ព័ត៌មានជាតិ
សម្ដេចធិបតី ណែនាំឱ្យលុបបំបាត់ស្ថានភាព ចំនួនទ័ពលើសតែខ្វះ និង ខ្វះតែលើស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ណែនាំឱ្យត្រូវខិតខំលុបបំបាត់ឱ្យបានជាជំហានៗនូវ ស្ថានភាពចំនួនទ័ពលើសតែខ្វះ និង ខ្វះតែលើស។ ការថ្លែងនេះ ធ្វើឡើង ខណៈសម្ដេចធិបតី អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំនួនទ័ពនៃស្ថាប័នបញ្ជាការដ្ឋាន កងឯកភាពនានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។ ជាមួយគ្នានេះសមាមាត្រ នៃបរិមាណរវាង នាយទាហាន និង ពលទាហាន ត្រូវឱ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឱ្យបានជាជំហានៗនូវស្ថានភាព ចំនួនទ័ពលើសតែខ្វះ និង ខ្វះតែលើស។

សម្ដេចធិបតី មានប្រសាសន៍បន្តថា៖ “ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានហ្មត់ចត់នូវច្បាប់កាតព្វកិច្ចយោធា និងបញ្ហាឯកសារគតិយុទ្ធពាក់ព័ន្ធដែលមានរួមមកហើយ ពិចារណាកែសម្រួល បំពេញបន្ថែមឱ្យបានពេញលេញដើម្បីស្នើសុំធ្វើវិសោធនកម្ម និងកសាងបន្ថែមនូវឯកសារគតិយុទ្ធពាក់ព័ន្ធចាំបាច់ ឆ្ពោះទៅអនុវត្តច្បាប់ការព្វកិច្ចយោធាឱ្យបានជាជំហានៗស្របតាមសភាពការណ៍ និងភារកិច្ចការពារជាតិ នៅពេលវេលាសមស្របខាងមុខ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ “គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឱ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា។

គួរបញ្ជាក់ថា ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់កងកម្លាំង គឺជាកិច្ចការដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់តាំងពីក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បីបង្កើនសមត្ថភាពកងកម្លាំងថែរក្សាការពារទឹកដី ជាពិសេសការពារជាតិពីការប៉ុនប៉ងវិលមកគ្រប់គ្រងប្រទេសឡើងវិញពីបនប្រល័យពូជសាសន៍ ប៉ុល ពត។ ដំបូងឡើយសាកលវិទ្យាល័យការពារជាតិ មានឈ្មោះត្រឹមជាសាលាអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានមធ្យម-ជាន់ខ្ពស់ប៉ុណ្ណោះ។ សាលានេះ មានបេសកកម្មហ្វឺកហ្វឺនអប់រំនាយទាហានថ្នាក់មធ្យម និងហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់មានរយៈពេលពី៦ខែ ដល់មួយឆ្នាំ។ លុះដល់ខែមេសា ឆ្នាំ១៩៩៧ សម្តេចតេជោ ហ៊ុន សែន បានប្តូរឈ្មោះសាលាខាងលើមកជាសាលាបណ្ឌិតសភាយោធានៃកងយោធពលខេមរភូមិន្ទ។ នៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជាវិទ្យាស្ថានយោធាកម្ពុជា។ លុះដល់ខែវិច្ឆិកា ឆ្នាំ២០០៦ វិទ្យាស្ថាននេះ ត្រូវបានប្តូរឈ្មោះ និងដំឡើងកម្រិតជា “សាកលវិទ្យាល័យការពារជាតិ” ដោយដាក់ឱ្យចំណុះក្រសួងការពារជាតិ។

សាកលវិទ្យាល័យការពារជាតិ មាន ៦មហាវិទ្យាល័យ ៣មជ្ឈមណ្ឌល ១សេនាធិការហ្វឹកហ្វឺន និង ៩ការិយាល័យចំណុះ ដែលមានមហាវិទ្យាល័យការពារជាតិ មហាវិទ្យាល័យបញ្ជាការសេនាធិការ មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងភាសា មហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា មហាវិទ្យាល័យពត៌មានវិទ្យា មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា មជ្ឈមណ្ឌលបណ្ដុះបណ្តាលក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលកិច្ចការ សាស្ត្រាចារ្យ យោធាចារ្យ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ឯកសារ និងបណ្ណាល័យ ១សេនាធិការហ្វឹកហ្វឺន និង៩ការិយាល័យចំណុះសាកលវិទ្យាល័យការពារជាតិ។

ក្នុងឆ្នាំសិក្សា២០២៤នេះ សាកលវិទ្យាល័យការពារជាតិនឹងដំណើរការបើកវគ្គសិក្សាចំនួន ១៧វគ្គ។ ក្នុងនោះវគ្គថ្មីចំនួន ១១វគ្គ មាននិស្សិតស្មើនឹង ៦១៣នាក់ និងវគ្គបន្តចំនួន ៦វគ្គ មាននិស្សិតស្មើនឹង ៤៩១នាក់ ដែលមាននិស្សិតជាតិ និងអន្តរជាតិសរុបទាំងអស់ ចំនួន ១ ១០៤នាក់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ