ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ថា ព្រែកជីកតេជោហ្វូណន មិនមែនជាមធ្យោបាយទុកបម្រើឱ្យចិនប្រឆាំងនឹងវៀតណាមឡើយ
ឆ្លើយតបនឹងការចោទប្រកាន់ជុំវិញគម្រោងព្រែកជីកហ្វូណន ថា កសាងឡើងដើម្បីទុកឱ្យចិនប្រឆាំងជាមួយវៀតណាមនោះ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសច្រានចោល និងបានបញ្ជាក់ថា កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនឡើយ។
ការប្រកាសច្រានចោលបែបនេះពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបន្ទាប់ពីមានការបន្តចុះផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានអំពីវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ជាពិសេសថ្មីៗនេះ មានការចោទថា ព្រែកជីក តេជោហ្វូណន នឹងសម្រួលដល់កងទ័ពជើងទឹកចិន ក្នុងប្រឆាំងនឹងប្រទេសវៀតណាម ដែលជាអ្នកជិតខាងរបស់កម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះថា «រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុជា គ្មានមហិច្ឆតា គ្មានគោលគំនិត ហើយគ្មានភាពក្លាហានក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ»។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមិនឱ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះទេ កុំថា ការតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់កម្ពុជា សូម្បីតែសកម្មភាពផ្សេងៗដែលប្រឆាំងនឹងប្រទេសណាមួយ ក៏មិនឱ្យមាននោះដែរ។
ទាក់ទិននឹងការចោទថា ព្រែកជីកតេជោហ្វូណន នឹងអនុញ្ញាតឱ្យប្រទេសចិនយកនាវាចម្បាំងប្រឆាំងនឹងប្រទេសជិតខាងកម្ពុជានោះ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី ឆ្លើយតបថា នាវាចម្បាំងធំៗ មិនអាចចូលចតនៅព្រែកជីកតេជោហ្វូណនបានឡើយ ព្រោះតែនាវាចម្បាំងមានទំហំធំ លើសពីទំហំព្រែកជីកហ្វូណនដែលមានមុខកាត់ត្រឹម ១០០ម៉ែត្រ និងជម្រៅត្រឹមប្រមាណ ៥ម៉ែត្រប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រែកជីកតេជោហ្វូណន សាងសង់ឡើងដើម្បីតែនាវាដឹកទំនិញតែប៉ុណ្ណោះ ពោល គឺនាវាចម្បាំងមិនអាចចូលចតបានទេ។
ជាថ្មីម្ដងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ព្រែកជីកតេជោហ្វូណន គឺសាងសង់ឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចសង្គម ដែលនឹងជួយឱ្យកម្ពជាមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គ ដែលមានស្រាប់ ជាពិសេសជួយឱ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនទិន្នផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាបនៅតាមព្រែកនេះ ជាដើម៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង