ព័ត៌មានជាតិ
តើលោក ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ជានរណា?
ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិថ្មីនេះ លោក ឈីវ យីស៊ាង ក៏ត្រូវបានតែងតាំងឱ្យធ្វើជានាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ក្នុងឋានៈស្មើរដ្ឋមន្ត្រី។ លោក ឈីវ យីស៊ាង ត្រូវបានគេស្គាល់ថា ជាមន្ត្រីការទូតជាន់ខ្ពស់ នៅក្រសួងការបរទេស និងជាអ្នកបកប្រែភាសាបារាំងជូនសម្ដេចតេជោ។

មែនទែនទៅ លោក ឈីវ យីស៊ាង បានចាប់ផ្ដើមចូលបម្រើការងារនៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ ២០០៥មកម្លេះ ក្នុងពេលដែលសម្ដេចតេជោ កាន់តំណែងជានាយករដ្ឋមន្ត្រី។ បម្រើការនៅខុទ្ទកាល័យសម្ដេចតេជោ លោកទទួលបានតួនាទីជាបន្តបន្ទាប់ ដូចជា សមាជិកក្រុមលេខាសម្តេចតេជោ ជាជំនួយការសម្ដេចតេជោ នាយករងខុទ្ទកាល័យ និងជាអនុប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាន។
មុនចូលបម្រើការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ឈីវ យីស៊ាង ក៏បានឆ្លងកាត់ជាច្រើនដំណាក់កាលលើបទពិសោធន៍កាងារ ដោយដំបូងឡើយ លោក ធ្វើជាអ្នកបកប្រែភាសាបារាំង-ខ្មែរ តាំងពីឆ្នាំ១៩៩៣ អំឡុងពេលនៃការបោះឆ្នោតជាតិជាសកល នីតិកាលទី១ ពោល គឺនៅខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ធ្វើជាជំនួយការនាយកផ្នែកការសិក្សា នៅសាលាភូមិន្ទរដ្ឋបាល។
ក្រោយចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៩៧ លោក ឈីវ យីស៊ាង បានធ្វើជាគ្រូបង្ហាត់ភាសាខ្មែរ នៅវិទ្យាស្ថានជាតិនៃភាសា និងអរិយធម៌បូព៌ា នាទីក្រុងប៉ារីស ដែលកាលណោះលោក កំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅបារាំង។ ក្នុងឆ្នាំ១៩៩៩ លោកក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយធ្វើជាសាស្ត្រាចារ្យផ្នែកវិធីសាស្ដ្រស្រាវជ្រាវ និងវប្បធម៌ទូទៅ ជាភាសាបារាំង នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចាប់ពីឆ្នាំ២០១៦ លោក ឈីវ យីស៊ាង ក៏បានឈានជើងចូលវិស័យការទូត តាមរយៈការកាន់តំណែងមួយចំនួននៅក្រសួងការបរទេសកម្ពុជា។ តំណែងដែលលោក ធ្លាប់កាន់នៅក្រសួងការបរទេស ជាអាទិ៍ អនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ហើយចាប់ពីឆ្នាំ២០១៩ លោក ឈីវ យីស៊ាង ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការបរទេស តរហូតមកដល់ពេលដែលលោក ត្រូវទទួលភារកិច្ចថ្មី ជានាយកខុទ្ទកាល័យសម្ដេចតេជោប្រធានព្រឹទ្ធសភា ក្នុងឆ្នាំ២០២៤នេះ។
គួររំលឹកដែរថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ២០២២ គឺលោក ឈីវ យីស៊ាង ជាអ្នកបកប្រែភាសាបារាំងជូនថ្នាក់ដឹកនាំទាំងពីរនេះផងដែរ។

បើនិយាយអំពីប្រវត្តិនៃការសិក្សា គឺលោក ឈីវ យីស៊ាង គឺជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជាអតីតនិស្សិតកម្ពុជា ដែលបានទទួលការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង។ លោក បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកគរុកោសល្យភាសា និងវប្បធម៌ នៃសាកលវិទ្យាល័យប៉ារីសទី៣-ស័របាននូវែល និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៃសាលាជាតិរដ្ឋបាលបារាំង។ រហូតដល់ឆ្នាំ២០១៧ លោក ក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាធារណៈ នៃសាកលវិទ្យាល័យប៉ារីស-ដូហ្វីន ប្រទេសបារាំង៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ