ព័ត៌មានជាតិ
លោក ស សុខា ជំរុញក្រសួងស្ថាប័នពន្លឿនការធ្វើប្រតិភូកម្មសិទ្ធិអំណាចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានឆាប់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដែលមិនទាន់បានធ្វើប្រតិភូកម្ម ត្រូវពន្លឿនការធ្វើប្រតិភូកម្មសិទ្ធិអំណាចឱ្យបានច្បាស់លាស់ទៅឱ្យមន្ទីរ-អង្គភាពរបស់ខ្លួននៅថ្នាក់រាជធានីខេត្ត ឱ្យបានមុនដំណាច់ ខែឧសភា ឆ្នាំ២០២៤។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ក្រសួងស្ថាប័នមួយចំនួនមិនទាន់ធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យ មន្ទីរ-អង្គភាពរបស់ខ្លួននៅថ្នាក់រាជធានីខេត្តនៅឡើយ។ ការណែនាំឱ្យធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺដើម្បីជំរុញការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគមានទុន៥លានដុល្លារចុះ នៅថ្នាក់រាជធានីខេត្ត។
បើតាមលោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) គឺមកដល់ពេលនេះ រដ្ឋបាលរាជធានី ខេត្តទាំងអស់បានបង្កើតអនុគណៈកម្មាធិការវិនិយោគរបស់ខ្លួនរួចរាល់ ប៉ុន្តែមានក្រសួងតិចតួចប៉ុណ្ណោះ បានចេញប្រកាសធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនមន្ទីរ អង្គភាពរបស់ខ្លួនថ្នាក់រាជធានី ខេត្ត។ លោក ចាន់ សុធា បញ្ជាក់ថា ប្រការនេះធ្វើឱ្យរដ្ឋបាលរាជធានី ខេត្តពុំទាន់អាចអនុវត្តតួនាទី សិទ្ធិអំណាចពេញលេញក្នុងការចុះបញ្ជីគម្រោងវិនិយោគដែលច្បាប់បានផ្ដល់ឱ្យ។

ជុំវិញបញ្ហានេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្នុងឱកាសដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគមានទុន៥លានដុល្លារចុះ នៅថ្នាក់រាជធានីខេត្ត នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដែលមិនទាន់បានធ្វើប្រតិភូកម្ម ត្រូវពន្លឿនការធ្វើប្រតិភូកម្មសិទ្ធិអំណាចឱ្យបានច្បាស់លាស់ទៅឱ្យមន្ទីរអង្គភាពរបស់ខ្លួននៅថ្នាក់រាជធានី ខេត្ត ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២៤។

លោក ស សុខា ក៏បានណែនាំឱ្យពន្លឿនការរៀបចំបទប្បញ្ញត្តិស្តីពីការណែនាំអនុវត្តជាក់ស្តែង ឬសេចក្តីណែនាំបច្ចេកទេស និងធ្វើការបណ្តុះបណ្តាលដល់មន្ទីរ អង្គភាពខ្សែបណ្តោយ និងរដ្ឋបាលរាជធានី ខេត្តឱ្យបានឆាប់ ហើយ គ.ជ.អ.ប. ត្រូវសម្របសម្រួលការរៀបចំសៀវភៅណែនាំអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រងការវិនិយោគថ្នាក់រាជធានី ខេត្ត និងបណ្តុះបណ្តាលដល់អនុគណៈកម្មាធិការឱ្យបានឆាប់ ដើម្បីឆ្លើយតបការធ្វើប្រតិភូកម្ម និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើធនធានមនុស្ស និងឌីជីថល។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យភាគីសិក្សាអំពីលទ្ធភាពក្នុងការពិនិត្យ និងកែសម្រួលបែបបទ នីតិវិធី នៃការចុះបញ្ជីវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត ឱ្យកាន់តែសាមញ្ញ ងាយស្រួល និងឆាប់រហ័ស ហើយអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចាប់ផ្តើមអនុវត្តការចុះបញ្ជីនេះឱ្យស្របតាមគោលការណ៍បែបបទ និងនីតិវិធី និងត្រូវផ្សព្វផ្សាយអំពីការចុះបញ្ជីគម្រោងវិនិយោគ និងសារប្រយោជន៍ដែលទទួលបានពីការចុះបញ្ជីដល់អ្នកវិនិយោគនៅថ្នាក់រាជធានី ខេត្តរបស់ខ្លួន។

សូមរម្លឹកថា គម្រោងវិនិយោគ ដែលតម្រូវឱ្យឆ្លងកាត់ដល់យន្ដការថ្នាក់ជាតិ ឬក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមានគម្រោងវិនិយោគមានទឹកប្រាក់លើសពី៥លានដុល្លារ គម្រោងវិនិយោគស្ថិតលើទីតាំងរាជធានី ខេត្ត ចាប់ពី២ឡើងទៅ គម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគស្ថិតក្រោមច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ