ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាពផ្តល់ប្រាក់ឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់នគរបាល និងយោធិនជានារី
រាជរដ្ឋាភិបាល នឹងពង្រីកវិសាលភាពកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់នគរបាល និងយោធិនជានារី ដើម្បីចូលរួមលើកស្ទួយដល់ជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរ។

ការពង្រីកវិសាលភាពកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់នគរបាល និងយោធិនជានារី ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី ១៨ មេសា រវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយនឹង ប.ស.ស នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយផ្ទាល់របស់ លោក យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
បើតាមលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាងលោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការពង្រីកវិសាលភាព នៃកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់នគរបាល និងយោធិនជានារី ត្រូវបានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បើកកិច្ចប្រជុំពិភាក្សាម្តងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ហើយនៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំបន្តដើម្បីពិភាក្សាលម្អិត និងឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីធ្វើរបាយការណ៍គោរពឆ្លងថ្នាក់ដឹកនាំដើម្បីចាត់នីតិវិធីបន្ត។

លោកបណ្ឌិត បានបន្តថា កិច្ចប្រជុំដើម្បីពិភាក្សា និងផ្ដល់នូវធាតុចូលសំខាន់ៗ បន្ថែម ពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំរបស់ ប.ស.ស ដើម្បីឱ្យការពង្រីកវិសាលទៅដល់នគរបាល និងយោធិនជានារី ដែលជាបុគ្គលពុំទាន់មានចែងនៅក្នុងប្រកាសអន្តរក្រសួងលេខ ២៥២/២៣ កប/ប្រក, ប.ស.ស ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ស្ដីពីការអនុវត្តកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ (ពីរ) ឆ្នាំ មានប្រសិទ្ធភាព និងតម្លាភាព។
កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូន កម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបី ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។ ក្រោយពេលសម្រាលកូន កម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើកទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ