ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការផ្សាយព័ត៌មានត្រូវគោរពក្រមសីលធម៌ ដើម្បីជួយរក្សាសន្តិសុខនិងអភិវឌ្ឍសង្គម
សព្វថ្ងៃ បច្ចេកវិទ្យាទំនើបកំពុងរីកចម្រើន និងវិវត្តឥតឈប់ឈរ ហើយបានធ្វើឱ្យនិន្នាការនៃការប្រើប្រាស់មធ្យោបាយផលិត ផ្សព្វផ្សាយ ព័ត៌មានបែបឌីជីថល ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម ក៏មានការកើនឡើងយ៉ាងសម្បូណ៍បែប ក្នុងនោះក៏មានប្រជាពលរដ្ឋដែលជាអ្នកផ្សាយព័ត៌មានដែរ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សកម្មភាពបែបនេះបានក្លាយជាប្រភពមួយស្តីពីរឿងរ៉ាវ ឬបញ្ហាដែលបានកើតឡើងក្នុងមូលដ្ឋានជុំវិញខ្លួន ឬក្នុងសហគមដែលយើងរស់នៅ ហើយជាការរួមចំណែកបញ្ជូនសារដល់អាជ្ញាធរនៅមូលដ្ឋានផ្ទាល់ និងអាចឈានទៅស្វែងរកដំណោះស្រាយ ឬមានវិធានការចំពោះបញ្ហាណាមួយឱ្យទាន់ពេលវេលា។

ទិដ្ឋភាពនេះ ក៏ជាការចូលរួមក្នុងសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ ហើយបានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីភាពរីកចម្រើននៃការទទួលព័ត៌មានសព្វថ្ងៃ ប្រកបដោយលក្ខណៈចម្រុះនិងសម្បូណ៍បែប ដែលត្រូវបានធានា ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសគឺក្នុងអាណត្តិទី៧នេះ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ។
លោក ទេព អស្នារិទ្ធ បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ អ្នកកាសែតពលរដ្ឋភាគច្រើនមិនបានទទួលការបណ្ដុះបណ្ដាលផ្នែកសារព័ត៌ទេ ពោលគឺមិនបានចូលសាលាដើម្បីរៀនជំនាញសារព័ត៌មានឡើយ។ ជាផលវិបាក ព័ត៌មានដែលត្រូវបានផលិតឡើង គ្រាន់តែផ្អែកលើបទពិសោធន៍ ឬការហាត់ធ្វើតៗគ្នា ឬ ជាការផលិត ឬផ្សាយព័ត៌មានតាមអារម្មណ៍ខ្លួនឯងផ្ទាល់ ជាជាងផ្អែកលើព័ត៌មានពិត ឬស្ថានភាពជាក់ស្តែង។

អ្នកនាំពាក្យបន្តថា ការផ្សាយព័ត៌មានបែបនេះ អាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងសង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ហើយពេលខ្លះអាចបង្កឱ្យមានជម្លោះ មានភាពវិកវរដល់សន្តិសុខសង្គម ដោយសារតែព័ត៌មាននោះមិនគ្រប់ជ្រុងជ្រោយ គ្មានតុល្យភាពព័ត៌មាន គ្មានប្រភពច្បាស់លាស់ រីឯគោលបំណងនៃការផ្សព្វផ្សាយគឺគ្រាន់ទាញយកប្រជាប្រិយភាពសម្រាប់ជាប្រយោជន៍បុគ្គលតែប៉ុណ្ណោះ ។ ទន្ទឹមនេះដែរ អ្នកនាំពាក្យសង្កេតឃើញមានជនមួយចំនួនបានជ្រកក្រោមឈ្មោះសារព័ត៌មាននេះ ដើម្បីប្រព្រឹត្តសកម្មភាពផ្សេង ផ្ទុយក្រមសីលធម៌ និងយកឈ្មោះសារព័ត៌មាននេះធ្វើជាមុខរបរដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលពេលខ្លះអាចមានរហូតដល់ប្រព្រឹត្តការកំហែងទារប្រាក់ ដែលជាបទល្មើសព្រហ្មទណ្ឌទៀតផង។
អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដោយសង្កត់ធ្ងន់ថា ដូច្នេះអ្នកកាសែតពលរដ្ឋត្រូវយល់ និងកំណត់ឱ្យបានច្បាស់ពីគោលបំណងរបស់ខ្លួន និងគោលដៅនៃការផ្សាយ កុំផ្សាយព័ត៌មានតាមចិត្តចង់ ឬតាមការនឹកឃើញ ហើយត្រូវធានាថាការផ្សាយព័ត៌មាននោះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋាន ឬអាចចូលរួមចំណែកដោះស្រាយបញ្ហា ក៏ដូចជាថែរក្សាស្ថិរភាពក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ អ្នកកាសែតពលរដ្ឋត្រូវស្វែងរកការបណ្ដុះបណ្ដាលជំនាញ សរសេរ សម្ភាសន៍ ផលិត ផ្សាយព័ត៌មាន និងការបង្រៀនស្តីពីក្រមសីលធម៌ក្នុងវិស័យព័ត៌មាន ពីស្ថាប័ន ឬអង្គភាពជំនាញ ដើម្បីឱ្យការផ្សាយព័ត៌មានរបស់ខ្លួនមានគុណភាព អនុលោមតាមបទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ