ព័ត៌មានជាតិ
រដ្ឋាភិបាល គ្រោងដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ លើថវិកាប្រមាណ ៣០០ លានដុល្លារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ការគ្រប់គ្រងទឹក ជាមួយគ្នានេះ ដោយបានអនុញ្ញាតលើគម្រោងដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ លើគម្រោងតម្លៃប្រមាណ ៣០០ លានដុល្លារសហរដ្ឋអាមេរិក។

ការថ្លែងនេះ ធ្វើឡើង ក្នុងឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងជាបន្តបន្ទាប់នូវប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធឧតុនិយម ជាគោលដៅធំ ដែលរាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានដាក់ជាគោលដៅធំ។ ប្រទេសយើងជាប្រទេសកសិកម្ម ដែលការប្រើប្រាស់ទឹក គឺសំខាន់ណាស់ មិនមែនសម្រាប់តែវិស័យកសិកម្ម គឺគ្រប់វិស័យទាំងអស់ ទាំងការរស់នៅប្រចាំថ្ងៃ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍បន្តថា៖ “អ៊ីចឹងការធានាគោលនយោបាយ ដើម្បីធានាការគ្រប់គ្រងទឹកដោយប្រសិទ្ធភាព ជាការចាំបាច់។ និយាយរួម កុំឱ្យលិចលង់នៅរដូវវស្សា ហើយកុំឱ្យខ្វះទឹកនៅរដូវប្រាំង ពិសេសរដូវប្រាំងនេះ ប្រជាកសិករបានសម្រុកធ្វើស្រែប្រាំងច្រើន ហើយក្រសួងក៏បានចេញអន្តរគមន៍ច្រើន បានជួយជាង ៧ ម៉ឺនហិកតា”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា យ៉ាងណាត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងទឹកបន្តទៀត ក្នុងនោះទាក់ទងការដោះស្រាយបញ្ហាទឹកលិចនៅទីប្រជុំជនធំៗមួយចំនួន ខណៈនៅដើមអាណត្តិនេះ សម្ដេចធិបតីបានរៀបចំ និងដាក់ចេញផែនការមួយចំនួន ក្នុងនោះមានការដោះស្រាយបញ្ហាទឹកជំនន់នៅរាជធានីភ្នំពេញ ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “ខ្ញុំបានអនុញ្ញាតគម្រោង១ ក្នុងអាណិត ៥ឆ្នាំនេះ យើងខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។ គម្រោងជាង ៣០០ លានដុល្លារអាមេរិកនេះ ផ្ដោតលើមុខព្រួញចំនួន២ ទី១. ការបញ្ជៀសទឹកចេញ កុំឱ្យបុកចូលមកក្នុងភ្នំពេញ។ ទី២. ការដោះស្រាយប្រព័ន្ធរំដោះទឹក ដោយមាន ការកាយប្រឡាយ ការស្ដារប្រព័ន្ធលូ/ដាក់លូថ្មី ការរៀបចំបន្ថែមស្ថានីយ៍បូមទឹក/បង្កើនសមត្ថភាពស្ថានីយ៍បូមទឹក”។

គួរបញ្ជាក់ថា វិស័យធនធានទឹក គឺជាវិស័យមួយដែលមានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ និងចាត់ទុកវិស័យធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ។ រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ពីសារៈសំខាន់លើកិច្ចបង្កើនការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។ ដោយយោងតាមការចាំបាច់នេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី២ បានសម្រេចបង្កើតក្រសួងធនធានទឹក និងឧតុនិយម តាមព្រះរាជក្រមចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។

ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងធនធានទឹក តាមរយៈការស្តារ ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសធានាបានសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព ចូលរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដើម្បីជំរុញប្រសិទ្ធភាព និងគុណភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀតនោះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?