ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ អំពាវនាវពលករ ត្រូវជ្រើសរើសក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ ចៀសវាងចាញ់បោកមេខ្យល់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ១៩ មេសានេះ បានធ្វើការអំពាវនាវដល់ពលករ ត្រូវជ្រើសរើសក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់ មុនចេញទៅធ្វើការនៅក្រៅប្រទេស ដើម្បីចៀសវាងការចាញ់បោកពីសំណាក់មេខ្យល់ បង្កហានិភ័យ និងការរំលោភបំពាននានា។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរ ចំនួន ៧៨ នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយរាជរដ្ឋាភិបាលកំពុងរៀបចំសំបុត្រយន្តហោះឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ ក្រៅពីនេះ ក៏មានកាលពីថ្ងៃទី ១៨ មេសា សមត្ថកិច្ចបានស្ទាក់ចាប់ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ចំនួន ៣០០ នាក់ ក្នុងនោះ ស្រី ១៥៤ នាក់ កុមារ ២៦ នាក់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ។
លោក កត្តា អ៊ន បានអំពាវនាវដល់ក្រុមហ៊ុនមានសិទ្ធិនាំពលករទៅធ្វើការនៅក្រៅប្រទេស ត្រូវគោរពបែបបទនីតិវិធីនាំ ឬបញ្ជូនពលករត្រឹមត្រូវស្របច្បាប់គោរពកិច្ចសន្យាការងារសម្រាប់ពលករ លក្ខខណ្ឌការងារ និងច្បាប់ការងារ និងធានាសុវត្ថិភាពដល់ពលករពេលធ្វើដំណើរ និងធ្វើការនៅក្រៅប្រទេស។
ជាមួយគ្នានេះដែរ លោក កត្តា អ៊ន ក៏បានអំពាវនាវដល់ពលករ ត្រូវជ្រើសរើសក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ចៀសវាងការចាញ់បោកមេខ្យល់ធ្វើដំណើរទៅក្រៅប្រទេសដោយខុសច្បាប់ បង្កហានិភ័យ និងការរំលោភបំពាននានាកើតឡើង ហើយក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងសូមសហការជាមួយក្រុមហ៊ុនជ្រើសរើសពលករ ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹម ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះរួមមាន ប្រទេសថៃ មានចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ សាធារណរដ្ឋកូរ៉េ មានចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ទទួលបានប្រាក់ខែ ១ ៥០០ ដុល្លារ ក្នុង ១ ខែ ប្រទេសជប៉ុន មានចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ទទួលបានប្រាក់ខែ ១ ៤០០ ដុល្លារ ក្នុង ១ ខែ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ក្នុង ១ ខែ ប្រទេសសិង្ហបុរី មានចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ ទទួលបានប្រាក់ខែ ៥០០ ដុល្លារ ក្នុង ១ ខែ តំបន់រដ្ឋបាលពិសេសហុងកុងមានចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ ទទួលបានប្រាក់ខែ ៥៩១ ដុល្លារ ក្នុង ១ ខែ និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមានចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ បានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យមមានប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា