ព័ត៌មានជាតិ
រដ្ឋាភិបាល គ្រោងចំណាយ ១៧០ លានដុល្លារ ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សម្ដេចបានចុះហត្ថលេខារួចហើយដោយគ្រោងចំណាយ ថវិកា ជាង ១៧០ លានដុល្លារ គឺដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ទូទាំងប្រទេស។ ការថ្លែងនេះ ធ្វើឡើងខណៈសម្ដេចធិបតី អញ្ជើញចូលរួម ពិធីសម្ពោធ “អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” ក្រោមអធិបតីភាព សម្តេចធិបតី និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អភិក្រមមួយ ក្នុងការពង្រឹងវិស័យសុខាភិបាលអណត្តិនេះ គឺការពង្រឹង ការផ្ដល់សេវាមូលដ្ឋាននៅតាម មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ ២ ៣ ដែលនេះមានន័យថា ការធ្វើស្របគ្នា ពង្រឹងពីក្រោមឡើងលើ ពីមណ្ឌលសុខភាពទៅពេទ្យបង្អែកស្រុក និងទំនើបកម្មសមត្ថភាព ពង្រីកពីលើចុះក្រោម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “នៅក្នុងកិច្ចការងារនេះ កាលពីថ្ងៃទី១៧ [មេសា ២០២៤] ៣ថ្ងៃមុននេះ ខ្ញុំបានចុះហត្ថលេខាផ្ដល់គោលការណ៍រួចទៅហើយ ទៅលើការអនុវត្តផែនការសកម្មភាពក្នុងការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ឆ្នាំ២០២៤-២០២៧ ថវិកា ជាង ១៧០ លានដុល្លារ គឺដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា គោលដៅធំ៤ ទី១ កែលម្អប្រសើរឡើងនូវគុណភាពផ្ដល់សេវាតមការរំពឹងទុករបស់ប្រជាជន។ ទី២ បង្កើនសមត្ថភាព ការសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ទី៣ បង្កើនលទ្ធភាពជួយប្រជាពលរដ្ឋ ពាក់ព័ន្ធជំងឺលើសឈាម ជំងឺទឹកនោមផ្អែក ពិសេសផ្ដោតលើប្រជាជនក្រីក្រ និងរងហានិភ័យ។ ទី៤ គោលដៅបង្កើនបុគ្គលិកតាមមណ្ឌលសុខភាព ដើម្បីអាចផ្ដល់សេវាឥតឈប់ ២៤ម៉ោងក្នុង ១ថ្ងៃ ៧ថ្ងៃ ក្នុង ១សប្ដាហ៍ ជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ហើយបំពាក់មធ្យោបាយបញ្ជូន តាមការបំពាក់រថយន្តសង្គ្រោះបន្ថែមទៀត ជាមធ្យបាយទប់ ឬសង្គ្រោះបឋមនៅនឹងកន្លែង។ …ខ្ញុំហ្វឹកហ្វឺនកងទ័ព ជំនាញសង្គ្រោះបឋមគឺសំខាន់ណាស់ ព្រោះបើមានរបួសនៅទីលានអី កន្លែងហ្នឹងហើយជាកន្លែងទប់ឈាមកុំឱ្យហូរ ព្រោះបើដឹកទៅពេទ្យ គឺឆ្ងាយ”។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាលដ៏សំខាន់ ដែលត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមរបស់បារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេលជិត ៤ឆ្នាំ។

មន្ទីរពេទ្យនេះ ត្រូវបានបើកដំណើរការឡើងវិញនៅក្រោយថ្ងៃរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលហេដ្ឋរចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារបម្រើដល់ការព្យាបាលត្រូវបានខូចខ្ទេចខ្ទីអស់។ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការជួយគាំទ្រពីប្រទេសជាមិត្ត និងអង្គការមនុស្សធម៌នានា មន្ទីរពេទ្យត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពខ្ពស់។

“អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត៕



-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម