ព័ត៌មានជាតិ
សិក្ខាកាមសាលា NTTI ជំនាញរចនាក្រាហ្វិចដោយកុំព្យូទ័រ ចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនចំនួន ៣ សប្ដាហ៍
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បានបញ្ជូនសិក្ខាកាមសិក្សាជំនាញផ្នែករចនាក្រាហ្វិចដោយកុំព្យូទ័រ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចុះកម្មសិក្សារយៈពេល ៣ សប្ដាហ៍ នៅក្រុមហ៊ុន TSPH Printing House ដើម្បីអនុវត្តផ្ទាល់ និងពង្រីកសមត្ថភាពលើជំនាញរបស់ខ្លួន។

ការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននេះ បន្ទាប់ពីសិក្ខាកាម នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានសិក្សាទ្រឹស្ដីនៅក្នុងថ្នាក់ជាង ៣ ខែ មកហើយ ចាប់តាំងពីកម្មវិធីបណ្ដុះបណ្ដាលមួយនេះត្រូវបានបើកបវេសនកាលជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
នាយកវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យ៉ោក សុទ្ធី បានលើកឡើងថា «ការចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីផ្សារភ្ជាប់មេរៀនដែលបានសិក្សានៅក្នុងថ្នាក់។ ការចុះកម្មសិក្សា គឺជាការអនុវត្តផ្ទាល់ ឃើញផ្ទាល់ នៃការដំណើរការ នៃក្រុមហ៊ុនឯកជននោះ ត្បិតនៅក្នុងសាលា ក៏មានរោងជាងដែរ តែយ៉ាងណាក៏ដោយមិនអាចបំពេញសេចក្ដីត្រូវការ និងបានឃើញជាក់ស្ដែងដូចការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននោះទេ»។

លោកនាយកវិទ្យាស្ថាន បានគូសបញ្ជាក់ថា វិទ្យាស្ថាន បានដាក់ចេញវិន័យតឹងរ៉ឹងចំពោះសិក្ខាកាមដែលត្រូវចុះកម្មសិក្សា ក្នុងនោះសិក្ខាកាមទាំងអស់ ត្រូវសរសេររបាយការណ៍របស់ខ្លួនអំពីការចុះកម្មសិក្សាដូចជា ទី១.សិក្ខាកាមសង្កេតឃើញអ្វីខ្លះ នៃដំណើរការក្រុមហ៊ុន, ទី២.សិក្ខាកាមធ្វើអ្វីខ្លះអំឡុងពេលចុះកម្មសិក្សា, ទី៣.សិក្ខាកាមពិនិត្យឃើញ នៃចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបែបណា និងទី៤.សកម្មភាពប្រចាំថ្ងៃ នៃការចុះកម្មសិក្សារបស់សិក្ខាកាមផ្ទាល់ផងដែរ។
លោកបញ្ជាក់ថា សម្រាប់វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នឹងបន្តបញ្ជូនសិក្ខាកាមសិក្សាជំនាញផ្សេងៗ ទៀត របស់ខ្លួន ចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនបន្តបន្ទាប់នាពេលខាងមុខទៀត។ វិទ្យាស្ថាន តែងតែខិតខំស្វែងរកដៃគូ ក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីអាចបញ្ជូនសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់សិក្ខាកាម។

ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវឱ្យសិក្ខាកាមចុះកម្មសិក្សាជំនាញ ខិតខំក្រេបជញ្ជក់ចំណេះដឹង អង្កេត រៀនសូត្រ ពីការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ពីព្រោះសិក្ខាកាមមានឱកាសជ្រើសរើសធ្វើការនៅក្រុមហ៊ុនឯកជននោះបន្ទាប់ពីចុះហាត់ការល្អ៕





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?