានចំបើងសម្រាប់ទុកឲ្យសុីដែរ”។ នេះបើតាមអ្នកស្រី សួន សុខឃឿន។
ដោយតាំងចិត្តមិនបោះបង់ការប្រវាស់តទៅទៀត បើទោះបីពេលនេះអ្នកស្រីមានគោ ២-៣ ក្បាល ជាទ្រព្យខ្លួនឯងឬមានតម្លៃធ្លាក់ចុះក៏ដោយ ក៏នៅតែតស៊ូជាងទុកពេលទំនេរដោយឥតប្រយោជន៍ ដល់ពេលគោមានតម្លៃវិញក៏មិនហួសពេលដែរ។
កសិករចិញ្ចឹមគោប្រវាស់ម្នាក់ទៀត គឺ លោក ណុប ឡឹប អាយុ ៦២ ឆ្នាំ រស់នៅឃុំគា ស្រុកមោងឫស្សី បានឲ្យដឹងថា មុខរបរចិញ្ចឹមគោប្រវាស់ លោកបានអនុវត្តជាយូរឆ្នាំមកហើយ ដោយមិនបានចាំថាតាំងពីឆ្នាំណានោះទេដោយបានប្រវាស់ចន្លោះពី ៥ ក្បាល ដល់ ១០ ក្បាល។
គោជាប្រវាស់បានកើនឡើងដល់ទៅជាង ១០ ក្បាល ហើយលោកក៏បានលក់ខ្លះៗដែរ ដើម្បីជាដើមទុនរកមុខរបរផ្សេង។
លោកបន្តថា “ប៉ុន្មានឆ្នាំមកនេះខ្ញុំអត់បានលក់ទេ ទុកឲ្យបានច្រើន។ ខ្ញុំអត់បានដឹងថាគោចុះថោកឬថ្លៃនោះដែរ តែខ្ញុំគិតថា ថ្ងៃខាងមុខសត្វគោនឹងមានតម្លៃវិញមិនខាន បើសិនបិទការចូល ហើយទុកលទ្ធភាពឲ្យអ្នកចិញ្ចឹមក្នុងស្រុក”។

លោក ឈឿង រឿង ជាកសិករប្រវាស់ចិញ្ចឹមគោម្នាក់ទៀត នៅស្រុកឯកភ្នំ បានលើកឡើងថា កន្លងមកគ្រួសារលោកមានជីវភាពប្រសើតាមរយះប្រវាស់ចិញ្ចឹមគោលក់នេះ ដែលគ្រានោះកូនគោជំទង់លក់បានថ្លៃចន្លោះពី ១ លាន ៥០ មុឺនទៅ ២ លានរៀល។ បើគោធំន្លោះពី ៣ លាន ៥០ មុឺន ដល់ ៤ លានរៀល តែពេលនេះធ្លាក់ថ្លៃខ្លាំងបើធៀបនិងឆ្នាំកន្លងទៅ។
លោកបន្តថា “ពេលនេះខ្ញុំផ្អាកប្រវាស់មួយរយះសិន ព្រោះគោខ្ញុំបានពីការប្រវាស់មិនទាន់លក់ផង ព្រោះឈ្មួញឲ្យតែ ១ លាន ៥០ មុឺនរៀល ខ្លះទៀតឲ្យ ១ លាន ២០ មុឺនរៀល គឺធ្លាក់ចុះជាងពាក់កណ្តាល។
លោកសំណូមពរដល់មន្ត្រីជំនាញ ផ្អាកការចូលនិងលើកកម្ពស់ទីផ្សារគោក្នុងស្រុក ទើបសង្ឃឹមានតម្លៃវិញ។
មិនខុសគ្នានេះ លោក ឆាយណា ជាកសិករប្រវាស់ចិញ្ចឹមគោ នៅស្រុកសង្កែបាននិយាយថា លោកសល់គោជាច្រើនក្បាលដែរ តែពេលនេះហាក់អស់ទឹកចិត្តចិញ្ចឹមប្រវាស់បន្ត ព្រោះគោ ១ ក្បាល លក់អត់បាន ២ លានរៀលផង។ កាលពីមុនលោកលក់ ១ ក្បាលបានយ៉ាងហោចណាស់ក៏ ៣ លាន ៥០ មុឺនរៀលដែរ។
លោកបន្តថា មួយឆ្នាំៗលោកបានលក់គោបានពីប្រវាស់ដោះស្រាយជីវភាពគ្រួសារ អត់ពិបាកដើរធ្វើសំណង់ឬធ្វើចំណាកស្រុកនោះទេ។
លោកបន្តថា “ខ្ញុំសំណូមពរដល់មន្ត្រីជំនាញ បញ្ឈប់ការចូលសាច់គោពីក្រៅ មកជួយលើកកម្ពស់ជីវភាព អ្នកខំចិញ្ចឹមក្នុងស្រុកវិញ។ បើតម្លៃគោនៅតែធ្លាក់ចុះបែបនេះ ខ្ញុំចូលឆ្នាំហើយបែបទៅធ្វើការនៅប្រទេសថៃទុកឲ្យកូនប្រពន្ធមើលថែគោខ្លួនឯងដែលមាននៅសល់ពីការប្រវាស់ ដល់ពេលមានទីផ្សារខ្ញុំមកបន្តរបរនេះវិញ”។
មន្ត្រីកសិកម្មថា ការចិញ្ចឹមគោប្រវាស់គឺជាទម្លាប់ពីដូនតា សម្រាប់ចែករំលែកដល់អ្នកភូមិជាមួយគ្នាមិនមានលទ្ធភាពទិញគោដើម្បីភ្ជួររាស់ ខណះកាលពីសម័យមុន ការធ្វើកសិកម្មជាមួយសត្វគោឬក្របីភាគច្រើន មិនដូចសម័យជឿនលឿនដូចសព្វថ្ងៃនោះទេ។
មន្ត្រីដដែលទទួលស្គាល់ថា កសិករចិញ្ចឹមគោពិតជាប្រឈម ក្រោយទីផ្សារសត្វគោបានធ្លាក់ចុះ ធ្វើឲ្យទម្លាប់ចិញ្ចឹមគោប្រវាស់លក់ របស់អ្នកភូមិនៅខេត្តបាត់ដំបង ប្រឈមបាត់បង់ប្រាក់ចំណូល ខណះជាច្រើនទសវត្សរ៍កន្លងទៅ ការចិញ្ចឹមគោប្រវាស់របស់កសិករ បានជួយសម្រួលជីវភាពគ្រួសារយ៉ាងប្រសើរ ព្រោះទីផ្សារលក់គោបានថ្លៃ មិនដូចពេលនេះនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ