ព័ត៌មានជាតិ
ចរន្តប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ សូម្បីតាមទូ ATM បញ្ចូលប្រាក់រៀលកាន់តែច្រើន
សមាគមធនាគារនៅកម្ពុជាបន្តគាំទ្រលើកតម្កើងការប្រើប្រាស់ប្រាក់រៀល ស្របពេលចរន្តនៃការប្រើប្រាស់ប្រាក់រៀលក្នុងចំណោមពលរដ្ឋទូទៅមានការកើនឡើង។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជាបានថ្លែងនៅក្នុងសន្និសីទក្នុងខួប ៣០ ឆ្នាំ នៅព្រឹកនេះថា ចរន្តនៃការប្រើប្រាស់ប្រាក់រៀលមានកើនឡើងនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា។ លោកបានយោងតាមរបាយការណ៍កម្ចីជាប្រាក់រៀលក្នុងវិស័យធនាគារបានកើនឡើងដល់ ១១% ក្នុងទំហំកម្ចីឥណទានសរុប ខណៈប្រាក់បញ្ជើជាប្រាក់រៀលក៏កើនឡើងច្រើនគួរសមដែរ។
លោក រ័ត្ន សោភ័ណ បន្តថា គ្រឹះស្ថានហិរញ្ញវត្ថុបានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបង្កើតនូវផលិតផលថ្មីៗដូចជា ការដាក់ប្រាក់សន្សំជាប្រាក់រៀលដែលទទួលបានអត្រាការប្រាក់ខ្ពស់ជាងដុល្លារ និងកម្ចីជាប្រាក់រៀលមានការប្រាក់ទាបជាដើម។
លោកក៏បានកត់សម្គាល់ទៀតថា ប៉ុន្មានឆ្នាំមុននៅតាមទូម៉ាស៊ីន ATM ភាគច្រើនដាក់ជាប្រាក់ដុល្លារ ប៉ុន្តែបច្ចុប្បន្នក្រដាសប្រាក់រៀលត្រូវបានដាក់បញ្ចូលប្រើប្រាស់យ៉ាងទូលំទូលាយ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា
«សព្វថ្ងៃបើក្រឡេកតាមទីផ្សារក្រដាសប្រាក់ ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារ ស្ទើរតែលែងសូវឃើញ។ តាមទូ ATM ធនាគារបញ្ចូលតែក្រដាស ១០០ ដុល្លារ ហើយលុយតូចៗលើកទឹកចិត្តពលរដ្ឋងាកប្រើប្រាស់ក្រដាសប្រាក់រៀលវិញមាន ១ ម៉ឺន ២ ម៉ឺន ឬ៥ ម៉ឺនជំនួសវិញ»។ នេះបើតាមលោក រ័ត្ន សោភ័ណ។
ការប្រើប្រាស់ប្រាក់រៀល ជួយរក្សាស្ថិរភាពសេដ្ឋកិច្ច។ បើតាម រ័ត្ន សោភ័ណ ដើម្បីឲ្យប្រជាជនមានទំនុកចិត្តលើការប្រើប្រាស់លុយរៀល ការរក្សាអត្រាប្តូរប្រាក់ឲ្យមានស្ថិរភាពគឺសំខាន់ណាស់។ បើអត្រាប្តូរប្រាក់ធ្លាក់ចុះ និងប្រែប្រួលខ្លាំងបង្កើតក្តីព្រួយបារម្ភ នាំប៉ះពាល់អវិជ្ជមានខ្លាំងដល់ទីផ្សារទាំងមូល។
ថ្លែងក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគងកន្លងទៅនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួល។
ទេសាភិបាលធនគារជាតិនៃកម្ពុជាបានលើកឡើង ក្នុងចំណោមវិធានការនានាគឺការដាក់ឲ្យដំណើរការប្រព័ន្ធបាគង ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច។
ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិនិងការកសាង សង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ នេះបើតាមលោកស្រី ជា សិរី។
បើតាមរបាយការណ៍ធនាគារជាតិ ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣១%៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ