ព័ត៌មានជាតិ
គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង តម្លៃជាង ៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការ
គម្រោងសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង មានតម្លៃជាង ៣០លានដុល្លារ ដែលអាចផ្គត់ផ្គង់ទឹកស្អាតបាន ៦ ៨០០ម៉ែត្រគូបក្នុងថ្ងៃ ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន ៣.៩៨ ពាន់លានយ៉េនជប៉ុន ដែលស្មើនឹងប្រមាណ ៣០.៦០ លានដុល្លារអាមេរិក។ លោកបានបន្ថែមថា ប្រទេសជប៉ុន បាន និងកំពុងធ្វើសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន ហើយលោកជឿជាក់ថា ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ លើសពីនេះ លោកក៏បានលើកឡើងពីសមិទ្ធផលដែលសម្រេចបានក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតដោយមានប្រវត្តិសាស្ត្រយូរអង្វែងនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នេះ ហើយប្រទេសជប៉ុន បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជន។
លោកឯកអគ្គរាជទូតជប៉ុន សង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីក្នុងខេត្តស្វាយរៀង ដែលបានកំណត់យកខែធ្នូ ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបញ្ចប់ការសាងសង់នេះ នឹងត្រូវបានអនុវត្តយ៉ាងរលូន និងជោគជ័យ ហើយនឹងរួមចំណែកដល់ការរស់នៅឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ដោយឡែក លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះ បង្ហាញនូវវឌ្ឍនភាពថ្មីមួយដ៏សំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀង។ ផ្អែកលើភាពជោគជ័យនៃកិច្ចខិតខំកន្លងមក ដូចជា គម្រោងកសាងសមត្ថភាពអង្គភាព រដ្ឋាករទឹកសាធារណៈជំហានទី២ និងជំហានទី៣ ដែលបានបញ្ចប់ និងគម្រោងរៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងបណ្តាញទឹកស្អាត (Mapping System) ដែលកំពុងអនុវត្ត គម្រោងថ្មីនេះ ត្រូវបានរំពឹងថា នឹងបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ៦ ៨០០ម៉ែត្រគូបក្នុង ១ថ្ងៃ។
លោកថា នៅឆ្នាំ២០២៧ ពោល គឺ២ឆ្នាំក្រោយការបញ្ចប់គម្រោង ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងអស់ ត្រូវបានព្យាករណ៍ថា នឹងមានទឹកស្អាតប្រើប្រាស់ ដែលនេះជាការបោះជំហានមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏សូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួតរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន រឹងមាំ ស្ថិតស្ថេរជាអមតៈ៕




ដោយ៖ ភក្ដី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង