ព័ត៌មានជាតិ
កម្ពុជា-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព
រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព។ ការឯកភាពនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត អាមីដា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP) ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ លោកស្រីបណ្ឌិត អាមីដា សាលសុីយ៉ាអាលីសចាបាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ:កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច ជាដើម។
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ក្នុងការជួយគាំទ្រដល់ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោលនយោបាយនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន។
ទន្ទឹមនោះ សម្តេចធិបតី បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និង គណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ទាំងអស់គ្នា។ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីបណ្ឌិតអំពីក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១០ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់